សេវា​សន្តិសុខ​សហព័ន្ធ​​រុស្ស៊ី​ (FSB) បាន​អះ​អាង​​កាល​ពី​ថ្ងៃ​ពុធ ​ទី ​១២​ ខែ​តុលា​ថា​ ខ្លួន​បាន​ចាប់​ខ្លួន​ជន​ជាតិ​រុស្ស៊ី ​៥​ នាក់​ ​​​អ៊ុយក្រែន​ ២ ​​នាក់​ និង​អាមេនី ១ នាក់​ ដែល​ជាប់​ទាក់​ទង​នឹង​ការ​បំផ្ទុះ​ស្ពាន​ ​Kerch ដែល​ត​ភ្ជាប់​ពី​រុស្ស៊ី​​ទៅ​ឧបទ្វីប​គ្រីមា​ កាល​ពី​ចុង​សប្ដាហ៍​មុន​។ ​

​FSB​ បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​ ៨​​ នាក់​ថា​ បាន​​​ធ្វើ​សកម្មភាព​តាម​បញ្ជា​របស់​ចារកម្ម​យោធា​អ៊ុយក្រែន​ ​​ដើម្បី​​ផ្លាស់​ទី​គ្រឿង​ផ្ទុះ​ដោយ​សម្ងាត់​តាម​ផ្លូវ​​​ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី​ និង​បាន​ក្លែង​បន្លំ​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​។​

បន្ថែម​ពី​លើ​ការ​ចង្អុល​ដាក់​​​ប្រធាន​​ចារកម្ម​​របស់​ក្រសួង​ការ​ពារ​ជាតិ​អ៊ុយក្រែន​​ ​លោក​ Kyrylo Budanov​ FSB ​បាន​អះ​អាង​​ថា​៖ «​ឧបករណ៍​បំផ្ទុះ​ត្រូវ​បាន​លាក់​ទុក​ក្នុង​ថង់​ប្លាស្ទិក​ចំនួន​ ២២ ​ដុំ​ ដែល​មាន​ទម្ងន់​សរុប​ ២២ ៧០០ គីឡូក្រាម​»។ ​


​ទីភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី​ដដែល​ គូស​បញ្ជាក់​​​ថា​ គ្រឿង​ផ្ទុះ​​ត្រូវ​បាន​ដឹក​ជញ្ជូន​​តាម​កប៉ាល់​ពី​កំពង់ផែក្រុង​​អូដេសា​ របស់​អ៊ុយក្រែន​ ទៅ​កាន់​កំពង់ផែ​​រូស​​របស់​ប៊ុលហ្គារី​ កាល​ពីដើម​ខែ​សីហា​។ ​​​បន្ទាប់​មក​ គ្រឿង​ផ្ទុះ​ដដែល​ក៏​​ត្រូវ​បាន​​​ដឹក​ជញ្ជូន​​ឆ្លង​កាត់​​កំពង់ផែ​ Poti ​របស់​ហ្ស៊កហ្ស៊ី បន្ត​ទៅ​កាន់​​អាមេនី​ មុន​ពេល​​ចូល​ទៅ​​ដល់​​រុស្ស៊ី​នៅ​ថ្ងៃ​ទី​ ៤ ខែ​តុលា​​។​

យ៉ាង​ណា​មិញ​ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ពុធ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​អ៊ុយក្រែន​។​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ លោក​ ​​Andriy Yusov ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា​៖«​សកម្មភាព​ទាំង​អស់​របស់​ FSB ​និង​គណៈកម្មាធិការ​ស៊ើប​អង្កេត​ ​មិន​សម​ហេតុ​សម​ផល​​នោះ​ទេ​»​។


លោក​ Yusov បាន​​បន្ត​​ទៀត​ថា​ ទាំង​ FSB ​និង​គណៈកម្មាធិការ​ស៊ើប​អង្កេត សុទ្ធសឹង​​តែ​ជា​​រចនា​សម្ព័ន្ធ​ក្លែង​ក្លាយ​ដែល​បម្រើ​របប​​របស់​លោក​ ពូទីន។

គួរ​បញ្ជាក់​ថា​ ស្ពាន Kerch ​ជា​​ផ្លូវ​​​ត​ភ្ជាប់​​ផ្ទាល់​​តែ​​មួយ​​គត់​​ដែល​​រុស្ស៊ី​​មាន​​ទៅ​​តំបន់​​គ្រីមេ ហើយ​វា​​ជា​​ផ្លូវ​​ផ្គត់​ផ្គង់​​ដ៏​សំខាន់​​សម្រាប់​យោធា​រុស្ស៊ី​ ចាប់​តាំង​ពី​ចូល​លុកលុយ​​អ៊ុយក្រែន​នៅ​ចុង​ខែ​កុម្ភៈ​។ ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​​ បាន​បង្ហាញ​ថា​ មាន​រថ​យន្ត​​​កំពុង​បើក​នៅ​លើ​​ផ្លូវ​ មុន​ពេល​ដែល​ការ​ផ្ទុះ​​ដ៏​ខ្លាំង​កើត​ឡើងនៅ​ចំ​រថ​យន្ត​​ដ៏​ធំ​​​មួយ​ ដែល​បង្ក​ឱ្យ​មាន​អណ្តាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​។ ​ប៉ុន្តែ​​អ្នក​​ជំនាញ​​ខ្លះ ​​បាន​​សន្និដ្ឋាន​​ថា​ ការ​​ផ្ទុះ​​នេះ ​​កើត​​ចេញ​​ពី​​ក្រោម​​ស្ពាន​ ហើយ​​មិន​​បណ្តាល​​មក​​ពី​​ការ​​បំផ្ទុះ​​គ្រាប់​បែក​​នៅ​លើ​​ស្ពាន​​នោះ​​​ទេ​។​

ក្រោយ​ការ​ផ្ទុះ​ រុស្ស៊ី​បាន​ចោទ​ប្រកាន់​ទៅ​លើ​អ៊ុយក្រែន​ និង​បាន​បើក​ការ​វាយ​ប្រហារ​​ដោយ​មីស៊ីល​ទ្រង់​ទ្រាយ​ធំ​​ប្រឆាំង​​អ៊ុយក្រែន​ទូទាំង​ប្រទេស​​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​ហេដ្ឋរចនា​សម្ព័ន្ធ​ស៊ីវិល​ និង​សម្លាប់​ជន​ស៊ី​វិល​អស់​ជា​ច្រើន​នាក់​។

ក្រុង​កៀវ​ មិន​បាន​ទទួល​ស្គាល់​​ថា​ ខ្លួន​​នៅ​ពី​ក្រោយ​ខ្នង​​នៃ​ការ​បំផ្ទុះ​នោះ​ទេ​ ប៉ុន្តែ​ភ្លាម​ៗ​​ក្រោយ​ហេតុការណ៍​នេះ​ កើត​ឡើង​ ​មន្រ្តី​អ៊ុយក្រែន​បាន​បង្ហាញ​ពី​ការ​អបអរ​សារទរ​ លាយ​ឡំ​នឹង​សារ​ចំអក​ឡក​ឡឺយ​ទៅ​រុស្ស៊ី​ ដែល​ធ្លាប់ឃោស​នា​​​កាល​ពី​មុន​ថា​ ស្ពាន Kerch ​មិន​ងាយ​នឹង​រង​ការ​វាយ​ប្រហារ​ពី​សត្រូវ​នោះ​ទេ៕ ​

វីដេអូ៖