លោក ​គីម ជុងអ៊ុន ​ប្រកាស​ថា ​កូរ៉េខាងជើង​ចង់ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ

Content image - Phnom Penh Post
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងកូនស្រីរបស់លោក អបអរសាទរដល់ទាហានដែលបានរួមចំណែកក្នុងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបថ្មី (ICBM) នៅទីតាំងមិនស្គាល់នៅក្នុងប្រទេសកូរ៉េខាងជើង។ AFP

ប្រព័ន្ធផ្សព្វ​ផ្សាយរដ្ឋ​បាន​រាយការណ៍​កាល​ពីថ្ងៃ​អាទិត្យថា ​មេដឹកនាំ​កូរ៉េខាងជើង​លោក ​គីម ​ជុងអ៊ុន បាន​និយាយថា​ប្រទេស​របស់​លោក​មាន​គោល​បំណង ​ចង់មាន​កង​កម្លាំងនុយ​ក្លេអ៊ែរដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភព​លោក​ ខណៈ​ដែល​លោក​បាន​ដំឡើង​តំណែង​មន្ត្រី​យោធា​រាប់សិប​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​បង្ហោះ​មីស៊ីល​បាលីស្ទិក​ថ្មីមួយ​។

ការប្រកាសនេះ​ធ្វើឡើង​បន្ទាប់​ពីលោក ​គីម ​បាន​ត្រួតពិនិត្យ​ការ​សាកល្បង​កាល​ពីថ្ងៃទី ១៨ ​ខែ​វិច្ឆិកា​ ចំពោះ​ការបាញ់ Hwasong-17 ដែលជា​មីស៊ីល​បាលីស្ទិកបាញ់​ផ្លោង​អន្តរទ្វីប ​(ICBM) ​ដ៏​ធំបំផុត​របស់​កូរ៉េ​ខាងជើង និង​បាន​សន្យាថា​នឹង​ទប់ទល់​ចំពោះ​អ្វីដែល​លោក​ហៅថា ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​សហ​រដ្ឋ​អាមេរិក​។

លោក​ គីម ​បាននិ​យាយ​នៅក្នុង​សេចក្ដីប្រកាស​ដំឡើង​តំណែង​របស់​មន្ត្រីថា ៖​«គោលបំណង​ចម្បង​បំផុត​របស់​កូរ៉េ​ខាងជើង​ គឺត្រូវ​ក្លាយជា​កងកម្លាំង​យុទ្ធសាស្រ្ត​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​ ដែលមិន​ធ្លាប់មាន​កាលពី​មុនមក​ក្នុង​សតវត្សរ៍»​។ លោក​ក៏​បន្ថែមថា ​ការ​កសាង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេសនេះ ​នឹងអាច​ជួយ​ការពារ​សេចក្តី​ថ្លៃថ្នូរ និង​អធិបតេយ្យ​ភាព​របស់រដ្ឋ ​និង​ប្រជាជន​។

គាត់​បាន​ពិពណ៌នា​ថា ​Hwasong-17 ​គឺជា​«អាវុធ​យុទ្ធសាស្ត្រ​ដ៏ខ្លាំង​បំផុត​របស់​ពិភពលោក»​ ហើយ​បាន​និយាយថា​ អាវុធនេះ​បង្ហាញ​ពី​ការ​តាំងចិត្ត ​និង​សមត្ថភាព​របស់​កូរ៉េខាងជើង ​ក្នុង​ការកសាង​កងទ័ព​ដ៏​ខ្លាំងបំផុត​របស់​ពិភព​លោក។​

លោក គីម​ ក៏​ត្រូវ​បានដក​ស្រង់​សម្តី​បន្ថែម​ទៀតថា​ អ្នក​វិទ្យាសាស្ត្រ​កូរ៉េខាងជើង​បាន​ធ្វើឱ្យ "​មានកា​រលោតផ្លោះ​ដ៏​អស្ចារ្យ​មួយ ដោយបានអភិវឌ្ឍន៍​បច្ចេកវិទ្យា​នៃ​ការ​ដំឡើង​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅលើ​មីស៊ីល​បាលីស្ទិក ​ដែលការ​ធ្វើបែបនេះ​នឹងត្រូវ​បាន​គេរំពឹងថា​នឹង​ពង្រីក ​និង​ពង្រឹង​សមត្ថភាព​រារាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​ខ្លួន​ក្នុងល្បឿន​ដ៏លឿន​មិន​ធម្មតា​មួយ​។ គេក៏ឃើញ លោកគីម​​ថត​រូប​ជាមួយ​នឹង​អ្នក​វិទ្យាសាស្ត្រ វិស្វករ ​និង​មន្ត្រី​យោធា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើការ​សាកល្បង​នេះ។

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋ​ ក្រុមនេះ​ បាន​សន្យា​ការពារ​«អំណាចដាច់ខាត» របស់​គណបក្ស ​និង​លោកគីម​ហើយ​ថែមទាំង​បាន​ប្តេជ្ញាថា ​«មីស៊ីល​របស់យើង​នឹងហោះ​ហើរ​យ៉ាងខ្លាំង​ក្លាតែ​ក្នុង​ទិសដៅ​ដែល​ត្រូវ​បាន​កំណត់»​ ដោយ​លោក ​គីម ប៉ុណ្ណោះ​។

ជាមួយនឹង​សមត្ថភាព​ហោះទៅដល់​សហ​រដ្ឋអាមេរិក​ ការ​បាញ់បង្ហោះ ​Hwasong-17 ​បាន​ជំរុញឱ្យ​សហរដ្ឋ​អាមេរិក​ អំពាវនាវ​ឱ្យ​មាន​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បីឱ្យ​កូរ៉េខាង​ជើង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សាកល្បង​មីស៊ីល​របស់ខ្លួន ​ដែលត្រូវ​បាន​ហាមឃាត់​ដោយ​សេចក្ដី​ប្រកាស​របស់​ក្រុមប្រឹក្សា​សន្តិសុខ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក៏​បាន​បង្ហាញ​វត្តមាន​កូនស្រី​របស់​លោក ​គីម ​ជុងអ៊ុន ​អម​ជា​មួយ​លោក​ផង​ដែរ ​ខណៈ​លោក​កំពុង​ត្រួត​ពិនិត្យ​មើល​មន្ត្រី​ទាំងនោះ។ ​ការ​បង្ហាញ​ខ្លួន​លើកដំបូង​ដែលមិន​នឹកស្មាន​ដល់​របស់នាង ​ក្នុង​ការបាញ់​សាកល្បង​ Hwasong-17 ​បង្កើតឱ្យ​មាន​ការ​រំពឹងទុកថា ​ថ្នាក់ដឹក​នាំ​នៃ​រដ្ឋ​ផ្តាច់ការ​មួយនេះ​ នឹងអាច​បន្តទៅ​ដល់​ត្រកូល​គីម​ជំនាន់​ទី៤។

ទី​ភ្នាក់ងារ​ ព័ត៌មាន​រដ្ឋ ​KCNA​ បាន​រាយការណ៍​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ផ្សេងទៀត​ ដោយ​ប្រើ​ឈ្មោះ​ប្រទេស​ផ្លូវ​ការ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ថា ​គណៈក​ម្មាធិការ​អចិន្ត្រៃយ៍​របស់​សភា​ប្រជាជន​កំពូលដ៏​មាន​ឥទ្ធិពល​​របស់​ប្រទេស​កូរ៉េខាងជើង​ បាន​ផ្តល់​រង្វាន់​ដល់​មីស៊ីល ​Hwasong-17​ នូវងារជា​«វីរបុរស​កូរ៉េខាងជើង ​និង​មេ​ដាយ​ផ្កាយ​មាស​ និង​សណ្តាប់​ធ្នាប់​នៃ​ទង់ជាតិ​ថ្នាក់ទី១»​។

KCNA បាន​និយាយថា ​(មីស៊ីលនេះ) ​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាងច្បាស់​នៅ​ចំពោះ​មុខ​ពិភពលោក​ថា ​កូរ៉េខាងជើង ​គឺ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​ពេញលេញ​ដែល​មាន​សមត្ថភាព​អាច​ប្រឆាំង​នឹង​អំណាច​នុយក្លេអ៊ែរ​របស់​ចក្រពត្តិ​និយម​អាមេរិក​ ហើយ​បាន​បង្ហាញ​យ៉ាងច្បាស់​លាស់​នូវ​ពលកម្លាំង​របស់​ខ្លួនថា​ជា​រដ្ឋ ​ICBM ​ដ៏មាន​ឥទ្ធិពល​បំផុត​៕

វីដេអូ៖

ព័ត៌មានថ្មីៗ