សភា​អឺរ៉ុប​​ កាល​​ពី​ថ្ងៃ​ពុធ​ទី​ ២៣​ ខែ​វិច្ឆិកា​ បាន​​ប្រកាស​ចាត់​ទុក​​​​​រុស្ស៊ី​ថា​ជា​ «​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​»​ ​ដោយ​ចោទ​ប្រកាន់​កង​កម្លាំង​របស់​​ប្រទេស​នេះ​ ថា​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​​នៅ​ក្នុង​សង្រ្គាម​ឈ្លាន​​​ពាន​អ៊ុយក្រែន​ ដែល​កំពុង​បន្ត​អូស​បន្លាយ​របស់​ខ្លួន​។


​​​សមាជិក​សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​សេចក្តី​សម្រេច​នេះ ដោយ​ឆ្លង​កាត់​តាម​ការ​បោះ​ឆ្នោត​ ដែល​មាន​សមាជិក​សភា​ ៤៩៤ រូប​​គាំទ្រ​ ៥៨ ប្រឆាំង​ និង​ ៤៤ ទៀត​អនុបវាទ​។ ​​សេចក្ដី​សម្រេច​បាន​​ប្រកាស​ឡើង​យ៉ាង​ដូច្នេះ​ថា​​៖ «​​ការ​វាយ​ប្រហារ​ដោយ​ចេតនា​ និង​អំពើ​ឃោរឃៅ​ដែល​ធ្វើ​ឡើង​ដោយ​សហព័ន្ធ​រុស្ស៊ី ​ប្រឆាំង​នឹង​ប្រជាជន​ស៊ីវិល​អ៊ុយក្រែន​ ការ​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ី​វិល​ និង​ការ​រំលោភ​ធ្ងន់​ធ្ងរ​ដទៃ​ទៀត​នៃ​សិទ្ធិ​មនុស្ស​ និង​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​ គឺ​ជា​អំពើ​ភេរវកម្ម​»​។



​សភា​អឺរ៉ុប​​បាន​និយាយ​ថា​ ខ្លួន​ទទួល​ស្គាល់​រុស្ស៊ី​ថា ​ជា​រដ្ឋ​ឧបត្ថម្ភ​​អំពើ​ភេរវកម្ម​ និង​ជា​រដ្ឋ​ដែល​ប្រើ​មធ្យោបាយ​នៃ​អំពើ​ភេរវកម្ម។​ ថ្វី​ត្បិត​តែ​ការ​សម្រេច​នេះ​ មិន​ផ្ដល់​​ផល​វិបាក​ផ្នែក​ច្បាប់​ក៏​ពិត​មែន​ ប៉ុន្តែ​វា​គឺ​ជា​និមិត្ត​រូប​នយោបាយ​​ដ៏​សំខាន់​សម្រាប់​សហភាព​អឺរ៉ុប​ក្នុង​ដាក់​បន្ទុក​ទៅ​លើ​ក្រុង​ម៉ូស្គូ​ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ទាំង​ ២៧ របស់​​ប្លុក​​ធ្វើ​ការ​​តាម​ចំណាត់​ការ​​។


សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប​នេះ​ ធ្វើ​ឡើងបន្ទាប់​ពី​ក្រុង​​កៀវបាន​អំពាវ​នាវ​​​អស់​រយៈ​ពេល​​ជា​ច្រើន​​ខែ​ ឱ្យ​សហគមន៍​អន្តរជាតិ​​ដាក់​បញ្ចូល​រុស្ស៊ី​​​​ថា ​ជា​​រដ្ឋ​​ភេរវករ​ ចំពោះ​ការ​ឈ្លាន​ពាន​​ និង​​ការ​​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល​អ៊ុយក្រែន​​។

​​​ទោះ​បី​ជា​​​ក៏​ដោយ​​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ វ៉ុលឌីមៀរ​ ហ្សេលេនស្គី​ បាន​សារទរ​ចំពោះ​ចំណាត់​ការ​នៅ​ថ្ងៃ​​ពុធ​នេះ​ ដោយ​លោក​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺរ​ថា​៖ «​​រុស្ស៊ី​ត្រូវ​តែ​​​ឯកោ​នៅ​​​គ្រប់​កម្រិត​​ និង​ទទួល​ខុស​ត្រូវ​​​​ដើម្បី​បញ្ចប់​គោលនយោបាយ​​​ភេរវកម្ម​​ដ៏​យូរ​អង្វែង​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ និង​នៅ​ទូទាំង​ពិភព​លោក​»​។

​​​

គួរ​កត់​សម្គាល់​ថា​ ខុស​ពី​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​មិន​មាន​ក្រប​ខ័ណ្ឌ​ច្បាប់​ ដើម្បី​​ដាក់​បញ្ចូល​ប្រទេស​ណា​មួយថា​​​ជា​ «​​រដ្ឋ​ឧបត្ថម្ភ​​អំពើ​ភេរវកម្ម​» នោះ​ទេ​។ ​យ៉ាង​ណា​មិញ​ សេចក្ដី​សម្រេច​​ចុង​ក្រោយ​របស់​សភា​ប្លុក​​ ​បាន​​អំពាវ​នាវ​ឱ្យ​​​ទីក្រុង​ប្រ៊ុចសែល​​មាន​​​ «​ក្រប​ខ័ណ្ឌ​ច្បាប់​»​ ដើម្បី​ចាត់​វិធានការ​បែប​នេះ​ហើយ​ដាក់​​រុស្ស៊ី​​បញ្ចូល​ទៅ​ក្នុង​បញ្ជី​។

សមាជិក​សភា​អឺរ៉ុប​របស់​​លីទុយអានី​ លោក​ Andrius Kubilius ​ដែល​​គាំទ្រ​យ៉ាង​មុត​មាំ​លើ​សេចក្ដី​សម្រេច​ចិត្ត​នេះ​ បាន​​លើក​​ឡើង​ថា​៖ «​​​​រុស្ស៊ី​មិន​ត្រឹម​តែ​ជា​រដ្ឋ​​ឧបត្ថម្ភ​ភេរវកម្ម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​រដ្ឋ​ដែល​ប្រើ​ប្រាស់​មធ្យោបាយ​នៃ​អំពើ​ភេរវកម្ម​​ផង​ដែរ​។​ ​ការ​ទទួល​ស្គាល់​ការ​ពិត​នេះ​ដោយ​សភា​អ៊ឺរ៉ុប​ ​បញ្ជូន​សញ្ញា​នយោបាយ​​​ច្បាស់​លាស់​។ ​អឺរ៉ុប​ និង​ប្រជាជន​អឺរ៉ុប​មិន​ចង់​រក្សា​ភាព​អសកម្ម​ទេ​ នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង​ធំ​របស់​​ពួក​គេ​ បំពាន​គ្រប់​​​ស្តង់ដារ​មនុស្ស​ធម៌​ និង​អន្តរជាតិ​»។

​​ការ​លើក​ឡើង​របស់​​​លោក​ Kubilius បាន​ស​បញ្ជាក់​ឱ្យ​ឃើញ​ជំហរ​តឹង​រ៉ឹង​របស់​​សមាជិក​សហភាព​អឺរ៉ុប​នៅ​ភាគ​ខាង​កើត​​ ​​រួម​ទាំង​​​​​លីទុយអានី ​ឡេតូនី​​ អេស្តូនី ​និង​ប៉ូឡូញ​ ដែល​សុទ្ធ​តែ​បាន​ចាត់​ទុក​រុស្ស៊ី​ថា​ជា​ «រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​» រាប់​តាំង​​ពី​​លោក​ប្រធានាធិបតី​ វ្ល៉ាឌីមៀរ​ ពូទីន​ បញ្ជា​ទ័ព​ឱ្យ​ចូល​​លុក​លុយ​អ៊ុយក្រែន​​នៅ​ចុង​ខែ​​កុម្ភៈ​រហូត​មក​។

​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​​កាល​ពី​ថ្ងៃ​ពុធ​ ​ក៏​បាន​ជំរុញផង​ដែរ​​ឱ្យ​ប្លុក​បញ្ចូល​ក្រុម​ទាហាន​ស៊ី​ឈ្នួល​ Wagner ​និង​កង​ទ័ព​​ដែល​ស្មោះ​ត្រង់​នឹង​មេ​ដឹក​នាំ​រដ្ឋ​សហព័ន្ធ​រុស្ស៊ី​ Chechen ​លោក​ រ៉ាហ្សាន​ កាដៀរូវ​ ​ទៅ​ក្នុង​​បញ្ជី​​ទណ្ឌកម្ម​របស់​ប្លុក​​សម្រាប់​អង្គការ​​ភេរវករ​។

បន្ថែម​​ពី​លើ​នេះ​ សេចក្ដី​សម្រេច​ដដែល​​បាន​​​អំពាវ​នាវ​​ឱ្យ​មាន​​ការ​​ផ្ដាច់​រុស្ស៊ី​ឱ្យ​នៅ​ឯកោ​លើ​ឆាក​​អន្តរជាតិ​​បន្ថែម​ទៀត​​​រួម​ទាំង​ផ្ដាច់​ចេញ​ពី​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ និង​ស្ថាប័ន​អន្តរជាតិ​ដទៃ​​ៗ។ ​ជាមួយ​គ្នា​នោះ​ ក៏​មាន​ការ​ស្នើ​ឱ្យ​អឺរ៉ុប​​ដាក់​កញ្ចប់​ទណ្ឌកម្ម​​ថ្មី​ (ទី​៩​) ​​ប្រឆាំង​នឹង​ទីក្រុង​មូស្គូ​ និង​​ការងារ​បន្ថែម​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​គេចវេស​​​​ទណ្ឌកម្ម​​បច្ចុប្បន្ន​។​

​ប្រតិកម្ម​ទៅ​នឹង​ងារ​ថ្មី​របស់​ខ្លួន​​​​ ​​បេសសកម្ម​​​រុស្ស៊ី​​ប្រចាំ​សហភាព​អឺរ៉ុប​ បាន​រិះ​គន់​​​ថា ការ​ដាក់​រុស្ស៊ី​ថា​ជា​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​​មិន​សម​ហេតុ​ផល​។ ​បេសសកម្ម​ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​​ទំនាក់​ទំនង​តេឡេក្រាម​ថា​៖ «​​ភាព​មិន​សម​ហេតុ​ផល​នៃ​គំនិត​នេះ​ គឺ​បង្ហាញ​ឱ្យ​ឃើញ​ចំពោះ​សមាជិក​សភា​​អឺរ៉ុប​ទាំង​អស់​ ដែល​គាំទ្រ​វា (សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប​)​»។ បេសកកម្ម​​​បន្ថែម​ទៀត​ថា​​ «​​ភារកិច្ច​ដែល​កំណត់​ដោយ​សភា​អឺរ៉ុប​ គឺ​សាមញ្ញ​ ​​គឺ​​​ធ្វើ​​​ឱ្យ​​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​រុស្ស៊ី​តាម​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​»។ ​

​ជាមួយ​នោះ​ផង​ដែរ​​គ្នា​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ លោក​ស្រី​ Maria Zakharova បាន​​ថ្លែង​​ផ្ចាញ់​ផ្ចាល​​ថា​ ​សភា​​អឺរ៉ុប​​គួរ​តែ​​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ «​អ្នក​ឧបត្ថម្ភ​នៃ​ភាព​ល្ងង់​ខ្លៅ»​។​

គួរ​​​ជ្រាប​​ថា​ ការ​ប្រកាស​ដាក់​រុស្ស៊ី​ថា ​ជា​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​ធ្វើ​ឡើង​ ខណៈ​ដែល​កង​ទ័ព​ឈ្លាន​ពាន​របស់​ប្រទេស​នេះ​ បាន​បង្កើន​ការ​វាយ​ប្រហារ​​ដោយ​មីស៊ីល​លើ​​ហេដ្ឋរចនា​សម្ព័ន្ធ​ស៊ីវិល​​​អ៊ុយក្រែន​នៅ​ទូទាំង​ប្រទេស ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ នៅ​​ពេល​ដែល​កង​កម្លាំង​របស់​ខ្លួន​ចាញ់​ប្រៀប​កង​ទ័ព​អ៊ុយក្រែន​​នៅ​សមរភូមិ​​។

ក្នុង​ថ្ងៃ​ដែលខ្លួន​​ទទួល​បាន​ងារ​ថ្មី​​នេះ​ រុស្ស៊ី​បាន​បាញ់​មីស៊ីលគ្រូស​​ចំនួន​ ៧០ គ្រាប់​ និង​ដាក់​ពង្រាយ​​​ដ្រូន​វាយ​ប្រហារ​ទៅ​អ៊ុយក្រែន​​​​​ ដែល​​ធ្វើ​ឱ្យ​​ដាច់​​ប្រព័ន្ធ​ទឹកស្អាត​​តាម​តំបន់​ និង​​បណ្ដាញ​​​អគ្គិសនី​នៅ​​​ទូទាំង​ប្រទេស​​​ និង​​រាល​ដាលរហូត​​​​ដល់​​ម៉ុលដាវី​។ ការ​វាយ​​ប្រហារ​នៅ​ថ្ងៃ​ពុធ​នេះ​ ក៏​បាន​សម្លាប់​​ជន​ស៊ី​វិល​ ១០ នាក់​ផង​ដែរ​។

​ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​បន្ទាន់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​​នៅ​ល្ងាច​ថ្ងៃ​ពុធ​ លោក​ ហ្សេលេនស្គី ​បាន​និយាយ​ថា​ អ៊ុយក្រែន​នឹង​ដាក់​ចេញ​នូវ​​សេចក្ដី​សម្រេច​ថ្កោល​ទោស​ «​គ្រប់​ទម្រង់​នៃ​ភេរវកម្ម​ថាមពល​»​។ ​លោក​​បាន​​ថ្លែង​ ដោយ​​សំដៅ​​​ទៅ​​លើ​លទ្ធភាព​​​វេតូ​របស់​រុស្ស៊ី​ថា​ «​​​​​​​វា​​​ជា​​រឿង​​មិន​​សម​​ហេតុ​ផល​​ដែល​​សិទ្ធិ​​វេតូ​ ​​ត្រូវ​​បាន​​ធានា​​សម្រាប់​​​ភាគី​ដែល​​បង្ក​សង្រ្គាម​នេះ​»​ ហើយ​បាន​បន្ត​ដោយ​សង្កត់​ធ្ងន់​​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មិន​អាច​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ​ឱ្យ​ភេរវករ​អន្តរជាតិ​​​​ម្នាក់(រុស្ស៊ី​)​​បាន​ទេ​»​។

ដូច​បាន​បញ្ជាក់​​រួច​មក​ហើយ​ថា​ លោក​ ហ្សេលេនស្គី​ ​និង​មន្រ្តី​អ៊ុយក្រែន​ បាន​អំពាវ​នាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​សហគមន៍​​អន្តរជាតិ ជា​ពិសេស​​សហរដ្ឋ​​​អាមេរិក​ ដែល​ជា​ម្ចាស់​ជំនួយសព្វាវុធ​ដ៏​​ធំ​បំផុត​​របស់​ខ្លួន​ ឱ្យ​​ដាក់​ប្រទេស​រុស្ស៊ី​ថា ​ជា​​រដ្ឋ​ឧបត្ថម្ភភេរវកម្ម​នៅ​ក្នុង​បរិបទ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​​រាប់​មិន​អស់​ ​​រួម​ទាំង​ការ​សម្លាប់​ជន​ស៊ីវិល ​និង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​ក្នុង​​ទីក្រុង​នានា​របស់​អ៊ុយក្រែន​។

មូល​ហេតុ​អ្វី​បាន​ជា​ការ​ដាក់​បញ្ចូល​រុស្ស៊ី​ជា​រដ្ឋ​ឧបត្ថម្ភភេរវកម្ម​សំខាន់​សម្រាប់​អ៊ុយក្រែន​?

ការ​​ដាក់​បញ្ចូល​​ប្រទេស​​​ណា​​​មួយ​ទៅ​ក្នុង​បញ្ជី​​រដ្ឋ​​ឧបត្ថម្ភភេរវកម្ម និង​ផល​វិបាក​នៃ​ការ​ចាត់​ថ្នាក់​នេះ​​ ​​អាស្រ័យ​ទៅ​លើ​​ក្រប​ខណ្ឌ​ច្បាប់​​ប្រទេស​នីមួយ​ៗ​​។ ​នៅ​សហរដ្ឋ​អាមេរិក​ មាន​រដ្ឋ​ជាក់​លាក់​មួយ​ចំនួន​ ​ត្រូវ​បាន​​បញ្ជូល​​ទៅ​ក្នុង​​បញ្ជី​របស់​ក្រសួង​ការ​បរទេស​​​​​ ដែល​រួម​មាន​​គុយបា ​អ៊ីរ៉ង់ ​កូរ៉េ​​ខាង​​ជើង​ និង​​ស៊ីរី​។ ​

តាម​ច្បាប់​របស់​អាមេរិក​ រាល់​​ប្រទេស​ណា​ដែល​​មាន​ឈ្មោះ​​ក្នុង​បញ្ជី​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​របស់​​ក្រុង​វ៉ាស៊ីនតោន​​ នោះ​មាន​ន័យ​ថា អាមេរិក​​នឹង​​​រឹត​បន្តឹង​លើ​ជំនួយ​បរទេស​​ ​ហាម​ឃាត់​លើ​ការ​នាំចេញ​​​​​​ផ្នែក​ការពារ​ជាតិ​ ​​គ្រប់​គ្រង​លើ​ការ​នាំ​ចេញ​បច្ចេក​វិទ្យា​​ដែល​ប្រើ​សំខាន់​ក្នុង​វិស័យ​យោធា​ និង​រឹត​ត្បិត​​​លើ​​លំហូរ​ហិរញ្ញវត្ថុ​ ទៅ​កាន់​​ប្រទេស​របស់​ពួក​គេ​​ រួម​ជាមួយ​​នឹង​ទណ្ឌកម្ម​ផ្សេង​ៗ​ទៀត​។ ​វិធានការ​របស់​​​អាមេរិក​ ក៏​នឹង​ហាម​ឃាត់​ ឬ​រឹត​ត្បឹត​ផង​ដែរ​ ​លើ​បុគ្គល​ ឬ​អង្គភាព​ណា​ ដែល​​​មាន​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំង​នោះ​​​​​។

ហើយ​ប្រសិន​​អាមេរិក​ទទួល​យក​ការ​​ទទូច​សុំ​របស់​អ៊ុយក្រែន​នោះ​ ទាំង​នេះ​ហើយ​ដែល​ជា​ផល​វិបាក​ដែល​ក្រុង​ម៉ូស្គូ​នឹង​ប្រ​ឈ​ម​មុខ​។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ ​ងារ​ជា​ «​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​» ក៏​ប៉ះ​ពាល់​ដល់​អភ័យ​ឯក​សិទ្ធិ​អធិបតេយ្យ​ភាព​របស់​រុស្ស៊ី​ នៅ​ក្នុង​តុលាការ​អាមេរិក​ផង​ដែរ​។​

កន្លង​មក​ សមាជិក​សភា​អាមេរិក​មួយ​ចំនួន​បាន​ជំរុញ​​ឱ្យ​រដ្ឋបាល លោក​ ចូ​ បៃដិន​ ធ្វើ​ដូច្នេះ​ចំពោះ​រុស្ស៊ី​​​ ​រួម​ទាំង​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​ លោក​ Lindsey Graham ​ផង​ដែរ​។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ខែ​កញ្ញា​ លោក​ Graham ​បាន​​លើក​ឡើង​ថា​ ការ​ដក​អភ័យ​ឯក​សិទ្ធិ​របស់​រុស្ស៊ី​នឹង​អនុញ្ញាត​ឱ្យ​​មាន​ការ​ទាមទារ​សំណង​​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ ​នៃ​អំពើ​ភេរវកម្ម​ដែល​រដ្ឋ​រុស្ស៊ី​​ឧបត្ថម្ភ។​ ​​

យ៉ាង​ណា​មិញ​ ​មន្ត្រី​​អាមេរិក​​ផ្សេង​ទៀត​​​បាន​ប្រកែក​​ថា​ ការ​​ចាត់​តាំង​​នេះ​​មិន​​មែន​​ជា​​មធ្យោបាយ​​​ដ៏​​ល្អ​​បំផុត​​ដើម្បី​​ឲ្យ​​វិមាន​​ក្រឹមឡាំង​​ទទួល​​ខុស​ត្រូវ​​នោះ​ទេ​។​ ​​កាល​ពី​ខែ​មុន​ អ្នក​នាំ​ពាក្យ​របស់​​លោក​ បៃដិន​ ប្រធានាធិបតី លោក​ស្រី​Karine Jean-Pierre បាន​​ថ្លែង​ថា​ ការ​ដាក់​បញ្ចូល​ល​រុស្ស៊ី​ទៅ​ក្នុង​បញ្ជី​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​ ​​អាច​ធ្វើ​ឱ្យ​ខូច​គំនិត​ផ្តួច​ផ្តើម​លើ​ជំនួយ​​មនុស្ស​ធម៌​ ក៏​ដូច​ជា​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ជួយ​ទីក្រុង​កៀវ​​នៅ​លើ​តុ​ចរចា​ដើម្បី​សន្តិភាព​។ ​

អ្វី​ដែល​​សំខាន់​ដែរ​នោះ​ គឺ​ថា​ នៅ​សហរដ្ឋ​អាមេរិក​ ការ​កំណត់​នេះ ក៏​អាចនាំ​​ឱ្យ​​មាន​​ភាព​ស្មុគ​ស្មាញ​ជា​មួយ​​ប្រទេស​ទី​៣​ ដែល​មាន​​​​​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី​ផង​ដែរ​៕

វីដេអូ​៖