ជា​លើក​ដំបូង ក្នុង​រយៈពេល ២០ ​ឆ្នាំ​ចុងក្រោយ អ្នក​អវកាស​រុស្ស៊ី ​បាន​ជិះ​យាន​អវកាស ដែល​បាញ់​ចេញពី​ទឹកដី​សហ​រដ្ឋ​អាមេរិក ឆ្ពោះទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ។ តាមរយៈ​យានអវកាស ដែល​បាញ់ កាលពី​ថ្ងៃ​ពុធ ទី​ ៥ ខែ​តុលា ក៏​មានដែរ​អវកាស​យានិក​របស់ NASA និង​អវកាស​យានិក​ជប៉ុន។

អ្នកស្រី Anna Kikina អវកាសយា​និក​ស្រី​តែ​ម្នាក់​គត់​របស់​រុស្ស៊ី បាន​ថ្លែង​អំណរគុណ​ជា​ភាសា​អង់គ្លេស និង​រុស្ស៊ី​ថា យើង​រីករាយ​ណាស់ ដែល​បាន​ធ្វើ​វា​ជាមួយគ្នា។ អ្នកស្រី​ គឺ​ជា​អវកាស​យានិក ដែល​ស្ថិត​ក្នុងចំណោម​អ្នក​ចំណូល​ថ្មី​ទាំង ៣​នាក់។ ក្រុម​អវកាសយានិក ៣​នាក់​ទៀត គឺ​អ្នកស្រី Nicole Mann ជា​ស្ត្រី​ដើម​កំណើត​អាមេរិក​ដំបូង​គេ ដែល​នឹងធ្វើ​ដំណើរ​ជុំវិញ​ភព​ផែនដី និង​លោក Josh Cassada។ ចំណែក​ពី​ទីភ្នាក់ងារ​អវកាស​ជប៉ុន​វិញ មាន​លោកKoichi Wakata ដែល​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​ជា​លើក​ទី​៥។

បើតាម​ការគ្រោង​ទុក អ្នក​អវកាស​ទាំង​ ៤ នឹង​ទៅ​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៦ ខែ​តុលា ពោល​គឺ​មាន​រយៈពេល ២៩​ ម៉ោង បន្ទាប់ពី​ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស Kennedy របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA។ តាមរយៈ​បេសកកម្ម​នេះ ពួកគេ​នឹង​ចូលទៅ​ជំនួស​អវកាស​យានិក​អាមេរិក-អ៊ីតាលី ដែល​មកដល់ កាលពី​ខែមេសា ហើយ​ពួកគេ​នឹង​ត្រឡប់មក​ផែនដី​វិញ ក្នុង​ខែមីនា ឆ្នាំ​ ២០២៣។


ការបាញ់​បង្ហោះ​យាន​របស់​ក្រុមហ៊ុន SpaceX ក្នុង​បេសកកម្ម​នេះ ត្រូវ​បាន​ពន្យារ​ពេល​ម្តង​មកហើយ ដោយសារ​ព្យុះ Hurricane Ian កាលពី​សប្តាហ៍​មុន។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ពុធ ទី​៥ ខែ​តុលា អាកាសធាតុ​អំណោយ​ផល​ល្អ សម្រាប់​គ្រាប់​រ៉ុកែត Falcon ដែល​បញ្ជូន​យាន​ឆ្ពោះ​ទៅកាន់​លំហរ​អាកាស។

ជាការ​ពិត​វត្តមាន​របស់​អ្នកស្រី Kikina អ្នក​អវកាស​រុស្ស៊ី​ក្នុង​បេសកកម្ម​នេះ គឺជា​ការផ្លាស់ប្តូរ រវាង​ទី​ភ្នាក់ងារ​អវកាស​រុស្ស៊ី និង​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA នៅក្រោយ​ពេល​អវកាស​យានិក​អាមេរិក លោក Frank Rubio ហោះ​តាម​យាន Soyuz របស់​រុស្ស៊ី​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ កាលពី ២​ សប្តាហ៍​មុន ក្នុង​ទឹកដី​កាហ្សាក់ស្ថាន។


ទីភ្នាក់ងារ​អវកាស​នៃ​ប្រទេស​ទាំង​ ២ បាន​ព្រមព្រៀងគ្នា កាលពី​រដូវក្តៅ​កន្លងទៅ ក្នុង​ផ្លាស់ប្តូរ​កៅអី សម្រាប់​អ្នក​អវ កាស ដើម្បី​ធានាបាន​នូវ​វត្តមាន​របស់​ជនជាតិ​អាមេរិក និង​រុស្ស៊ី​នៅលើ​ស្ថានីយ​អវកាស​អន្តរ​ជាតិ ដែលមាន​កម្ពស់​ជាង ៤២០ ​គីឡូម៉ែត្រ​ពី​ផែនដី។ បើទោះ​ជា​មាន​ភាព​តានតឹង រវាង​ប្រទេស​ទាំង ២ ជុំវិញ​ការលុកលុយ​​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ក្តី ប៉ុន្តែ​ការដោះដូរ​នេះ នៅតែ​ត្រូវ​បាន​ធ្វើឡើង។ ទីភ្នាក់ងារ​អវកាស​ទាំង ​២ ក៏​នឹងមាន​ការ​ផ្លាស់ប្តូរ​បែបនេះ​ម្តងទៀត នៅ​និទាឃ​រដូវ​ខាងមុខ។

អ្នកគ្រប់គ្រង​ទីភ្នាក់ងារ​អវកាស​អាមេរិក​លោក Bill Nelson បាន​ថ្លែងថា ហេតុផល​សំខាន់ ក្នុងការ​ប្តូរ​កន្លែង​អង្គុយ រវាង​អវកាសយានិក​នៃ​ប្រទេស​ទាំង ​២ គឺ​ដើម្បី​សុវត្ថិភាព។ សុវត្ថិភាព​នៅត្រង់​ថា ក្នុងករណី​មាន​អាសន្ន ដែល​បង្ខំ​ឱ្យ​យាន​មួយ មិនអាច​ហោះ​បាន​នោះ គេ​សល់​យាន ១ ​ទៀត ដែល​មាន​វត្តមាន​អវកាស​យានិក​អាមេរិក និង​រុស្ស៊ី​នៅ​ទីនោះ។

ក្នុង​កាលៈទេសៈ​នេះ រុស្ស៊ី​នៅតែ​បន្ត​ការប្តេជ្ញា​ចិត្ត​របស់ខ្លួន ដើម្បី​បេសកកម្ម​នៅ​ស្ថានីយ​អវកាស រហូតដល់​ឆ្នាំ​ ២០២៤។

នេះ​បើតាម​បញ្ជាក់​ពី​មន្ត្រី​អវកាស​រុស្ស៊ី​លោក Sergei Krikalev ដែល​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ការបាញ់​បង្ហោះ​យាន​អវកាស។ រុស្សី​បាន​បង្ហាញ​ពី​បំណង​សាងសង់​ស្ថានីយ​អវកាស​របស់ខ្លួន នៅ​ចុង​ទសវត្សរ៍​នេះ ប៉ុន្តែ​លោក Sergei Krikalev បាន​បញ្ជាក់​ថា ការសាងសង់ គឺ​ត្រូវការ​ពេលវេលា ដូច្នេះ​វា​សម​ហេតុផល ក្នុង​ការបន្ត​សហការ​ជាមួយ NASA៕