ឧបនាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេសកោះនេះ ​លោក​ Alejandro Gil​ បាន​ថ្លែង​កាលពី​ថ្ងៃសៅរ៍​ថា ​ប្រទេស​ចិន បាន​បរិច្ចាគ​ប្រាក់ចំនួន ១០០​ ​លាន​ដុល្លារ​ដល់​ប្រទេស​គុយបា ​ដើម្បី​ជួយ​ប្រទេសមួយនេះ​ ឱ្យ​រួច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​ដែលធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ជំងឺ​រាតត្បាត​កូវី​ ១៩។


ការ​ផ្តល់​ជំនួយ​នេះ​ បាន​ធ្វើឡើង នៅពេល​ដែល​ប្រធានាធិបតី​គុយបា​ លោក ​Miguel Diaz-Canel បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេសចិន ជា​ផ្នែក​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដ៏​កម្រ​នោះ។


លោក Gil បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​រដ្ឋ​គុយបា​ថា​ លោក​ប្រធានាធិបតី​ចិន ស៊ី ​ជីនភីង ​និង​លោក ​Diaz-Canel បាន​ជួបគ្នា​កាល​ពី​ថ្ងៃ​សុក្រ ​ហើយ​ប្រទេស​ចិន​ បាន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់ប្រ​ហែល​ ១០០​ លាន​ដុល្លារ​។


លោក​ Gil ​ដែល​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​គុយបា​ដែរ​នោះ ​បាន​លើក​ឡើង​ថា​ ប្រាក់​នេះ​ នឹង​ធ្លាក់ចូល​ទៅ​ក្នុង​វិស័យ​​អាទិភាព​នៅ​លើ​កោះ​នេះ ​ដែល​ត្រូវ​បាន​រង្គោះរ​ង្គើ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​របស់​ខ្លួន​រយៈពេល​ ៣​ ទស​វត្សរ៍​ហើយ​នោះ។


លោក Diaz-Canel បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃសុក្រ​ ហើយ​បន្ត​ដំណើរ​ទេសចរណ៍​ជា​សកល​ដែល​ត្រូវ​បាន​រៀបចំ​ឡើង ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​ប្រទេស​គុយបា ​ក្នុង​ការ​ជួសជុល​ប្រព័ន្ធ​អគ្គិសនី ​ដែល​បាន​ខូច​ម្តង​ហើយ​ម្តងទៀត​នោះ​ ដោយ​បាន​បណ្តាល​ឱ្យ​មាន​ការ​ដាច់ភ្លើង​ញឹក​ញាប់​នោះ​។


លោក Gil បាន​ថ្លែង​និ​យាយថា ​មេដឹកនាំ​នៃ​ប្រទេស​ទាំង ២ ​ក៏​បាន​ពិភាក្សា​អំពី​ប្រធាន​បទ​នៃ​បំណុល ​ដែល​គុយ បា​បាន​ជំពាក់​ប្រទេស​ចិន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ទំហំ​នៃ​បំណុល​នោះទេ​។

លោក​បាន​បន្ថែមថា៖ ​«ប្រធានាធិបតី​របស់​យើង បាន​ពន្យល់​ពី​ស្ថានភាព​ដែល​យើង​ប្រឈម​មុខ ហើយ​មាន​ការ​យោគយល់​ពី​ប្រទេសចិន។ ​យើង​កំពុង​ស្វែងរក​រូបមន្ត​សម្រាប់​ការ​រៀបចំ​ផែន​ការនិង​រចនា​សម្ព័ន្ធ​បំណុល​ឡើង​វិញ​»។

ប្រទេសចិន​ គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ទី២ ​របស់​គុយបា​ បន្ទាប់​ពី​វ៉េណេស៊ុយ​អេឡា។ ​ប្រទេស​ទាំង​ ២ ​គឺ​ជា​សម្ព័ន្ធ​មិត្ត​នយោបាយ​ដ៏​រឹងមាំ​របស់​គុយបា៕