ហ្វាំងឡង់ ដែល​ជា​ប្រទេស​សមាជិក​អង្គការ​ណាតូ​ បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ​ទី ​១៨ ​ខែ​វិច្ឆិកា ​អំពី​គម្រោង​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​​ភាគ​ខាង​កើត​ប្រទេស​ ដែល​ជាប់​ជាមួយ​ប្រទេស​រុស្ស៊ី​។ ​គម្រោង​សាងសង់​ជញ្ជាំង​ព្រំដែន​នេះ​ មាន​តម្លៃ​ប្រមាណ ១៤៣​ លាន​ដុល្លារ​និង​គ្រោង​ចាប់​ផ្ដើម​ដំណើរការ​សាងសង់​នៅ​ឆ្នាំ​ ២០២៣ ​ខាង​មុខ។

ឆ្មាំ​ព្រំដែន​ហ្វាំងឡង់ ​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ​ការ​ផ្លាស់​ប្ដូរ​នៃ​បរិយាកាស​សន្តិសុខ ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ឱ្យ​ហ្វាំងឡង់​មាន​ភាព​ចាំ​បាច់​សាងសង់​ជញ្ជាំង​របង​ការពារ​នៅ​តាម​ព្រំដែន​ប៉ែក​ខាង​កើត​របស់​ខ្លួន​។ បើ​តាម​ឆ្មាំ​ព្រំដែន​ហ្វាំងឡង់​ប្រសិន​បើ​រុស្ស៊ី​កាត់​បន្ថយ​ការ​រឹត​បន្តឹង​តាម​ព្រំដែន នោះ​វា​នឹង​បង្ក​ជា​សម្ពាធ​ដល់​ហ្វាំងឡង់​ក្នុង​ការ​គ្រប់​គ្រង​និង​ទប់ស្កាត់​ការ​ឆ្លងដែន​ខុស​ច្បាប់​។

សូម​ជម្រាប​ថា​ហ្វាំងឡង់​មាន​ព្រំដែន​ជាប់​ជា​មួយ​​រុស្ស៊ី​ប្រវែង​ជាង​ ១ ៣៣៥ ​គីឡូម៉ែត្រ ​ប៉ុន្តែ​ជញ្ជាំង​របង​ដែល​ហ្វាំងឡង់​គ្រោង​សាងសង់​ មាន​ប្រវែង​តែ​ ១៣០ គីឡូ​ម៉ែត្រ ​ទៅ​ ២៦០​ គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ។​ ដំណើរការ​សាងសង់​ជញ្ជាំង​របង​នេះ ​នឹង​ត្រូវ​ចំណាយ​ពេល​ពី ៣ ​ទៅ ​៤ ឆ្នាំ​ ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​ឧបករណ៍​ឃ្លាំ​មើល ​និង​ផ្លូវ​យាម​ល្បាត​ផង​ដែរ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឆ្មាំ​ព្រំដែន​ហ្វាំងឡង់។


បន្ទាប់ពី​ប្រទេស​លោក​ខាងលិច​ជា​ច្រើន​បាន​បិទ​លំហ​អាកាស​ និង​ព្រំដែន​របស់​ខ្លួន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ​ព្រំដែន​ហ្វាំងឡង់​បាន​ក្លាយ​ទៅ​ជា​ច្រក​ចូល​មួយ​ក្នុង​ចំណោម​ច្រក​ចូលមួយ​ចំនួន​សម្រាប់​ជនជាតិ​រុស្ស៊ី​ទៅ​កាន់​ដែនដី​អឺរ៉ុប​។​ នៅថ្ងៃ​ទី ២៩ ​ខែ​កញ្ញា ឆ្នាំ​ ២០២២ ​ពលរដ្ឋ​រុស្ស៊ី​ចំនួន ​៨ ​៥៨៣​ នាក់​បាន​ឆ្លង​ព្រំដែន​ភាគខាង​កើត​នៃ​ប្រទេស​ហ្វាំង​ឡង់​ពី​ប្រទេស​រុស្ស៊ី។​ តួលេខ​នេះ​បាន​ធ្លាក់​ចុះ​មកត្រឹម ១​ ៧០០ ​នាក់​នៅ​ពេល​ដែល​ការ​រឹត​បន្តឹង​ព្រំដែន​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ៣០​ ខែ​កញ្ញា​។

កាល​ពី​ថ្ងៃសុក្រ​ទី ១៨ ​ខែ​វិច្ឆិកា ​ប្រធាន​ផ្នែក​កិច្ច​ការ​អន្តរជាតិ​របស់​កង​ការពារ​ព្រំដែន​ហ្វាំងឡង់​លោក ​Matti Pitkani itty ​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ Twitter ថា​ ជញ្ជាំង​របង​ដែលបាន​ស្នើ​ឡើង​ដើរតួ​សំខាន់​លើសពី​របង​ទៅទៀត។​ វា​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រំដែន​ថ្មី​ទាំង​ស្រុង​ និង​វិធីសាស្រ្ត​ថ្មី​ក្នុង​ការ​ឃ្លាំ​មើល​ នៅ​តាម​ព្រំដែន​របស់​ហ្វាំងឡង់​៕


វីដេអូ​៖