សមាជិកសភា បាននិយាយថា ទារកប្រហែល ៤៥ ០០០ នាក់ ដែលកើតដោយម្តាយជនជាតិរុស្សីពពោះជំនួសត្រូវបាននាំយកទៅក្រៅប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រុស្សីនឹងអនុម័តច្បាប់ហាមប្រាមជនបរទេសមិនឱ្យធ្វើកិច្ចសន្យាស្ត្រីរុស្ស៊ីធ្វើជាម្តាយពពោះជំនួសឱ្យពួកគេឡើយ។
លោក Vyacheslav Volodin ប្រធានសភាជាន់ទាបនៃសភារុស្ស៊ី បានធ្វើសេចក្តីប្រកាសនេះ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងទិវាមាតាជាតិ។
ការពពោះជំនួសដោយបង់ប្រាក់ គឺស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែការអនុវត្តនេះ ត្រូវបានរិះគន់ដោយក្រុមសាស នាថា ជាពាណិជ្ជកម្មកំណើតរបស់កុមារ។ លោក Volodin បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «អ្វីគ្រប់យ៉ាងត្រូវតែធ្វើ ដើម្បីការពារកុមារដោយការហាមឃាត់ជនបរទេសពីការប្រើប្រាស់សេវាកម្មពពោះជំនួស យើងនឹងធ្វើការសម្រេចចិត្តនេះ នៅដើមខែធ្នូ»។
ប្រធានសភារូបនេះ បានបញ្ជាក់ទៀតថា ទារកប្រហែល ៤៥ ០០០ នាក់ ដែលកើតដោយម្តាយពពោះជំនួស ត្រូវបាននាំយកទៅក្រៅប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបានបន្ថែមថា៖ «ការជួញដូរកុមារ គឺជាការមិនអាចទទួលយកបានទេ»។
សមាជិកសភារុស្ស៊ី បានអនុម័តច្បាប់នេះ ស្ទើរតែជាឯកច្ឆន្ទ ក្នុងការអានលើកដំបូងរបស់ខ្លួន នៅខែឧសភា។ ប្រសិនបើបានឆ្លងកាត់វគ្គផ្តាច់ព្រ័ត្រទី៣ នោះនឹងត្រូវពិនិត្យឡើងវិញដោយសភាជាន់ខ្ពស់ ហើយនឹងចុះហត្ថលេខាចេញជាច្បាប់ ដោយលោកប្រធានាធិបតី Vladimir Putin៕