ការសិក្សាថ្មី​មួយបាន​ឱ្យដឹងថា​ គ្រោះរាំងស្ងួត​បាន​លាតសន្ធឹង​ពាសពេញ​ទ្វីបទាំង ៣​ នៅរដូវ​ក្តៅឆ្នាំនេះ​។ ​គ្រោះខ្សត់ភ្លៀង​នេះ​ បណ្ដាលឱ្យស្ងួត​ដីមួយផ្នែក​ធំ​នៃទ្វីបអឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​ប្រទេសចិន​។ ការសិក្សា​អះអាងថា ​ឆ្នាំនេះ​គ្រោះរាំង​ស្ងួត អាចនឹងកើន​ឡើងលើស​ពី​ធម្មតា​ប្រមាណ​ ២០​ ដង ដោយ​សារការប្រែ​ប្រួល​កាសធាតុ។

គ្រោះរាំងស្ងួត​ធ្វើឱ្យទន្លេធំៗ​គោករាក់​ឃើញតែ​ដីបែក​ក្រហែង​បំផ្លាញដំណាំ​បង្កជា​ភ្លើងឆេះព្រៃ គំរាមកំហែង​ដល់​ប្រភេទសត្វ​ក្នុងទឹក ​និងនាំឱ្យ​រដ្ឋមួយចំនួន​ចេញ​វិធានការ​រឹតបន្តឹង​ការ​ប្រើប្រាស់ទឹក។​ គ្រោះរាំងស្ងួត បាន​វាយប្រហារ​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រទេសលោកខាងលិច​ ដែលជា​ប្រទេសមានធ្លាប់​សីតុណ្ហភាព​ត្រជាក់។ ប្រទេសចិន ​ក៏ទើបតែមាន ​រដូវក្តៅ​ក៏ក្រៀ​មស្វិតបំផុត​ក្នុង​រយៈពេល ៦០​ឆ្នាំ បណ្ដាល​ឱ្យទន្លេយង់សេ​ (Yangtze )ដ៏​ល្បីល្បាញ​រួម​ទទឹងទឹក ​រហូត​សល់ត្រឹម​ពាក់កណ្ដាល​តូចជាង​ផ្ទៃ​ទន្លេ​ពេល​ធម្មតា។

អ្នកស្រាវជ្រាវ​មកពី ​World Weather Attribution ដែលជា​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពីជុំវិញ​ពិភពលោក​សិក្សាពី​ទំនាក់ទំនង​រវាងករណី​គ្រោះមហន្តរាយ​ធម្មជាតិ​ធ្ងន់ធ្ងរ ​និងការ​ប្រែប្រួលអាកាសធាតុបាន​និយាយថា គ្រោះរាំង​ស្ងួតប្រភេទនេះ​ នឹងកើតឡើង​ម្តងរៀង​រាល់ ​៤០០ ឆ្នាំម្តងនៅ​ទូទាំង​អឌ្ឍគោល​ខាងជើង ប្រសិនបើ​មិនមែន​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ដែល​បណ្តាលមក​ពីមនុស្ស​នោះទេ​។ ឥឡូវនេះ​ ពួកគេរំពឹងថា​លក្ខខណ្ឌ​ទាំងនេះ ​ឬ គ្រោះរាំង​ស្ងួតនេះ ​នឹងកើតឡើង​ម្តងទៀត​រៀ​រាល់ ២០ ឆ្នាំម្តង ដោយហេតុថា​អាកាសធាតុ​បានឡើង​កម្តៅ​ក្ដៅខ្លាំង។


លោក Maarten van Aalst អ្នកវិទ្យាសាស្ត្រ​អាកាស​ធាតុនៅ​សាកលវិទ្យាល័យ​ Columbia និងជា​សហអ្នកនិពន្ធ​នៃការ​សិក្សាស្រាវជ្រាវ​បាន​បង្ហាញថា ពិភពលោក​ នឹងជួប​គ្រោះមហន្តរាយ​បរិស្ថាន​គ្រោះ រាំងស្ងួត​ដែល​រីករាលដាល ​និង​បន្ទាប់មក​នឹងមាន​ទឹកជំនន់ដ៏​ធំដូចយ៉ាង​ទឹកជន់​នៅប្រទេស​ប៉ាគីស្ថាន ជាដើមនោះ ​គឺជា ​«អត្តសញ្ញាណ​នៃ​ការប្រែប្រួល​អាកាសធាតុ»។

លោកមាន​ប្រសាសន៍ថា​៖ «វាមាន​ផលប៉ះពាល់​គឺប្រាកដ​ណាស់ចំពោះ​ប្រជាជន ហើយមិន​ត្រឹមតែ​សង្កត់ក​រាស្ត្រនៅ​ក្នុង​ប្រទេសក្រីក្រ ​ដូចជា​ប្រទេស​ប៉ាគីស្ថាន​ដែលកំពុង​លិចទឹក​នោះទេ… ប៉ុន្តែក៏នឹង​កើតមាននៅ​ក្នុងតំបន់​ដែល​ពលរដ្ឋមាន​ជីវភាព​ធូរធារ​បំផុតមួយចំនួន​នៃ​ពិភពលោក ដូចជាភាគ​កណ្ដាល​នៃអឺរ៉ុប​ខាងលិច​ផងដែរ​»។


ដើម្បី​ស្វែងយល់ពី​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​លើការ​ស្ងួតនៅ​អឌ្ឍគោល​ខាងជើង អ្នកវិទ្យា​សាស្ត្រ​បាន​វិភាគទិន្នន័យ​អាកាសធាតុ​ការវិភាគ​លើ​ទិន្នន័យ​តាម​កុំព្យូទ័រ ​និង​សំណើមដី​នៅទូទាំង​តំបន់ ដោយមិន​រាប់បញ្ចូល​តំបន់ត្រូពិច។​ ពួកគេ​ បាន​រក​ឃើញ​ថា ការ​ប្រែប្រួល​អាកាសធាតុ​ បាន​ធ្វើឱ្យផ្ទៃ​ដីកាន់តែ​ស្ងួតខ្លាំង ​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។​ ការវិភាគនេះ​ ក៏​ផ្អែកលើការ​ឡើងកម្តៅ​ផែនដី​ផងដែរ​។

លោក Dominik Schumacher អ្នកវិទ្យាសាស្ត្រ​អាកាសធាតុ​នៅ​សាកល​វិទ្យាល័យ ​ETH Zurich នៅប្រទេស​ស្វ៊ិស​ បាន​និយាយថា ​ការកើនឡើង​សីតុណ្ហភាព​ 0,៨ អង្សាសេ ​និងគ្រោះរាំងស្ងួត​ប្រភេទនេះ​នឹងកើត​ឡើង​ម្តងរៀងរាល់ ១០ ឆ្នាំ​ម្តងនៅ​ភាគកណ្ដាល​នៃ​តំបន់អឺរ៉ុប​ខាងលិច និងជារៀង​រាល់ឆ្នាំនៅ​ទូទាំង​អឌ្ឍគោល​ខាងជើង​។

លោក van Aalst បាន​និយាយថា​៖ «វិធីមួយ​ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​ទាំងនោះ ​(គឺ) ដើម្បីកាត់​បន្ថយការ​បំភាយ​ឧស្ម័ន​»៕