សភា​តួ​កគី ប្រហែល​ដល់ពេល​បើកភ្លើង​ខៀវ (ផ្ដល់​ការអនុញ្ញាត) សម្រាប់​ការ​ផ្តល់​សច្ចាប័ន​លើ​ការ​ស្នើសុំ​ចូល​ជាស​មា​ជិ​កពេញ​សិទ្ធិ​របស់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត ទៅ​ក្នុង​អង្គការ​សន្ធិសញ្ញា​អា​ត្លង់​ទិ​កខាងជើង (ណា​តូ) បន្ទាប់ពី​ថ្នាក់ដឹកនាំ​សភា​ទាំង ៣ ប្រទេស បាន​ជួបគ្នា។

ខណៈ​ពេល​ដែល​ការ​ទន្ទឹងរង់ចាំ​ការ​ផ្តល់​សច្ចាប័ន​ពីរ​ដ្ឋ​សភា​តួ​កគី ដែល​នឹង​ក្លាយជា​ប្រទេស​ចុងក្រោយ​បំផុត សម្រាប់​ការ​សុំ​ចូល​ជាស​មា​ជិ​កភាព​របស់​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ទៅ​ក្នុង អង្គការ​ណា​តូ ប្រមុខរដ្ឋ​សភា​នៃ​ប្រទេស​ទាំង ៣ ជួបគ្នា​ផ្ទាល់​និយាយ​គ្នា​ជុំវិញ​សំណុំរឿង​ក្រុម «YPG​/PYD និង FETO» ដែល​តួ​កគី ចាត់ទុកជា​ក្រុម​ភេរវ​ករ ហើយ​ហ្វាំងឡង់ និង​ស៊ុយអែត ផ្តល់​ការ​គាំទ្រ កន្លងមក។

នៅក្នុង​ជំនួប​ត្រីភាគី ក្នុង​រដ្ឋធានី Zagreb នៃ​ប្រទេស​ក្រូ​អាស៊ី ដែល​នៅ​ទីនោះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋសភា បាន​ចូលរួម​កិច្ចប្រជុំ​សភា​លើកដំបូង​នៃ​វេទិកា Crimean អន្តរជាតិ ប្រមុខរដ្ឋ​សភា​តួ​កគី លោក Mustafa Sentop បាន​ជួប​ជាមួយ​សម​ភាគី​ស៊ុយអែត លោក Andreas Norlen និង​ប្រធាន​អនុសភា​ហ្វាំងឡង់ លោក Antti Rinne ដោយ​សភា​តួ​កគី បាន​សន្យា​ផ្តល់​សច្ចាប័ន នៅទីបំផុត ពេល​ដែល​អនុស្សរណៈ​កាលពី​ខែមិថុនា ត្រូវ​បាន​អនុវត្ត។


រហូតមកដល់​ពេលនេះ មាន​ប្រទេស​តែ ២ ប៉ុណ្ណោះ​នៃ​សមាជិក​ណា​តូ​ពេញ​សិទ្ធិ​ទាំង ៣០ គឺ​តួ​កគី និង​ហុងគ្រី មិនទាន់​ផ្តល់​សច្ចាប័ន សម្រាប់​ការ​ស្នើសុំ​ចូល​ជាស​មា​ជិ​ករបស់​ហ្វាំងឡង់ និង​ស៊ុយអែត ដែល​ប្រទេស​ទាំង ២ មានការ​ភ័យខ្លាច​ពី​ការឈ្លានពាន​របស់​រុស្ស៊ី ដូច​ករណី​នៅ​អ៊ុយក្រែន។

យោង​តាម​ការផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន​តួ​កគី Anadolu តួ​កគី​រំពឹង​ថា ហ្វាំងឡង់ និង​ស៊ុយអែត​នឹង​រារាំង​ក្រុម​ភេរវ​ករ YPG​/PYD និង FETO ពី​ប្រតិបត្តិ​ការ ដោយសេរី​នៅ​លើ​ដី​នៃ​ប្រទេស​ទាំង ២ នោះ។ ក្នុង​ជំនួប​នោះ ប្រធាន​សភា​តួ​កគី បាន​សរសើរ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​របស់​ហ្វាំងឡង់ ចំពោះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ត្រីភាគី ដែល​ខ្លួន​បាន​ចុះហត្ថលេខា ក្នុង​កិច្ចប្រជុំ​កំពូល កាលពី​ខែមិថុនា​របស់​ណា​តូ ក្នុង​ទី​ក្រុង​ម៉ា្រឌីដ ដែល​ចែងថា​ហ្វាំងឡង់ និង​ស៊ុយអែត នឹង​មិន​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម YPG​/PYD ក្រុម​ភេរវ​ករ PKK ឬអង្គការ​ភេរវ​ករ Fetullah (FETO) ដែល​ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​ឆ្នាំ ២០១៦ នៅ​ប្រទេស​តួ​កគី។


លោក Sentop ក៏បាន​សម្តែង​ការ​ពេញចិត្ត ចំពោះ​ការសន្យា​របស់​រដ្ឋាភិបាល​ស៊ុយអែត ថ្មី​ថា ខ្លួន​នឹង​បន្ត​គោលនយោបាយ​ស្រដៀងគ្នា​នេះ។ ប្រធាន​សភា​តួ​កគី ក៏បាន​អះអាង​ពី​ការ​ប្រយុទ្ធ​របស់​តួ​កគី​ជាមួយ​ភេរវ​ករ PKK អស់​រយៈពេល ៤ ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​ប្រទេស​របស់​លោក មិនបាន​ទទួលការ​គាំទ្រ​គ្រប់គ្រាន់ ក្នុង​រឿង​នេះ​ពី​សម្ព័ន្ធ​មិត្ត​ណា​តូ​របស់​ខ្លួន​ឡើយ។

លោក​និយាយ​ថា ជាគោល​ការណ៍ តួ​កគី​គាំទ្រ​ការ​ប្រឹងប្រែង​ចូល​ជាស​មា​ជិ​កភាព​របស់​ណា​តូ​ទាំង​ហ្វាំងឡង់ និង​ស៊ុយអែត ប៉ុន្តែ​សភា​តួ​កគី នឹង​ធ្វើការ​សម្រេចចិត្ត នៅទីបំផុត បន្ទាប់ពី​បាន​ពិនិត្យមើល​ថា តើ​ប្រទេស​ទាំង ២ បាន​បំពេញ​កាតព្វកិច្ច​របស់​ពួក​គេ​ស្របតាម​អនុស្សរណៈ​នេះ ឬយ៉ាងណា។ លោក​បាន​ព្រមាន​ថា៖ «នៅ​ក្រោម​ស្ថានភាព​បច្ចុប្បន្ន វា​មិន​អាច​ទៅរួច​ទេ​ក្នុង​ការបញ្ចុះបញ្ចូល​សាធារណជន​តួ​កគី​ថា លក្ខន្តិក​នៃ​អនុស្សរណៈ ត្រូវ​បាន​អនុវត្ត»។ នេះ​បើ​តាម​បណ្ដាញ​សារព័ត៌មាន​ដដែល។

ហ្វាំងឡង់ និង​ស៊ុយអែត បាន​ដាក់ពាក្យសុំ​ចូល​ជាស​មា​ជិ​កអង្គការ​ណា​តូ ក្នុង​ខែមិថុនា ដោយ​ជា​ការសម្រេច​ចិត្ត ដែល​ជំរុញ​ដោយ​សង្គ្រាម​របស់​រុស្ស៊ី លើ​អ៊ុយក្រែន។ តែ​តួ​កគី ដែល​ជាស​មា​ជិ​កណា​តូ​រយៈពេល​ជាង ៧០ ឆ្នាំ បាន​សម្តែង​ការជំទាស់ ចំពោះ​ការ​ដាក់ពាក្យ​ចូល​ជាស​មា​ជិ​កភាព​នេះ ដោយ​បាន​រិះគន់​ប្រទេស​ទាំង ២ ចំពោះ​ការ​អត់ឱន និង​ថែមទាំង​គាំទ្រ​ដល់​ក្រុម​ភេរវ​ករ​ទៀតផង។

ប្រទេស​ទាំង ៣ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ត្រីភាគី ក្នុង​កិច្ចប្រជុំ​កំពូល នៅ​ខែមិថុនា​របស់​ណា​តូ ក្នុង​ទី​ក្រុង​ម៉ា្រឌីដ ដែល​កំណត់​ថា ហ្វាំងឡង់ និង​ស៊ុយអែត នឹង​មិន​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម YPG​/PYD ឬ FETO នោះ​ឡើយ។

PKK ត្រូវ​បាន​ចុះបញ្ជី​ជា​អង្គការ​ភេរវ​ករ ដោយ​តួ​កគី សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​ជា​អ្នកទទួល​ខុសត្រូវ ចំពោះ​ការ​ស្លាប់​របស់​មនុស្ស ៤ ម៉ឺន​នាក់ ក្នុង​នោះ​រួមមាន​ទាំង​ស្ត្រី កុមារ និង​ទារក​ផង​ដែរ។ YPG​/PYD ដែល​មាន​វត្តមាន នៅ​អឺរ៉ុប ផង​ដែរ​នោះ ត្រូវ​បាន​ដាក់ទណ្ឌកម្ម ដោយចំហ​ពី​រដ្ឋាភិបាល​មួយចំនួន។

បណ្តា​ប្រទេស Nordic ក៏បាន​យល់ព្រម​ដោះស្រាយ​ការ​និរទេស ដែល​កំពុង​មាន​កា​រទង្ទឹង​រង់ចាំ​ពីទី​ក្រុង​អង់ការ៉ា ឬសំណើ​ធ្វើ​បត្យាប័ន សម្រាប់​ជនសង្ស័យ​ភេរវ​ករ។ សភា​របស់​ប្រទេស​តួ​កគី ត្រូវតែ​ផ្តល់​សច្ចាប័ន​លើ​ការយល់ព្រម​របស់​ហ្វាំងឡង់ និង​ស៊ុយអែត សម្រាប់​សមាជិកភាព​របស់​អង្គការ​ណា​តូ។

ក្រៅពី​តួ​កគី ក៏​នៅ​មាន​ហុងគ្រី ១ ទៀត​ដែរ ដែល​មិន​ទាន់​ផ្ដល់​សចា្ច​ប័ន​នេះ ខណៈ​មាន​សមាជិក​គណបក្ស​ប្រឆាំង ១ រូប របស់​ប្រទេស​នេះ លើកឡើង​ថា ការ​ពន្យារពេល​របស់​នាយក​រដ្ឋមន្រ្តី​លោក Viktor Orban គឺ​ដោយសារ​ហេតុផល​នយោបាយ​៕

វីដេអូ៖