ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសស៊ុយអែត និងហ្វាំងឡង់ ត្រៀមជួបពិភាក្សាជាថ្មីទៀតជាមួយប្រមុខរដ្ឋតួកគី ដែលជាប្រទេសដាក់លក្ខខណ្ឌដល់ប្រទេសទាំង ២ ជាថ្នូរនឹងការផ្តល់សច្ចាប័ន សម្រាប់ការដាក់ពាក្យចូលជាសមាជិកពេញសិទ្ធិទី ៣១ និងទី ៣២ នៃអង្គការណាតូ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នារបស់ក្រុមប្រឹក្សារដ្ឋ នៅទ្វីបអឺរ៉ុបខាងជើង និងអាត្លង់ទិក ដែលគេហៅថា ណ័រឌិក (Nordic) នៅទីក្រុងហែលស៊ិនគី ប្រទេសហ្វាំងឡង់ កាលពីថ្ងៃអង្គារដើមសប្ដាហ៍ ប្រមុខដឹកនាំហ្វាំងឡង់ និងស៊ុយអែត សុទ្ធតែអន្ទះសាចង់បានសមាជិកភាពពេញសិទ្ធិ ក្នុងអង្គការណាតូជាមុនសិន ដោយរហូតមកដល់ពេលនេះ នៅសល់តែប្រទេស ២ ទៀតប៉ុណ្ណោះក្នុងអង្គការនេះ ដែលមិនទាន់សម្រេចផ្តល់សច្ចាប័នគាំទ្រ។
តាមរយៈការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន EUobserver ប្រទេសហុងគ្រី ត្រូវបានគេរំពឹងថា នឹងផ្តល់សច្ចាប័នលើសមាជិកភាពណាតូ សម្រាប់ហ្វាំងឡង់ និងស៊ុយអែត នៅពាក់កណ្តាលខែធ្នូខាងមុខនេះ។ ការពន្យារពេលដ៏យូររបស់ហុងគ្រី សម្រាប់ការគាំទ្រហ្វាំងឡង់ និងស៊ុយអែតនោះ មានសេចក្តីរាយការណ៍ថា ដោយសារទំនាក់ទំនងដ៏ល្អូកល្អឹនរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និង ប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេរដូហ្គែន ដែលមានលក្ខខណ្ឌដ៏តឹងរុឹង សម្រាប់ប្រទេសស៊ុយអែត និងហ្វាំងឡង់។
នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានបញ្ជាក់ថា ជំនួបជាមួយប្រធានាធិបតីតួកគី លោក អេរដូហ្គែន ត្រូវបានគ្រោងទុក ឆាប់ៗនេះ ប៉ុន្តែលោកមិនផ្តល់កាលបរិច្ឆេទនោះទេ។
ហេតុផល ដែលប្រឆាំងនឹងការចូលជាសមាជិកភាពនៃអង្គការណាតូរបស់ប្រជាជាតិទាំង២ នោះ គឺតួកគីបានចោទប្រកាន់ថា ប្រទេសទាំង២ នេះ បានគាំទ្រក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធឃឺដ (PKK) ដែលតួកគីចោទថា ជាពួកភេរវករបំបែកខ្លួន ព្រមទាំងធ្លាប់បានប្រយុទ្ធជាមួយកងកម្លាំងតួកគី និងអង្គការភេរវករ Fetullah (FETO) ដែលរដ្ឋាភិបាលរបស់លោក អេរដូហ្គែន ចោទប្រកាន់ថា នៅពីក្រោយរដ្ឋប្រហារដែលបរាជ័យ កាលឆ្នាំ ២០១៦ នៅប្រទេសតួកគី។
នៅក្នុងជំនួបជាបន្តបន្ទាប់ រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ ជាមួយប្រធានរដ្ឋសភាតួកគីផង និងរដ្ឋមន្ត្រីយុត្តិធម៌តួកគីផង ប្រទេសតួកគី បានទាមទារការធ្វើបត្យាប័នជនទាំងឡាយណា ដែលតួកគីចោទថា ជា «ភេរវករ» ដែលកំពុងរស់នៅប្រទេសទាំង២ ត្រឡប់ទៅតួកគីវិញ។
ក្នុងសន្និសីទក្រុមប្រឹក្សាណ័រឌិក ដែលជាស្ថាប័នផ្លូវការ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភាជាផ្លូវការ នៅក្នុងតំបន់ ដោយក្រុមប្រឹក្សានេះមានសមាជិកសភាចំនួន ៨៧ នាក់ ជាសមាជិកមកពីប្រទេសដាណឺម៉ាក ហ្វាំងឡង់ អុីស្លង់ ន័រវែស ស៊ុយអែត កោះហ្វារ៉ូហ្គ្រីនឡែន និងអាឡែន (Aland) ក៏មានការលើកជាសំណួរថា តើស៊ុយអែត និងហ្វាំងឡង់ ងាកទៅរកអាវុធនុយក្លេអ៊ែរដែរ ឬទេ?
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បានប្រាប់ថា ហ្វាំងឡង់ «មិនគួរដាក់លក្ខខណ្ឌជាមុន ឬបិទទ្វារណា១ ឡើយ» មុនពេលក្លាយជាសមាជិករបស់ណាតូ។ លោកស្រីនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ «នេះមិនមែនជាអ្វី ដែលយើងកំពុងពិភាក្សាយ៉ាងសកម្ម ពេលនេះទេ។ យើងកំពុងរង់ចាំក្លាយជាសមាជិក ហើយបន្ទាប់មកបញ្ហានេះ អាចត្រូវបានពិភាក្សា» ទាក់ទងអាវុធនុយក្លេអ៊ែរ នៅលើទឹកដីហ្វាំងឡង់។
ប៉ុន្តែប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto បាននិយាយ ពេលថ្លែងទៅសភាតំណាងរាស្ត្រណ័រឌិកថា៖ «បរិយាកាសអន្តរជាតិ ពេលនេះ កាន់តែរងាជាងអំឡុងពេលសង្គ្រាមត្រជាក់ទៅទៀត»។ លោកបន្ថែមថា៖ «សម្រាប់ប្រទេសណ័រឌិក វាមានន័យថា ធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើង កាន់តែស៊ីជម្រៅបន្ថែមទៀត។ ប្រយោជន៍របស់យើងតែងតែដូចគ្នា»។
ពាក់ព័ន្ធនឹងការការពារជាតិ ដោយនុយក្លេអ៊ែរ លោក Niinisto ប្រាប់ថា៖ «ស្ថានភាព ពេលនេះ គឺថា យើងកំពុងរង់ចាំសមាជិកភាព ហើយយើងនឹងចាំមើលថា តើមានអ្វីកើតឡើង»៕
វីដេអូ៖