ទូរទស្សន៍ CNN នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២២ បានសុំទោសជាសាធារណៈចំពោះការចុះយក និងផ្សព្វផ្សាយព័ត៌មានពីក្នុងតំបន់ហាមឃាត់ ឬទីតាំងឧក្រិដ្ឋកម្មនៅបរិវេណទារកដ្ឋានថៃ Nong Bua Lamphu ជាកន្លែងដែលឃាតករវ័យ ៣៤ ឆ្នាំម្នាក់បានបើកការវាយប្រហារដោយកាំភ្លើង និងកាំបិតសម្លាប់មនុស្ស ៣៦ នាក់ក្នុងនោះមានកុមារតូចៗចំនួន ២៤ នាក់ផងថ្មីៗនេះ។
ការចេញមុខទទួលកំហុសអ្នកកាសែត ២ រូប និងអ្នកគ្រប់គ្រងទូរទស្សន៍ CNN គឺបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីក្រុមប្រជាពលរដ្ឋ និងអ្នកធ្វើការប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ ថាជាការរំលោភលើក្រមសីលធម៌អ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។
ក្នុងសេចក្តីថ្លែងការណ អនុប្រធានប្រតិបត្តិរបស់ទូរទស្សន៍ CNN លោក Mike McCarthy ថាគេមានការសោកស្តាយចំពោះការដើរហួសបន្ទាត់បង្កឡើងដោយការចុះយកព័ត៌មានរបស់ខ្លួន និងបន្តថា ទូរទស្សន៍ CNN សម្រេចបញ្ឈប់ការផ្សាយរូបភាព និងវីដេអូនោះហើយក៏បានលុបចេញអស់ពីវេបសាយផងដែរ។
តាមការស៊ើបអង្កេតរបស់អាជ្ញាធរថៃ ក្រុមអ្នកសារព័ត៌មាន CNN ពុំបានដឹងទេថា មន្ត្រីសុខាភិបាលដែលផ្តល់ការអនុញ្ញាតឱ្យគេចូលយកព័ត៌មានកន្លែងហាមឃាត់ ឬទីតាំងឧក្រិដ្ឋកម្មនោះ គ្មានសិទ្ធិអំណាចសម្រេចថាអាចចូលឬមិនអាចចូលបានឡើយ។
ក្នុងសេចក្តីថ្លែងការណ៍របស់ទូរទស្សន៍ CNN លើកឡើងថា ក្រុមអ្នកសារព័ត៌មានទាំង ២ នាក់របស់ខ្លួន គ្មានចេទនាបំពានច្បាប់ណាមួយរបស់ប្រទេសថៃឡើយ ព្រោះពួកគេពុំបានដឹងថាអ្នកអនុញ្ញាតឱ្យ គេចូលទៅកន្លែងកើតហេតុនោះគ្មានសិទ្ធិអំណាចអនុញ្ញាត។
គួរដឹងថា CNN ធ្លាប់បានការពារសកម្មភាពរបស់សហការីខ្លួនថាបានទទួលការអនុញ្ញាតពីមន្ត្រីសុខាភិបាលសាធារណៈថៃ ឱ្យចូលទៅក្នុងកន្លែងឧក្រិដ្ឋកម្ម។ ទូរទស្សន៍ CNN បានអះអាងថា ក្រុមការងាររបស់ខ្លួនបានថតនៅទីនោះ រួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងអំឡុងពេលដែលរនាំងការពារទីតាំងឧក្រិដ្ឋកម្មរបស់ត្រូវបានដកចេញ។
មិនត្រឹមតែការអនុវត្តខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះទេ តាមលោកអគ្គស្នងការនគរបាលជាតិថៃ លោក SurachatHakparn ក្រុមអ្នកសារព័ត៌មាន CNN ទាំង ២ នាក់នោះត្រូវរងទោសទណ្ឌដោយសារការប្រើប្រាស់ទិដ្ឋាការទេសចរណ៍ចូលប្រទេសថៃ តែបែរជាមកបំពេញបេសកកម្មការងារចូលយកព័ត៌មាននៅទារកដ្ឋាន Nong Bua Lamphu នោះទៅវិញ។អ្នកសារព័ត៌មានទាំង ២ ត្រូវបង់ប្រាក់ផាកពិន័យម្នាក់ចំនួន ៥០០០ បាត ឬ ១៣៣ ដុល្លារនិងត្រូវចាកចេញពីប្រទេសថៃ។
គួរជម្រាបថា នៅក្រោយចេញវីដេអូនិងរូបភាពនៅខាងក្នុងមជ្ឈមណ្ឌលរយៈពេលប្រហែល ១៥ នាទីនោះ ប្រជាពលរដ្ឋ និងអ្នកធ្វើការងារប្រព័ន្ធផ្សព្វផ្សាយបានចេញមុខប្រតិកម្មយ៉ាងខ្លាំង។ ក្លិបអ្នកកាសែតបរទេសនៃប្រទេសថៃ (FCCT) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការចុះផ្សាយរបស់ CNN នោះថាជា «គ្មានវិជ្ជាជីវៈ និងជាការបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌អ្នកសារព័ត៌មាន»។
ការសម្លាប់រង្គាលដ៏ឃោរឃៅបំផុតមួយរបស់ប្រទេសថៃក្នុងឆ្នាំ ២០២២ នេះ បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយ៉ាងខ្លាំងទៅកាន់ទីក្រុងតូច ១ នៃខេត្ត UthaiSawan នៅភាគឦសាន។ គិតត្រឹមថ្ងៃអាទិត្យទី ៩ ខែតុលា ឆ្នាំ២០២២ គឺនៅតែមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបន្តរាយការណ៍ពីកន្លែងកើតហេតុនៅឡើយ៕