ទីផ្សារ​រថយន្ត​អគ្គិសនី​របស់​វៀតណាម​នឹង​កាន់តែគួរឱ្យ​ចាប់​អារម្មណ៍​ និង​ទាក់ទាញ​ជាង​មុន​បន្ទាប់ពី​អ្នក​ប្រើប្រាស់​ក្នុងប្រទេសនេះ​ងាកត្រឡប់​មករកទីផ្សារ​រថយន្ត​បែបនេះ។​ នេះបើតាម​ការ​លើក​ឡើងរបស់​អ្នកជំនាញ និងត្រូវ​បានចុះផ្សាយ​ដោយសារ​ព័ត៌មាន​វៀតណាមនៅ​ថ្ងៃទី ៨ ​ខែតុលា។ ​ចំពោះទីផ្សារ​រថយន្ត​វៀតណាម​ជាច្រើន​ឆ្នាំមកហើយ បាន​បដិសេធ​ចំពោះ​ប្រភេទ​រថយន្ត​កូនកាត់​ និង​រថយន្ត​អគ្គិសនី​។

អ្នកជំនាញ​ជឿជាក់ថា​ប្រជាជន​វៀតណាម​បានបើកបេះ​ដូងម្តងបន្តិចៗ​ លើ​ប្រភេទរថយន្ត​អគ្គិសនី។ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​ នៅពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ចរាចរណ៍ ​និងស្ថានីយ​សាករថយន្ត​អេឡិចត្រូនិក​មាន​ទូលំទូលាយ នោះយាន​យន្តអគ្គិសនីនឹ​ងត្រូវ​បានជ្រើសរើស​ដោយ​អ្នកប្រើប្រាស់​ក្នុងស្រុក​។

ប្រជាជនវៀតណាម​ដែលមាន​ចំណូលមធ្យម​កំពុង​តែមាន​ចំនួន​កើនឡើង ​ហើយពួកគេ​ភាគច្រើន​រស់នៅ​ក្នុងទីក្រុង ចំណែកឯ​រថយន្តអេឡិចត្រូនិក​បាន​បំពេញ​តាមលក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ទីក្រុងឆ្លាតវៃ ​(Smart Cities)។ ការណ៍នេះ​បានធ្វើឱ្យ​ ប្រជាជន​ផ្លាស់ប្តូរ​ទៅរក​ប្រភេទ​រថយន្ត​អគ្គិសនី។ ​រថយន្ត​អគ្គិសនី ដែលជួយ​កាត់បន្ថយ​ផលប៉ះពាល់​មកលើ​បរិស្ថាន​។


យោងតាម​អ្នកជំនាញ ​ភាព​ចម្រុះនៃ​ទីផ្សារ​រថយន្តអគ្គិសនី​នៅក្នុង​ប្រទេសនេះ បានផ្តើម​វិវឌ្ឍន៍​គួរឱ្យ​ កត់ស្គាល់ជា​​មួយនឹង​ប្រភេទ​រថយន្ត​ ដែលពេញ​និយមខ្លាំង ​ដល់​ប្រភេទ​រថយន្តប្រណីត​។ ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម VinFast បាន​ហក់ចូល​ក្នុងទីផ្សារ​រថយន្ត​អគ្គិនសី​ ចំពេល​វេលាមាស ពោលគឺ​ជា​ពេល​ដែល​បរិមាណ​លក់​រថយន្ត​អគ្គិសនី​ចាប់ផ្តើម​កើនឡើង​។

រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន VinFast​ បានដាក់លក់​នៅតាមប្រទេស​ ដែលកំពុង​មានការ​ចាប់អារម្មណ៍​លើ​ប្រភេទ​រថយន្ត​អគ្គិសនី ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​បារាំង​អាល្លឺម៉ង់​ហូឡង់​និង​កាណាដា​ជាដើម​។


សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម ​(VAMA) ​បានឱ្យ​ ដឹងថា ​VF e34 ដែល​ជាម៉ូដែល​ដំបូងផលិត​ដោយ​ក្រុមហ៊ុន​រថយន្ត​វៀតណាម ​VinFast មានការកើន​ឡើងលើ​បរិមាណលក់ ​ពោលគឺវា​បានជាប់​ចំណាត់ថ្នាក់ទី ៨ ក្នុង​បញ្ជីរថយន្ត​ដែលលក់ដាច់​បំផុត​នៅក្នុងទីផ្សារ​វៀតណាម​កាលពី​ខែ​កក្កដា ​ឆ្នាំ ២០២២។

សម្រាប់​តែ​ខែមិថុនា ​VinFast​ បានលក់​រថយន្ត​សរុប​ចំនួន ២,១៤១ គ្រឿង​ដែលឆ្លុះ​បញ្ចាំងពី​បរិបទ​ផ្លាស់ប្តូរ​ពីប្រភេទ​រថយន្ត​ប្រភេទឥន្ធនៈ​ទៅជា​រថយន្តអគ្គិសនី​របស់​ប្រជាជន​វៀតណាម។​ ប៉ុន្តែទោះ​ជាយ៉ាងណា​ក៏ដោយ អ្នកជំនាញ​បាន​មើលឃើញថា ​ការលក់​បានធ្លាក់ចុះ​នៅក្នុង​ខែសីហា​កន្លងទៅ ​ដោយសារ​តែខ្វះ​គ្រឿងបង្គំ​។

របាយការណ៍​ចុង​ក្រោយស្តីពី​ទីផ្សារ​រថយន្តអគ្គិសនី​របស់​ប្រទេស​វៀតណាម ដែលចេញ​ផ្សាយ​ដោយវិទ្យាស្ថាន​ប្រេង វៀតណាម​បានឱ្យ​ ដឹងថា ​ប្រទេសនេះ​មានសក្តានុពល​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​ផ្នែក​រថយន្ត​អគ្គិសនី។

ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​គាំទ្រ​ទាន់​ពេល វៀតណាមអាច​ឈានមុខគេ​ក្នុងការ​អភិវឌ្ឍរ​ថយន្តអគ្គិសនី​នៅអាស៊ី​អាគ្នេយ៍​។

ចំពោះ​និន្ននា​ការពិភព​លោកវិញ ​ត្រូវបានឆ្លុះ​បញ្ចាំឱ្យ​ ឃើញតាមរយៈ​ការលក់​រថយន្ត​របស់​ក្រុមហ៊ុន​ Tesla។ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ​Tesla​ បានលក់​រថយន្ត​បាន​ចំនួន ​៣៤៣ ៨៣០​ គ្រឿង ​ក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២។ ​ចំនួននេះ ​កើនឡើងប្រមាណ ​៤២ ភាគរយ ​បើធៀបនឹងរយៈ​ពេលដូច​គ្នាកាល​ពី​ឆ្នាំ​ ២០២១ កន្លងទៅ ដែលក្រុមហ៊ុន​ Tesla ​លក់​រថយន្ត​បាន​ចំនួន ​២៤១​ ៣៩១ គ្រឿង។ ​ក្រៅពីកំណើន​នៃ​ការលក់​រថយន្ត ការផលិត​រថយន្ត​របស់​ក្រុមហ៊ុន ​Tesla​ ក៏​មានការកើន​ឡើងផង​ដែរ​នៅឆ្នាំ ​២០២២ នេះ​៕