ភាព​តានតឹង​នយោបាយ រវាង​ក្រុង​ញូវដេលី និង​ក្រុង​ប៉េកាំង បាន​បង្កើន​ការលំបាក​កាន់តែ​ខ្លាំងឡើងៗ​ដល់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន (ទូរស័ព្ទ) របស់​ចិន ក្នុង​ទីផ្សារ​ឥណ្ឌា ជាពិសេស​បន្ទាប់​ពី​អាជ្ញាធរ​ឥណ្ឌា​ចាត់​វិធានការ​ច្បាប់ ដាក់​ក្រុមហ៊ុន​អ្នក​ផលិត​ចិន​មួយចំនួន​ក្រោម​ការឃ្លាំមើល​របស់ខ្លួន។

រាប់​តាំងពី​ការប្រឈម​មុខ​យោធា រវាង​ចិន និង​ឥណ្ឌា នៅ​ឆ្នាំ​ ២០២០ គេ​ឃើញ​មាន​បញ្ហា​ជាច្រើន បាន​កើត​មាន​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន នៅ​ឥណ្ឌា រួមទាំង​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន។ យ៉ាងណាមិញ ការលក់​ស្មាត​ហ្វូន​ចិន នៅតែ​បន្ត​គ្របដណ្ដប់​លើ​ចំណែក​ទីផ្សារ​ឥណ្ឌា។

កាល​ពី​ខែមេសា នាយក​ដ្ឋាន​អនុវត្ត​ច្បាប់ ដែល​ជា​ទីភ្នាក់ងារ​ឧក្រិដ្ឋ​កម្ម​ហិរញ្ញវត្ថុ​សហព័ន្ធ​ឥណ្ឌា បាន​បង្កក​រឹបអូស​ប្រាក់​ចំនួន ៦៧៦ ​លាន​ដុល្លារ ​ពី​ក្នុង​គណនី​ធនាគារ​ឥណ្ឌា​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​យក្ស​ចិន Xiaomi ដោយ​អះអាង​ថា ក្រុមហ៊ុន​បាន​ធ្វើការ​ផ្ទេរប្រាក់​ខុសច្បាប់​ទៅ​បរទេស ក្នុង​រូបភាព​បង់ថ្លៃ​ប្រាក់​កម្រៃ។


នៅ​ដើមខែ​តុលា​នេះ តុលាការ​ឥណ្ឌា បាន​ទាត់​ចោលការ​សុំឱ្យ​បញ្ឈប់​ការ​បង្កក​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ បើទោះបីជា​ក្រុមហ៊ុន Xiaomi បាន​អះអាង​ថា ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អាជ្ញាធរ​គ្មាន​សមាមាត្រ​ខ្លាំង និង​ធ្វើឱ្យ​ខ្លួន​បញ្ឈប់​ប្រតិបត្តិការ នៅ​ឥណ្ឌា​ក៏ដោយ។

អ្នកជំនាញ​មើលឃើញថា បញ្ហា​នេះ​បណ្ដាល​មកពី​ភាព​តានតឹង​នយោបាយ រវាង​ចិន និង​ឥណ្ឌា។ ហើយ​បើ​តាមពិតទៅ ក្រុមហ៊ុន Xiaomi ដែល​បដិសេធ​ការធ្វើ​ខុស មិនមែន​ជា​ក្រុមហ៊ុន​ផលិត​ស្មាត​ហ្វូន​ចិន​តែ ១​ប៉ុណ្ណោះ​ទេ ដែល​ស្ថិតនៅ​ក្រោម​ការឃ្លាំមើល និង​ត្រួតពិនិត្យ​មើល​របស់​រដ្ឋា​ភិបាល​ឥណ្ឌា ព្រោះ​មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​ផ្សេងទៀត ក៏​ស្ថិតនៅក្រោម​សម្ពាធ​ដូចគ្នា ដូចជា​ក្រុមហ៊ុន​អូប៉ូ (Oppo) វីវ៉ូ (Vivo) និង Huawei ជាដើម។


កាលពី​ខែ​កក្កដា អាជ្ញាធរ​ឥណ្ឌា បាន​ចោទ​ប្រកាន់​លើ​ក្រុមហ៊ុន Oppo ពី​ការ​គេចពន្ធ​គយ​ជាង ៥៥១ ​លាន​ដុល្លារ ខណៈ​ក្រុម​អ្នកស៊ើប​អង្កេត​ឥណ្ឌា ក៏​ឆ្មក់​ចូល​ការិយាល័យ​ជាច្រើន​របស់​ក្រុមហ៊ុន Vivo ដោយ​សង្ស័យ​ពី​ការលាង​លុយ​កខ្វក់។

គួរ​បញ្ជាក់​ថា បន្ទាប់ពី​មានការ​ប្រឈមមុខ​យោធា​ដាក់គ្នា តាម​ព្រំដែន នៅ​ភ្នំ​ហិមាល័យ ក្នុង​ឆ្នាំ ២០២០ រដ្ឋា​ភិបាល​ទីក្រុង​ញូវដែលី បាន​លើកឡើង​ពី​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​នៃ​ប្រទេស​របស់ខ្លួន ហើយ​ធ្វើការ​ហាម​ឃាត់ កម្មវិធី​ទូរស័ព្ទ​របស់​ចិន​ច្រើនជាង ៣០០ រួមទាំង​កម្មវិធី WeChat និង TikTok ហើយ​ថែមទាំង​បាន​រឹតបន្តឹង​ច្បាប់​លើ​ក្រុមហ៊ុន​ចិន ដែល​វិនិយោគ នៅក្នុង​ប្រទេស​ឥណ្ឌា​ទៀតផង។

មេធាវី​ជំនាញ​លើ​ផ្នែក​វិនិយោគ​ឆ្លងដែន និង​បញ្ហា​និយ័តកម្ម លោក Atul Pandey បាន​លើកឡើង​ប្រាប់​សារព័ត៌មាន DW ថា​៖ «​ករណី​របស់​ក្រុមហ៊ុន Xiaomi គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឃ្លាំមើល និង​ត្រួតពិនិត្យ​ពី​រដ្ឋា​ភិបាល​ឥណ្ឌា»។ លោក Pandey បាន​គូសបញ្ចាក់​ថា​៖ «​រដ្ឋាភិបាល​ឥណ្ឌា បាន​ហាមឃាត់​ការចូល​ប្រើ​កម្មវិធី​ចិន​មួយចំនួន ដែល​រង​ការចោទប្រកាន់​ថា បាន​ផ្ទេរ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ ដោយ​សម្ងាត់ ចេញទៅ​ក្រៅ​ប្រទេស​ឥណ្ឌា។ រដ្ឋាភិ​បាល​ឥណ្ឌា បាន​ពិនិត្យ​យ៉ាង​ដិតដល់​លើ​ការទូទាត់​ថ្លៃ​កម្រៃ និង​អាជ្ញាប័ណ្ណ​ដល់​ម្ចាស់​ភាគហ៊ុន​នៅ​បរទេស (របស់​ក្រុមហ៊ុន​ចិន)»។

ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក្រុមហ៊ុន​ចិន បាន​បន្ត​គ្របដណ្ដប់​លើ​ទីផ្សារ​ស្មាតហ្វូន​របស់​ឥណ្ឌា ដែលមាន​ប្រជាជន​ច្រើនជាង​គេ​ទី​២ លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន។ យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​បច្ចេកវិទ្យា​Counterpoint ទីផ្សារ​ស្មាតហ្វូន​ឥណ្ឌា កើនឡើង ២៧ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២១ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០ ជាមួយនឹង​ការលក់​ទូរស័ព្ទ​ឆ្នាំ​រហូត​ដល់ ១៦៩ ​លាន​គ្រឿង។

ប៉ុន្តែ​អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់​នោះ គឺថា ទីផ្សារ​ឥណ្ឌា ក្នុង​ឆ្នាំ​ ២០២១ បាន​ស្រូប​យក​ប្រហែល ១៧​ ភាគរយ​នៃ​ការនាំចេញ​ស្មាតហ្វូន​របស់​ចិន​ទូទាំង​ពិភពលោក។ ម៉ាក​ទូរស័ព្ទ​ចិន​ចំនួន​៤ ក្នុង​ចំណោម​ម៉ាក​ស្មាតហ្វូន​កំពូល​ទាំង​៥ បាន​កាន់កាប់​ទីផ្សារ​ចំនួន ៧៦​ ភាគរយ ដោយមាន​ក្រុមហ៊ុន Xiaomi នាំមុខគេ បន្ទាប់មក​ក្រុមហ៊ុន Vivo, Realme និង Oppo។ ក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​ទាំង ​៥ មាន​តែ Samsung តែ ១​ គត់ ដែល​មិនមែនជា​ក្រុមហ៊ុន​របស់​ចិន។

ប្រធាន​សេដ្ឋវិទូ នៅ​ធនាគារ Hang Seng Bank លោកស្រី Dan Wang បាន​លើកឡើង​ប្រាប់​សារព័ត៌មាន DW ថា ការបង្ក្រាប​ក្រុមហ៊ុន Xiaomi ធ្វើឡើង​ដោយសារតែ​ការកើនឡើង​នៃ​ភាព​តានតឹង​ផ្នែក​នយោបាយ និង​កំណើន​នៃ​ការការពារ​និយម នៅក្នុង​ប្រទេស​ឥណ្ឌា។ លោកស្រី​បន្ត​ថា​៖ «ការផលិត​របស់​ចិន ប្រកប​ដោយ​ការ​ប្រកួតប្រជែង​ទាំង​តម្លៃ និង​គុណភាព ដែល​ធ្វើឱ្យ​ចំណែក​ទីផ្សារ​នៃ​ម៉ាក​ទូរស័ព្ទ​របស់ខ្លួន​គ្របដណ្ដប់​ធំ ក្នុងប្រទេស​ឥណ្ឌា»។

ជុំវិញ​បញ្ហា​នេះ លោក Pandey បាន​មើលឃើញ​ថា ឥណ្ឌា​ផ្តល់នូវ​ទីផ្សារ​ដ៏​ធំ សម្រាប់​ក្រុមហ៊ុន​ស្មាតហ្វូន​ចិន ហើយ​បើ​និយាយ​ពី​បញ្ហា​នៃ​ភាព​តានតឹង​ផ្នែក​នយោបាយ អ្នកប្រើប្រាស់​ឥណ្ឌា នៅតែ​ទិញ​ស្មាតហ្វូន​របស់​ចិន និង​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​ដទៃទៀត។

យ៉ាងណាមិញ លោកស្រី Wang បាន​គូស​បញ្ចាក់​ថា ទីផ្សារ​ឥណ្ឌា​មាន​សារៈ​សំខាន់​ជាពិសេស​នៅពេលនេះ ដោយសារ​ការលក់​ស្មាតហ្វូន​ចិន បាន​ធ្លាក់ចុះ ដោយសារ​តែ​ការថយចុះ​នៃ​ការ​ប្រើប្រាស់ និង​កំណើន​ប្រាក់​ចំណូល​ទាប ដែល​បង្កឡើង​ដោយ​ការ​រឹតត្បិត​កូវីដ។ លោក​ស្រី​បន្ត​ថា៖ «ប្រទេស​ឥណ្ឌា ដែលមាន​ប្រជាជន​វ័យក្មេង​ច្រើន និង​កំណើន​លឿន គឺជា​ទីផ្សារ​ជម្រើស​ដ៏​ល្អ​មួយ»៕