ខណៈពេលដែលរដ្ឋាភិបាលចិនកំពុងប្រឈមបញ្ហាផ្ទៃក្នុង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ តាមគោលនយោបាយ «សូន្យកូវីដ» មានការកត់សម្គាល់ឃើញថា រដ្ឋាភិបាលចិន មានការជ្រៀតជ្រែកតិចតួចលើកិច្ចការបោះឆ្នោតនៅកោះតៃវ៉ាន់។
ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយ «សូន្យកូវីដ» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងប្រទេសចិន។ តាមរយៈគោលនយោបាយនេះ អាជ្ញាធរតាមតំបន់ និងក្រុងនានារបស់ចិន បានអនុវត្តវិធីសាស្ត្រដ៏តឹងរឹង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ ប៉ុន្តែស្ថានភាពនៃការរីករាល នៅប្រទេសចិននៅតែខ្លាំងក្លាដដែលរហូតដល់បច្ចុប្បន្ននេះ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃអាទិត្យ បានបង្ហាញថា ប្រជាជនចិនកាន់តែច្រើនឡើងនៅតាមទីក្រុងនានាជាច្រើន ក្រោកឡើងតវ៉ា ចំពោះវិធានការណ៍ដ៏តឹងរឹងរបស់អាជ្ញាធរចិន។
ប្រជាជននៅទីក្រុងសៀងហៃ នៅព្រឹកថ្ងៃអាទិត្យ បានតវ៉ាទាមទារឱ្យលើកបម្រាមបិទខ្ទប់ចេញ។ អគ្គិភ័យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលបានសម្លាប់មនុស្ស ១០ នាក់ នៅក្នុងអគារខ្ពស់មួយ ក្នុងទីក្រុង Urumqi រដ្ឋធានីនៃតំបន់
Xinjiang បានបង្កឱ្យមានកំហឹងជាសាធារណៈ។ អ្នកប្រើប្រាស់អ៊ិនធឺណេតជាច្រើន បាននឹកស្មានថា អ្នកស្រុកមិនអាចរត់គេចខ្លួនទាន់ពេលទេ ដោយសារអគារនេះត្រូវបានបិទដោយផ្នែក ប៉ុន្តែមន្ត្រីក្រុងបានបដិសេធ។
ដោយសារតែបញ្ហាផ្ទៃក្នុងនេះ គេកត់សម្គាល់ថា ប្រទេសចិនបានជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់តៃវ៉ាន់តិចតួចណាស់ ក្នុងដំណាក់កាលនេះ។
ទីភ្នាក់ងារព័ទ៌មានរ៉យទ័របានផ្សាយថា រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយកាលពីសប្តាហ៍មុនថា តៃវ៉ាន់កំពុងមើលឃើញការជ្រៀតជ្រែករបស់ចិនតិចជាងមុន នៅមុនការបោះឆ្នោតក្នុងស្រុក ប្រហែលជាដោយ សារតែបញ្ហាក្នុងស្រុករបស់ចិនផ្ទាល់ និងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកែលម្អមុខមាត់អន្តរជាតិរបស់ខ្លួន៕