មន្ត្រី​យោធាជាន់​ខ្ពស់​អាមេរិក ​បារម្ភ​ការ​រីកចម្រើន​វិស័យ​យោធា​អវកាស​របស់​ចិន ​ជា​ការ​គំរាម​កំហែង​ខ្លាំង​ដល់​អាមេរិក​

Content image - Phnom Penh Post
លោក​ស្រីឧត្តមសេនីយ៍ឯក Nina Armagno នាយកបុគ្គលិកនៃកងកម្លាំងអវកាសអាមេរិក។ ហ្វេសប៊ុក​

ប្រធាន​ផ្នែក​អវកាស​យោធា​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​​ថ្ងៃចន្ទនេះថា ​ការ​រីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស​នៅ​ក្នុង​សមត្ថភាព​យោធា​របស់​មហាអំណាច​ចិន ​បង្ក​​ហានិភ័យ​ដែល​កំពុង​កើន​ឡើង​ដល់​ឧត្តមភាព​របស់​អាមេរិក​នៅ​ក្នុង​ទី​អាកាស។​ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​រ៉យទ័រ​នៅ​មុននេះ​​។

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុងស៊ីដនី​ដែល​គ្រប់គ្រង​ដោយ​វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្រ្ត​​អូស្រ្តាលី ​(Australian Strategic Policy Institute) ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​ផ្នែក​ដែល​ផ្តល់​មូល​និធិ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​និង​អូស្ត្រាលី ​ឧត្តម​សេនីយ៍​ឯក Nina Armagno ​នាយក​បុគ្គលិក​នៃ​កង​កម្លាំង​អវកាស​អាមេរិក​ បាន​និយាយ​ថា ទីក្រុង​ប៉េកាំង​បាន​ធ្វើ​ឱ្យ​មាន​ការវិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​អវកាស​ផ្នែក​យោធារួមទាំង​ផ្នែក​ជា​ច្រើន​ទៀត​​ដូចជា​ទំនាក់ទំនង​ផ្កាយ​រណប ​និង​យាន​អវកាស​ដែល​អាច​ប្រើ​ឡើង​វិញ​បាន​ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នានា​បង្កើន​ទំហំ​កម្មវិធី​អវកាស​របស់​ពួកគេ​យ៉ាង​ឆាប់​រហ័ស​។

​រ៉យទ័រ​បាន​ស្រង់​សម្តី​ឧត្តមសេនីយ៍​ឯក ​Armagno ​ដូច​អះអាង​ថា៖​ «ខ្ញុំ​គិត​ថា​វា​ពិត​ជា​អាច​ទៅ​រួច​ទាំងស្រុង​ដែល​ពួកគេ​អាច​តាម​ទាន់ ​និង​លើស​ពួក​យើង​យ៉ាង​ពិត​ប្រាកដ។ ​វឌ្ឍន​ភាព​ដែល​​ពួក​គេ​បាន​ធ្វើ​ គឺ​មាន​​ភាព​អស្ចារ្យ​លឿន​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​»។

​​ជា​ប្រវត្តិសាស្រ្ត​ អាមរិក​​និង​រុស្ស៊ី​​បាន​រត់​ប្រណាំង​​គ្នា​ក្នុង​ទី​អវកាស​ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​ធ្វើ​ឱ្យ​មាន​ការជឿន​លឿន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ដែល​បាន​ធ្វើ​ឱ្យ​ទីក្រុងវ៉ាស៊ីន​តោន និង​ប្រទេស​លោក​ខាងលិច​ជឿនលឿន​មាន​ការ​ភ្ញាក់ផ្អើល​។

​រ៉យទ័រ​បាន​ផ្សាយ​ថា​ លោក​បណ្ឌិត​ Ye Peijian ប្រធាន​កម្ម​វិធី​រុករក​តាម​ចន្ទ​គតិ​របស់​ចិន ​បាន​ប្រដូច​ព្រះចន្ទ ​និង​ភព​ព្រះ​អង្គារ ​ទៅ​នឹង​កោះ​ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ទីក្រុង​ប៉េកាំង​ កំពុង​ព្យាយាម​ទាមទារ។

ប្រទេស​ចិន​ ក៏កំពុង​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ពិសោធ​ន៍ សំដៅ​រុក​រក​អាចម៍​ផ្កាយ និង​ភព​តូចៗ​សម្រាប់​ធនធានធម្មជាតិ។

ឧត្តម​សេនីយ៍ឯក​ Armagno បាន​និយាយ​ថា៖​ ​«(ប្រទេសចិន) ​គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​ទាំង​ចេតនា​ក្នុង​ការរៀប​ចំ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ និង​កាន់តែ​ខ្លាំង​ឡើង ទាំង​អំណាច​សេដ្ឋកិច្ច​ការទូត​ យោធា​ និង​បច្ចេក​វិទ្យា​ ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​នោះ​»៕​

ព័ត៌មានថ្មីៗ