ក្រុម​អ្នក​ជ្រមុជ​ទឹក​រុស្ស៊ី​នៅ​ថ្ងៃអាទិត្យ ទី​ ០៩ ខែតុលា ឆ្នាំ​ ២០២២ ​នេះ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន ជ្រមុជ​ទឹក​ចុះទៅ​ពិនិត្យមើល​ការខូចខាត​ដ៏ខ្លាំងក្លា​នៃ​ស្ពាន​គ្រីមេ​។ ស្ពាន​គ្រីមេ ដែលជា​និមិត្តសញ្ញា​ដ៏រឹងមាំ​នៃ​ការតភ្ជាប់​គ្នា​រវាង​គ្រី​មេ​ និង​រុស្ស៊ី និង​ជា​ផ្លូវ​ផ្គត់ផ្គង់​ដ៏សំខាន់​ដល់​កងកម្លាំង​រុស្ស៊ី​ ដែល​កំពុង​ប្រយុទ្ធ​នៅ​ភាគ​ខាងត្បូង​អ៊ុយក្រែន ត្រូវ​រង​ការ​បំផ្ទុះ​បំផ្លាញ​កាលពី​ថ្ងៃ​សៅរ៍ ទី​ ០៨ ខែតុលា​។

ទីភ្នាក់ងារ​សារព័ត៌មាន​នៅក្នុង​ស្រុក​របស់​រុស្ស៊ី​បាន​ស្រង់​សម្ដី​ឧបនាយករដ្ឋមន្ដ្រី​រុស្ស៊ី លោក Marat Khusnullin ថា ក្រុម​អ្នក​ជ្រមុជ​ទឹក​នឹង​ជ្រមុជ​ចុះទៅ​ពិនិត្យ​ការខូចខាត​របស់​ស្ពាន​គ្រីមេ​ពេញ​មួយថ្ងៃ​អាទិត្យ​នេះ​តែ​ម្ដង ហើយ​ប្រតិបត្តិការ​ក្រោម​ទឹក​នេះ ធ្វើឡើង​ទន្ទឹម​គ្នា​នឹង​ការត្រួតពិនិត្យ​ស្ថានភាព​ស្ពាន​នៅលើ​ខ្សែទឹក​ដែរ​។

លោក Sergei Aksyonov ទេសាភិបាល​រុស្ស៊ី​ប្រចាំ​នៅ​តំបន់​គ្រីមេ បាន​ថ្លែងប្រាប់​អ្នកយក​ព័ត៌មាន​ថា​៖ «​សភាពការណ៍​ស្ថិត​នៅក្នុង​ស្ថានភាព​អាច​គ្រប់គ្រង​បាន​»​។ ការ​បំផ្ទុះ​ស្ពាន​គ្រីមេ​នេះ បើតាម​លោក លោក Sergei Aksyonov វា​បាន​ជា​រឿង​អាក្រក់ ប៉ុន្តែ​ជា​លេស​ល្អ​សម្រាប់​ការសង​សឹក​ត្រឡប់​ទៅវិញ​»​។


ជាការ​កត់សម្គាល់ ចាប់តាំងពី​មាន​ហេតុការណ៍​បំផ្ទុះ​ស្ពាន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ៨ ខែតុលា នៅ​មិនទាន់​មាន​នរណា ភាគី​ណា ឬ​ប្រទេស​ណា​ចេញ​មុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ​។ ប៉ុន្តែ​ហេតុការណ៍​នេះ ត្រូវ​បាន​អបអរសាទរ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រធានាធិបតី​អ៊ុយក្រែន លោក វ្លូឌីមៀ ហ្សាឡេនស្គី ព្រោះ​វា​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ខួបកំណើត​ចម្រើន​វ័យ​ ៧០ ​ឆ្នាំ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន​។

របាយការណ៍​ពី​អាជ្ញាធរ​រុស្ស៊ី​ឱ្យ​ដឹងថា មាន​មនុស្ស​យ៉ាង​ហោចណាស់​ ៣ ​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​បំផ្ទុះ​ស្ពាន​គ្រី​មេនេះ​។ កម្លាំង​បំផ្ទុះ​នេះ បាន​រាលដាល​ទៅដល់​ស៊ីទែន​ដឹក​ប្រេង​នៅលើ​ស្ពាន​រទេះភ្លើង​ក្បែរ​នោះ បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​ស៊ីទែន​ដឹក​ប្រេង​ចំនួន​ ៧៕


វីដេអូ៖