លោក រីសុី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្តីអង់គ្លេសដែលទើបឡើងកាន់អំណាចរយៈពេល ១ ខែ កំពុងប្រឈមមុខនឹងការរុញច្រានពីក្រុមសមាជិកបក្សអភិរក្សដែលកំពុងកាន់អំណាចរបស់គាត់ ខណៈដែលពួកគេព្យាយាមបង្ខំឱ្យរដ្ឋាភិបាលទម្លាក់ការហាមឃាត់លើកសិដ្ឋានផលិតថាមពលខ្យល់ថ្មីនៅលើឆ្នេរសមុទ្រនៃប្រទេសនេះ។
សេចក្តីរាយការណ៍របស់រ៉យទ័រ អះអាងថា សមាជិកសភាមកពីបក្សអភិរក្សជាង ២០ រូប រួមទាំងអ្នកកាន់តំណែងមុន រួមមាន លោក Boris Johnson និង លោកស្រី Liz Truss កំពុងគាំទ្រការវិសោធនកម្មថាមពលខ្យល់ ដែលគេហៅថា« ច្បាប់ Levelling-Up និង Regeneration» ដែលត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សាមុនពេលសភាសម្រាកសម្រាប់វិស្សមកាលរបស់ខ្លួននៅថ្ងៃទី ២០ ខែធ្នូ។
នេះជាការទាមទារលើកទីពីររបស់ពួកគេលើច្បាប់ដូចគ្នាក្នុងរយៈពេលតិចជាង ១ សប្តាហ៍ បន្ទាប់ពីលោក ស៊ូណាក់ បានទាញការបោះឆ្នោតលើគម្រោងផែនការសាងសង់លំនៅឋាន ខណៈដែលសមាជិកសភារាប់សិបនាក់ បានគម្រាមកំហែង ដើម្បីតតាំង។
លោក Sunak កំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាកមួយក្នុងការគ្រប់គ្រងគណបក្សអភិរក្សដែលមិនរៀបរយស្រាប់នោះ ដែលត្រូវបានកំណត់ដោយការបះបោរលើបញ្ហាគោលនយោបាយជាច្រើនដែលបានរំខានដល់រដ្ឋាភិបាលជាបន្តបន្ទាប់។
អតីតប្រធានគណបក្សលោក Jake Berry បានប្រាប់ BBC កាលពីថ្ងៃអាទិត្យថា ការកើនឡើងនៃការចំណាយលើថាមពលបានធ្វើឱ្យគាត់ផ្លាស់ប្តូរចិត្តមកឥឡូវនេះត្រឡប់ទៅកសិដ្ឋានខ្យល់នៅលើឆ្នេរវិញ។ ដូច្នេះ លោកបាននិយាយថា លោកនឹងបោះឆ្នោតជាមួយក្រុមទាមទារនោះលើវិសោធនកម្មច្បាប់។
ប្រទេសអង់គ្លេស ដូរនាយករដ្ឋមន្ត្រីរហូតដល់ទៅ ៣ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារបញ្ហាកើតចេញពីក្នុងបក្សអភិរក្សដែលឈ្នះឆ្នោត និងកំពុងគ្រប់គ្រងអំណាចនៅអង់គ្លេស៕