ការនាំចេញ​ទូរស័ព្ទ iPhone ពី​ប្រទេស​ឥណ្ឌា​មាន​ទំហំ​ទឹកប្រាក់​រហូតដល់ ១ ប៊ី​លាន​ដុល្លារ សម្រាប់​រយៈពេល ៥ ​ខែ គិត​ចាប់ពី​ខែមេសា​មក។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃ​អង្គារ ទី​ ៤ ខែ​តុលា ឆ្នាំ​​ ២០២២។ ទំហំ​នៃ​ការ​នាំចេញ​នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការដាក់​ចិត្ត​វិនិយោគ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ក្នុងប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ខណៈ​ក្រុង​ញូវដែលី​ជំរុញ​ការផលិត​ក្នុងស្រុក។

ប្រភព​ដដែល​បញ្ជាក់ថា ការនាំចេញ​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ភាគច្រើន​ត្រូវ​បាន​នាំចេញ​ទៅកាន់​ទ្វីបអឺរ៉ុប និង​តំបន់​មជ្ឈិមបូព៌ា។ តាម​គោលដៅ​ក្រុមហ៊ុន​គ្រោង​នាំចេញ​ផលិតផល ដែល​ផលិត​នៅ​ឥណ្ឌា​ក្នុង​រយៈពេល ១២​ ខែ ក្នុង​ទំហំ​ទឹកប្រាក់ ២,៥​ ប៊ី​លាន​ដុល្លារ ហើយ​នឹង​សម្រេចបាន នៅក្នុង​ខែមីនា ឆ្នាំ​ ២០២៣។ ប្រសិនបើ​ទំហំ​នៃ​ការនាំចេញ​សម្រេច​ដូច​ការ​គ្រោងទុក នោះ​ទំហំ​នេះ​កើន​ទ្វេដង​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​ ២០២២។

ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Apple បាន​ចាប់​ផ្តើម​ផលិត​ទូរស័ព្ទ​ម៉ូដែល iPhone 13 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាល​ពី​ដើម​ឆ្នាំ​ ២០២២ កន្លងទៅ។ ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា នឹង​បន្ត​ផែនការ​របស់​ខ្លួន ក្នុង​ការផលិត iPhone 14 ក្នុង​ប្រទេស​ឥណ្ឌា។ ចំពោះ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ វា​មិនមែន​ជា​រឿង​ថ្មី​ទេ ដោយ​កន្លង​មក Apple ក៏​ធ្លាប់បាន​ផលិត​ទូរស័ព្ទ iPhone នៅក្នុង​ប្រទេស​ឥណ្ឌា​ដែរ។


ការប្រកាស​បន្ត​ផលិត​ទូរស័ព្ទ iPhone 14 នៅ​ប្រទេស​ឥណ្ឌា ធ្វើ​ឡើង​តែ ៣​ សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​មួយ​នេះ ប្រកាស​ចេញ​ទូរស័ព្ទ​ជំនាន់​ចុងក្រោយ​របស់ខ្លួន។ ការណ៍​នេះ​ត្រូវបាន​គេ​ចាត់ទុក​ថា ជា​ចំណុច​ឈ្នះ​របស់​ប្រទេស​ឥណ្ឌា ខណៈ​ប្រទេស​នេះ កំពុងតែ​ប៉ុនប៉ង​ចាប់យក​ចំណែក​ទីផ្សារ​ផ្គត់ផ្គង់​គ្រឿង​អេឡិច​ត្រូនិច សម្រាប់​ទីផ្សារ​ពិភពលោក។

សារព័ត៌មាន Bloomberg បាន​ឱ្យ​ដឹង​ថា ផលិតផល​ទូរស័ព្ទ iPhone ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា គិត​រហូតមកដល់​ចុងខែ​សីហា រួមមាន​ទូរស័ព្ទ iPhone11 iPhone12 និង iPhone13។


សេចក្តីរាយការណ៍​ខាងលើ បាន​កើត​ឡើង ខណៈពេល​ដែល​ក្រុមហ៊ុន Apple កំពុង​ស្វែងរក​ការផ្លាស់ប្តូរ​លើ​ផ្នែក​ខ្លះ​នៃ​ផលិត​កម្ម iPhone ពី​ប្រទេស​ចិន​ទៅកាន់​ទីផ្សារ​ផ្សេងទៀត។ ទីផ្សារ​ទាំងនោះ​ក៏​រួមមាន​ប្រទេស​ឥណ្ឌា​ដែរ។ ឥណ្ឌា​ដែលជា​ទីផ្សារ​ស្មាតហ្វូន​ធំ​បំផុត​ទី​២ នៅក្នុង​ពិភពលោក។ ក្រុមហ៊ុន​នេះ​ក៏​គ្រោង​នឹង​ដំឡើង iPad ក្នុង​ប្រទេស​ឥណ្ឌា​ផងដែរ។

ប្រទេស​ឥណ្ឌា ម៉ិកស៊ិក និង​វៀតណាមបាន​ក្លាយជា​ទីតាំង​សំខាន់​នៃ​រោងចក្រ ដែល​ផលិត​គ្រឿង​បង្គំ​សម្រាប់​ក្រុមហ៊ុន Apple អាមេរិក។ ក្រុមហ៊ុន​នេះ កំពុង​តែមាន​គោលដៅ​ធ្វើ​ពិពិធ​កម្ម​ផលិត​កម្ម​ពី​ប្រទេស​ចិន ក្រោយពី​ប្រទេស​នេះ រង​នូវ​ការបិទ​ខ្ទប់​ដោយ​កូវីដ​ ១៩ និង​ភាព​តានតឹង កើន​ឡើងជា​បន្តបន្ទាប់ រវាង​ក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង។

ក្រោយ​សេចក្តី​រាយការណ៍​នេះ ក្រុមហ៊ុន Apple មិន​បាន​ឆ្លើយតប​បែបណា​នៅឡើយ​ទេ ចំពោះ​សំណួរ​របស់​ទី​ភ្នាក់​ព័ត៌មាន Reuters៕