បណ្តា​ប្រទេសនៅអាហ្វ្រិកខាងលិច បានជួបជាមួយក្រុម​មេដឹកនាំអឺរ៉ុបកាលពីថ្ងៃអង្គារ ដើម្បី​ការពិភាក្សាអំពី​មធ្យោ បាយ​ក្នុងស្រុក​ដើម្បីទប់​ស្កាត់​ជម្លោះជីហាដនៅតំបន់សាហែល​ ពីការគំរាមកំហែងដល់ ប្រទេសជាច្រើន​នៅឈូងសមុទ្រហ្គីណេ ប៉ុន្តែការជួបជុំគ្នាបានបញ្ចប់ដោយគ្មានសេចក្តីប្រកាសសំខាន់។


ប្រទេស​ឈូង​សមុទ្រ​មាន​ដូច​ជា​ប្រទេស​ហ្គាណា ​បេនីន ​តូហ្គោ ​និង​ កូតឌី​វ័រ​ ប្រឈម​នឹង​ការ​គំរាមកំហែង​ដែល​កំពុង​កើន​ឡើង ​និង​ការ​វាយប្រហារ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​និយម​ឆ្លង​ព្រំដែន​ភាគ​ខាងជើង​របស់​ពួកគេ​ជា​មួយ​នឹង​ប្រទេស​បួគីណា​ហ្វាសូ​ និង​នីហ្សេ។


ជំនួប​នៅក្នុង​រដ្ឋធានី​អាក្រា​នៃ​ប្រទេស​ហ្គាណា​ ក៏កើត​មាន​ឡើង​ផងដែរ ខណៈដែល​ប្រទេ​ស​លោក​ខាង​លិច​កាន់​តែ​ច្រើន ​បាន​ដក​កងរក្សា​សន្តិភាព​ចេញ​ពី​ប្រទេសម៉ាលី​ បន្ទាប់ពី​របបយោធា​របស់ខ្លួន ​បាន​ពង្រឹង​កិច្ចសហ​ប្រតិ​បត្តិ​ការ​ជា​មួយ​រុស្ស៊ី។


ប្រធានា​ធិបតី​ហ្គាណា លោក Nana Akufo-Addo បាន​និយាយ​ថា សន្តិសុខ​នៅ​តំបន់​សាហែល​ កាន់​តែ​អាក្រក់ទៅៗ ​គឺ​គំរាមកំហែង​ហ៊ុមព័ទ្ធ​តំបន់​អាហ្វ្រិក​ខាងលិច​ទាំងមូល​។


លោកបាន​និយាយថា៖​«ក្រុម​ភេរវករ​ដែល​ជំរុញ​ដោយ​ជោគជ័យ​ជាក់ស្តែង​របស់​ពួកគេ​នៅក្នុង​តំបន់ កំពុង​ស្វែង រក​មូលដ្ឋាន​ប្រតិបត្តិការ​ថ្មី ដែល​ជា​ការ​វិវឌ្ឍមួយ​ដែល​បាន​បង្ក​ឱ្យមានការ​គំរាម​កំហែង​ឆ្ពោះទៅ​ភាគ​ខាងត្បូង​»។


ក្រោម​អ្វី​ដែល​ហៅ​ថា​ គំនិត​ផ្តួចផ្តើម​ទី​ក្រុង​អាក្រា​ ប្រមុខ​រដ្ឋ​នៃ​ឈូង​សមុទ្រ​ហ្គីណេ​ និង​មេដឹកនាំ​មក​ពី​ប្រទេស​នីហ្សេ ​និង​បួគីណាហ្វាសូ ​បាន​ជួប​ជា​មួយ​ក្រុម​អ្នក​តំណាង​មក​ពី​ប្លុក​អាហ្វ្រិក​ខាងលិច ECOWAS សហ​ភាព​អឺរ៉ុប អង់​គ្លេស​និង​បារាំង​ នៅ​ក្នុង​ប្រទេស​ហ្គីណេ​។

លោក​ បាន​អំពាវនាវ​ឱ្យ​មាន​គំនិត​ផ្តួចផ្តើម​ក្នុង​ស្រុក​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង ​និង​វិធីសាស្ត្រ​ទូលំ​ទូលាយ​ដែល​ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ ដើម្បី​កម្ចាត់​ឫស​គល់​នៃ​ក្រុម​ជីហាដ​និយម​។

«យើង​នៅ​តែ​រឹង​មាំ​ក្នុង​ការ​ប្តេជ្ញា​ទទួល​យក​មួយ​ចំណែក​ធំ​នៃ​ការ​ទទួល​ខុស​ត្រូវ​នេះ​»​។

នៅ​ពេល​សន្និសីទ​នោះ​ចប់ ​មេដឹកនាំ​អាហ្វ្រិក​ខាងលិច​ទាំងអស់​ មិន​បាន​ចេញ​សេចក្តី​ប្រកាស​អ្វីជា​ដំ​កំភួន​នោះ​ទេ។ នេះ​បើ​យើង​តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​សារ​ព័ត៌មាន AFP បាន​ឃើញ​។​

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ​ពួកគេ​បាន​កត់​សម្គាល់​ការ​ប្តេជ្ញា​របស់​ដៃគូទាំង​អស់ក្នុ​ង​ការ​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្តើម​នេះ​ហើយ​បាន​ផ្តល់​អនុ​សាសន៍​ថា​ វិធានការ​ជាក់ស្តែង​ ជា​ពិសេស​ទាក់ទង​នឹង​ការ​ផ្តល់​មូល​និធិ ​គួរ​តែត្រូវ​បាន​ចា​ត់ឡើង ​ដើម្បី​គាំទ្រ​ដល់​បណ្តា​ប្រទេស ​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​អំពើ​ភេរវកម្ម៕