ការ​ប្រែ​ប្រួល​អាកាសធាតុ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស បាន​ធ្វើ​ឱ្យ​មាន​រដូវ​ក្ដៅ​នៅ​អឺរ៉ុប អាមេរិក​ខាង​ជើង និង​ចិន ជួប​ប្រទះ​ភាព​រាំង​ស្ងួត​និង​ក្ដៅ​ហួត​ហែង​ជាង​មុន​យ៉ាង​ហោច​ណាស់​ ២០​ ដង បើ​ធៀប​នឹង​ជាង​មួយ​សតវត្សរ៍​មុន​។ នេះ​បើ​តាម​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ នៅ​ក្នុង​ការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​ ៥ ខែ​តុលា​។ ការ​សិក្សា​ថ្មីនេះ បាន​លើក​ឡើង​​ពី​ភ័ស្តុតាង​ចុង​ក្រោយ​មួយ​ចំនួនបង្ហាញ​ថា ចំហេះ​ប្រេង​ឥន្ធនៈ​ហ្វូស៊ីល​ កំពុង​តែ​​ផ្ដល់​ផល​រំខាន​ដល់​ផលិតកម្ម​អាហារ និង​ការ​ផ្គត់ផ្គង់ទឹក​ព្រម​ទាំង​អគ្គិសនី​នៅ​ទូទាំង​ពិភពលោក​។

កត្តាដែល​បណ្ដាលឱ្យ​អឌ្ឍគោលភាគ​ខាងជើង​ជួបភាពរាំងស្ងួតខ្លាំង ​បើតាមការ​រកឃើញ​របស់អ្នក​វិទ្យាសាស្ត្រ គឺកើតឡើង​ដោយសារ​តែការ​បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ច្រើន។ ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បញ្ចេញ ទៅក្នុង​បរិយាកាស ជុំវិញផែនដី​បានទប់​កម្ដៅព្រះអាទិត្យ​មួយផ្នែកមិន​ឱ្យភាយចេញ​ទៅក្នុង​បរិយាកាស​វិញឡើយ ដែលជាហេតុ​មួយ​ចំណែក​បណ្ដាលឱ្យ​ផែនដី​ឡើងកម្ដៅ​។

លោក ​Maarten van Aalst នាយក​មជ្ឈមណ្ឌល​អាកាសធាតុ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​សិក្សា​ថ្មី​នេះ គូស​បញ្ជាក់​ថា៖ «តាម​រយៈ​ការ​លទ្ធផល​នៃការ​សិក្សា​បែប​វិទ្យាសាស្ត្រ​យើង​កំពុង​តែ​ឃើញ​កាន់​តែ​ប្រចក្ស​អំពី​សក្ខីកម្ម​នៃការ​ប្រែប្រួល​អាកាសធាតុ។ ការ​ប្រែប្រួលអាកាសធាតុ​ដែល​កំពុង​តែ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​មនុស្ស​ ក្នុង​នោះ​មាន​ដូច​ជា ធាតុ​អាកាស​ក្ដៅនិង​ស្ងួត​​កាន់​តែ​ខ្លាំង​ឡើង​នៃ​រដូវ​ក្ដៅ ដែលបាន​បំផ្លិចបំផ្លាញ​កសិផល ធ្វើ​ឱ្យផ្លូវ​ទឹក​​សម្រាប់​ដឹក​ទំនិញ​​ត្រូវ​រាំង​ស្ងួត និង​បង្អាក់​ដំណើរការ​នៃ​ទំនប់​វារីអគ្គិសនី​។ ការណ៍​នេះ កំពុង​តែ​គំរាម​កំហែង​ដល់​សន្តិសុខនិង​តម្លៃ​​ស្បៀង​អាហារ​ព្រម​ទាំង​ថាមពល ដែល​បាន​ឡើង​ថ្លៃ​រួច​ទៅ​ហើយ​ដោយ​សារ​តែ​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​»។


កំណត់ត្រា​នៃ​ធាតុ​អាកាស​ក្ដៅ​ខ្លាំង ចាប់​ផ្ដើម​នៅ​អឺរ៉ុប​ក្នុង​ខែ​ឧសភា។ ដង​ទន្លេ​នានា​ត្រូវ​រាំង​ស្ងួត ភ្លើង​ឆេះ​ព្រៃ​កើត​ឡើង​ញឹកញាប់​​និង​អូស​បន្លាយ​រយៈ​ពេល​កាន់​តែ​យូរ​ឡើង​ៗ​។ ការ​ឡើង​កម្ដៅ​ខ្លាំង​នេះ ទំនង​ជា​ដើម​ហេតុ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ១១ ០០០ នាក់​ស្លាប់ ​នៅ​ក្នុង​ប្រទេស​បារាំង និង ​៨ ០០០ នាក់​ នៅ​ប្រទេស​អាល្លឺម៉ង់​។ នៅ​សហភាព​អឺរ៉ុប​ទាំង​មូល គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​រដូវ​ក្ដៅ​កន្លង​ទៅ បាន​ដុត​បំផ្លាញ​ផ្ទៃ​ដី​ក្នុង​ទំហំ​ធំ​ជាង​មុន​ដល់​ទៅ​២​ដង បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ ១៥ ​ឆ្នាំ​មុន​។

នៅ​ទ្វីប​អាស៊ី​ឯ​ណេះ​វិញ ប្រទេស​ចិន​ ត្រូវ​រង​គ្រោះ​ដោយ​សារ​ធាតុអាកាស​ក្ដៅ​បំផុត​មិនធ្លាប់​មាន រាប់​ចាប់​ពី​ឆ្នាំ​ ១៩៦១​ មក​។ នេះ​បើ​តាម​អាជ្ញាធរ​ឧតុនិយម​របស់​ចិន ដែល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ធាតុអាកាស​ក្ដៅ​និង​ស្ងួត​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ បាន​កាត់​បន្ថយ​ផលិតភាព​នៃ​វារី​អគ្គិសនី នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស ដែល​ជា​តំបន់​ឧស្សាហ កម្ម​ដ៏​សំខាន់​មួយ​របស់​ចិន​។ ដើម្បី​បំពេញ​ថាមពល​ដែល​ខ្វះ​ខាត​សម្រាប់​រោងចក្រ​ផលិត​រថយន្ត ​និង​គ្រឿង​អេឡិច ត្រូនិក​នៅ​តំបន់​នោះ ចិន​បាន​បង្កើន​ការ​ជីក​និង​ដុត​ធ្យូង​ថ្ម​ដែល​ជះ​ផល​អាក្រក់​បន្ថែម​ទៀត​ទៅ​ដល់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។


បើ​តាម​ទិន្នន័យ​ផ្ដល់​ឱ្យ​ដោយ​អ្នក​វិទ្យាសាស្ត្រ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​ ២០២២ ការ​ប្រែប្រួល​អាកាសធាតុក៏ជាដើម​ហេតុ​មួយដែល​ធ្វើ​ឱ្យ​ប៉ាគីស្ថាន​ ជួប​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​។ ទឹកជំនន់​នៅ​ប៉ាគីស្ថាន កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​សម្លាប់​មនុស្ស​អស់​ជាង ១ ៦០០ ​នាក់ និង​បាន​ពន្លិច​ផ្ទះ​សំបែង​​ចំនួន​ជាង ​២ ​លាន​ខ្នង ព្រម​ទាំង​បាន​បំផ្លិច​បំផ្លាញ​ដី​ធ្វើ​កសិកម្ម​ក្នុង​ទំហំ​យ៉ាង​ច្រើន​ផង​ដែរ​៕