ពេលវេលា​រំកិល​ទៅរក​ការ​អនុវត្ត​ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ដើម្បី​កាត់បន្ថយ​ប្រភព​ហិរញ្ញវត្ថុ សម្រាប់​គាំទ្រ​ដល់​សកម្មភាព​សង្គ្រាម នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក៏​កាន់តែ​កៀក ប៉ុន្តែ​ភាពមិន​ស៊ីចង្វាក់​គ្នា រវាង​វិធានការ​ទណ្ឌកម្ម តាមរយៈ​ការដាក់​ពិតាន​លើ​តម្លៃ​ប្រេង​មាន​ប្រភពពី​ប្រទេស​រុស្ស៊ី និង​ការចង់បាន​ពី​ប្រទេស​រងគ្រោះ ដោយសារ​សង្គ្រាមមាន​គម្លាត​ឆ្ងាយ​ណាស់​។​

​ក្រោយ​ចប់​កិច្ចប្រជុំ​នៃ​ប្រទេស​លូតលាស់​សេដ្ឋកិច្ច G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​ភ្លាមៗ គណៈកម្មការ​អឺរ៉ុប​ប្រជុំ​រៀបចំ​កញ្ចប់​ទណ្ឌកម្ម​តាម​ការ​សម្រេច​របស់​ក្រុម​ប្រទេស​លូត​​លាស់​ផ្នែក​ឧស្សាហកម្ម​ទាំង​ ៧ ហៅ​កាត់​ថា G7 ដែល​បានកំណត់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី កាលពី​ខែកញ្ញា ដោយ​ការដាក់​កម្រិត​ពិតាន​តម្លៃ​ប្រេង​។​

​គណៈកម្មការ​អឺរ៉ុប​បានស្នើ​ពិតាន​តម្លៃ​ប្រេង​ស្ថិតក្នុង​ចន្លោះ​ពី​ ៦០ ទៅ ៧០ ដុល្លារ ដែល​អ្នកវិភាគ​សេដ្ឋកិច្ច​ជឿថា ពិតាន​តម្លៃ​ប្រេង ដែល​បាន​ព្រាង​ឡើង​នោះ​ប្រហែលជា​មិន​បណ្តាលឱ្យ​ខូចខាត​អ្វី​ដល់​រំហូរ​សាច់ប្រាក់​របស់​រុស្ស៊ី​ឡើយ​។ ពិតាន​តម្លៃ​នេះ គឺ​ស្ទើរតែ​ប្រហាក់ប្រហែល​តម្លៃ​ប្រេង នាពេល​បច្ចុប្បន្ននេះ ខណៈដែល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន រំពឹងថា ពិតាន​តម្លៃ​គួរតែ​ទាប​ជាង​នេះ​យ៉ាងហោច​ក៏​ពាក់កណ្តាល ធៀប​នឹង​តម្លៃ ដែល​អឺរ៉ុប​រៀបចំ​ព្រាង​ឡើង​ដែរ​។​


​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) បាន​និយាយថា តម្លៃ​សម្រាប់​ប្រេង​សមុទ្រ​របស់​រុស្ស៊ី គួរតែ​ត្រូវ​បានកំណត់​នៅ​ចន្លោះ​ពី ៣០ ទៅ ៤០​ដុល្លារ​អាមេរិក ក្នុង ១ ​បារ៉ែល ដោយ​ទាប​ជាង​កម្រិត ដែល​ក្រុម​ប្រទេស G7 បានស្នើ​ឡើង​។ នេះ​បើតាម​រ៉​យ​ទ័​រ​។​

​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ដែល​ស្វែងរក​ការទប់ស្កាត់​លទ្ធភាពរ​បស់​ទីក្រុង​ម៉ូស្គូ ក្នុង​ការផ្តល់​មូលនិធិ​ដល់​សង្គ្រាម នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​មិន​បង្កឱ្យមាន​ការរំខាន​ដល់​ការផ្គត់ផ្គង់​ប្រេង ត្រូវបាន​បំបែក​ចេញពី​ការជំរុញ​របស់ G7 ដែល​ត្រូវ​បានកំណត់​ពី ​៦៥ ទៅ ៧០​ ដុល្លារ ក្នុង ១​ បារ៉ែល និង​ត្រូវ​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​ ៥ ខែធ្នូ សម្រាប់​ការអនុវត្ត​បណ្តោះអាសន្ន ក្នុង​ខែ​ដំបូង​។​


​ពិតាន​តម្លៃ​ថាមពល ដោយ​ស្ថិតក្រោម​ទណ្ឌកម្ម​ថ្មី​នេះ នឹងមាន​សុពលភាព​រយៈពេល ១ ​ឆ្នាំ ហើយ​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​ ២០២៣​។​

​សេចក្តីរាយការណ៍​រប​ស់ bne IntelliNews  ដែល​បាន​ដកស្រង់​សម្តី លោក Denis Cenusa ដែលជា​អ្នកសិក្សា​នៅ​មជ្ឈមណ្ឌល​សិក្សា​អឺរ៉ុប​ខាងកើត និង​ដែល​តាមដាន​រឿង​ថាមពល បានឱ្យដឹង​តាមរយៈ​បណ្ដាញ​សង្គម​ធ្វី​ត​ធើ​រថា​៖ «​ពិតាន​តម្លៃ​ឧស្ម័ន​នេះ ត្រូវបាន​ស្នើឡើង សម្រាប់​រយៈពេល ១ ​ឆ្នាំ ក្នុង​រយៈពេល ១ ​ខែ​ខាងមុខ​។ ដូច្នេះ សហភាព​អឺរ៉ុប​ព្យាយាម​គេច​ពី​ផលប៉ះពាល់​ទីផ្សារ​ឧស្ម័ន ខណៈដែល​ធាតុពិត វា​គ្មាន​ខាតបង់​អ្វី​ទេ​ដល់​រុស្ស៊ី ដើម្បី​លក់​ឧស្ម័ន​របស់ខ្លួន​តាម​បំពង់​បង្ហូរ​ប្រេង ឬ LNG ក្នុងតម្លៃ​ចំណេញ​ទេ​»​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដែល​បាន​ជំរុញ​សម្ព័ន្ធមិត្ត​ឱ្យ​ដាក់ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង ចំពោះ​មធ្យោបាយ​គ្រប់​ប្រភេទ​ប្រឆាំងនឹង​រុស្ស៊ី បាន​និយាយថា​៖ «​យើង​ចង់ឱ្យ​ទណ្ឌកម្ម​មាន​ប្រសិទ្ធ​ភាពខ្លាំង ក្នុងការ​ប្រយុទ្ធ​នេះ ដូច្នេះ​ដែន​កំណត់ គឺ​នៅ​កម្រិត​ពី ៣០ ទៅ ៤០​ ដុល្លារ ដូច្នេះ​រុស្ស៊ី​មាន​អារម្មណ៍​ថា ពួកគេ​រង (​ទណ្ឌកម្ម​)»​។​

​គំនិត​នៃ​ការដាក់​ពិតាន​តម្លៃ​ប្រេង គឺ​ដើម្បី​ហាមឃាត់​ការដឹកជញ្ជូន ធានារ៉ាប់រង និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ឡើងវិញ​ពី​ការដឹកជញ្ជូន​ទំនិញ​នៃ​ប្រេង​ឆៅ​របស់​រុស្ស៊ី នៅ​ជុំវិញ​ពិភពលោក លើកលែងតែ​វា​ត្រូវបាន​លក់​ក្នុងតម្លៃ​ទាប​ជាង​តម្លៃ ដែល​កំណត់ដោយ G7 និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​យោងតាម​ការផ្សាយ​រប​ស់​រ៉​យ​ទ័​រ​ដដែល ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងកើត​មាន ប៉ូឡូញ អេ​ស្តូ​នី និង​លី​ទុយ​អា​នី​ជាដើម កំពុង​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ទាប​ជាង ៦៥-៧០ ​ដុល្លារ ក្នុង ១​ បារ៉ែល ខណៈ​​ដែល​ប្រទេស​នៅ​ប៉ែក​ទក្សិណ​អឺរ៉ុប មានដូចជា​ប្រទេស​ក្រិ​ក ស៊ី​ប (Cyprus) និង​ម៉ា​ល់ត៍ ចង់បាន​តម្លៃ​ខ្ពស់ជាង​៕