ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ីនហួរ បាន​រាយការណ៍ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី ៣០ ខែ​វិច្ឆិកា​នេះ​ថា អវកាសយានិក​ចិន ៣ ​នាក់ បានធ្វើ​ដំណើរ​ទៅដល់​ស្ថានីយ​អវកាស Tiangong ជាទី​ដែល​ពួកគេ​នឹង​បំពេញ​ការ​ប្រគល់​ជូន​អវកាស​យានិក​ជា​លើកដំបូង​បំផុត​របស់​ចិន​ទៅក្នុង​គន្លង​តារាវិថី។

អវកាសយានិក​ទាំង ​៣ ធ្វើដំណើរ​តាម​យាន Shenzhou-15 តាមរយៈ​រ៉ុក្កែត Long March-2F ដែល​បាញ់​ចេញ​នៅ​ម៉ោង ១១ ​យប់​ថ្ងៃ​អង្គារ ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ Jiuquan នៅ​វាល​ខ្សាច់​ហ្គូប៊ី ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន។

បើតាម​ស៊ីន​ហួរ យាន Shenzhou-15 ដែល​ដឹក​អវកាសយានិក​ជើងចាស់​លោក Fei Junlong និង​អវកាស​យានិក​ថ្មី ២ ​នាក់​ទៀត រួមមាន​លោក Deng Qingming និង​លោក Zhang Lu បាន​ចូល​ចត​នៅ​ស្ថានីយ Tiangong ដោយ​ជោគជ័យ​នៅ​ព្រឹក​ថ្ងៃ​ពុធ។ អវកាសយានិក​ចិន ៣រូបនេះ បាន​ចូលរួម​ជាមួយ​អវកាសយានិក ៣​រូប​ផ្សេងទៀត ដែល​ធ្វើដំណើរ​ទៅ​ស្ថានីយ​ដូចគ្នា កាលពីដើម​ខែមិថុនា។


អ្នកនាំ​ពាក្យ​រដ្ឋបាល​អវកាស​ចិន (CMSA) លោក Ji Qiming បាន​ថ្លែង​ថា ការ​ទទួល​​ខុសត្រូវ​ចម្បង​របស់​បេសកកម្ម​គឺ «ការសម្រេច​បាន​នូវ​ការប្រគល់​នាវិក​លើក​ដំបូងនៅក្នុង​គន្លង​តារាវិថី ក៏ដូចជា​ការដំឡើង​ឧបករណ៍ និង​គ្រឿង​បរិ ក្ខារ​ទាំង​ខាងក្នុង និង​ក្រៅ​ស្ថានីយ​អវកាស និង​ការបន្ត​ពិសោធន៍​វិទ្យាសាស្ត្រ»។

លោក​បញ្ជាក់​ថា អវកាសយា​និក​នៃ​យាន Shenzhou-15 នឹង​ត្រូវ​ទទួល​យាន​ដឹក​សម្ភារ​ Tianzhou-6 ហើយ​ប្រគល់​ប្រតិបត្តិការ​ទៅឱ្យ​យានអវកាស Shenzhou-16 រួម​មក​គ្រោង​នឹងធ្វើ​ដំណើរ​ត្រឡប់មក​ផែនដី​វិញ នៅ​ខែឧសភា ឆ្នាំ​ក្រោយ។


គួរ​បញ្ជាក់ថា ស្ថានីយ​អវកាស Tiangong ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ គឺជា​សមិទ្ធផល​មួយ​នៃ​កម្មវិធី​អវកាស​ពេញ​ដោយ​មហិច្ឆតា​របស់​ទីក្រុង​ប៉េកាំង ដែល​ផ្ដល់​កន្លែង​ឱ្យ​យាន​រុករក​លើ​ភព​អង្គារ និង​ព្រះ​ចន្ទ​ចុះចត និង​ធ្វើឱ្យ​ចិន​ក្លាយជា​ប្រទេស​ទី​៣ ដែល​បញ្ជូន​អវកាសយានិក​ទៅ​គន្លង​តារាវិថី។ ភាពជឿនលឿន​បែបនេះ ធ្វើ​ឱ្យគេ​មើលឃើញថា ចិន​បាន​ចូលរួម​នូវ​ការប្រកួតប្រជែង​អវកាស​ជាមួយ​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី៕