វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យក្នុងតំបន់ បានប្រាប់សារព័ត៌មាន AFP ថា មនុស្សយ៉ាងចិត ១៩ នាក់បានស្លាប់ និង ២៤ នាក់ផ្សេងទៀត បានរងរបួសដោយការបំផ្ទុះគ្រាប់បែកនៅនៅសាលារៀនសាសនាអ៊ិស្លាម (madrassa) កាលពីថ្ងៃពុធ ក្នុងទីក្រុង Aybak ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។

មានការបំផ្ទុះគ្រាប់បែក និងការវាយប្រហាររាប់សិបលើក ដែលបានកំណត់គោលដៅទៅលើជនស៊ីវិល ចាប់តាំងពីក្រុមតា លីបង់វិលត្រឡប់មកកាន់អំណាច ក្នុងខែសីហាឆ្នាំ២០២១ ដែលភាគច្រើនត្រូវបានអះអាងដោយសាខាក្នុងតំបន់នៃក្រុម IS។

វេជ្ជបណ្ឌិតនៅទីក្រុងAybak មានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីកាប៊ុល បាននិយាយថា អ្នកស្លាប់ និងរបួស គឺភាគច្រើនជាក្មេងៗ។


គាត់បានប្រាប់សារព័ត៌មាន AFP ដោយមិនបញ្ចេញឈ្មោះថា៖««ភាគច្រើនក្នុងចំណោមពួកគេ គឺជាកុមារ និងប្រជាជនធម្មតា»។

មន្ត្រីខេត្តម្នាក់ បានបញ្ជាក់ពីការបំផ្ទុះនៅសាលា Al Jihad madrassa ជាសាលារៀនសាសនាអ៊ិស្លាម ប៉ុន្តែមិនអាចផ្តល់តួលេខអ្នកស្លាប់ ឬរងរបួសនោះទេ។


ក្រុមតាលីបង់ ដែលជារឿយៗនិយាយតួលេខជនអ្នកស្លាប់ ឬ រងរបួស បាននិយាយថា សិស្ស ចំនួន១០នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Abdul Nafay Takor បានសរសេរនៅលើធ្វីធើរថា ៖«អ្នកស៊ើបអង្កេត និងកងកម្លាំងសន្តិសុខរបស់យើង កំពុងធ្វើការយ៉ាងឆាប់រហ័ស ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តអំពើឧក្រិដ្ឋ ដែលមិនអាចលើក លែងបាន ហើយដាក់ទោសពួកគេចំពោះសកម្មភាពរបស់ពួកគេ»។

រូបភាពជាច្រើន និងវីដេអូ ត្រូវបានគេផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលមិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះ បានបង្ហាញឱ្យឃើញយុទ្ធជនតាលីបង់ដើរឆ្លងការសាកសពដែលស្ថិតក្នុងភាពរាយប៉ាយពេញជាន់នៃអគារមួយ។ កន្ទេលសម្រាប់បួងសួង កញ្ចក់ដែលបែកខ្ទេចខ្ទី និងកម្ទេចកំទីផ្សេងទៀត ខ្ទាត់រប៉ាត់រប៉ាយនៅកន្លែងកើតហេតុ។

វេជ្ជបណ្ឌិតនៅទីក្រុង Aybak បាននិយាយថា អ្នកជំងឺដែល រងរបួសធ្ងន់ធ្ងរមួយចំនួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលមានបរិក្ខារប្រសើរជាងមុននៅ Mazar-i-Sharif មានចម្ងាយប្រហែល១២០គីឡូម៉ែត្រពីកន្លែងវាយប្រហារនោះ។

គាត់បាននិយាយថា៖«អ្នកដែលនៅទីនេះ... ភាគច្រើនបានរងរបួសដោយសារគ្រាប់ផ្លោង និងរលកផ្ទុះ។ ពួកគេមានអំបែងគ្រាប់ផ្លោងនៅលើដងខ្លួន និងមុខរបស់ពួកគេ»។

អាមេរិកដែលបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំមុននេះក្រោយពី២ទសវត្សរ៍ បានសម្តែងការសោកស្តាយចំពោះការវាយប្រហារនោះ និងការស្លាប់ក្មេងៗ។

លោក Tom West ប្រសិតពិសេសអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន បានសរសេរនៅលើធ្វីធើរថា៖«អាមេរិក បានថ្កោលទោសចំពោះការវាយប្រហារគ្មានហេតុផលប្រឆាំងនឹងជនស៊ីវិលគ្មានទោស។ ក្មេងអាហ្វហ្គានីស្ថានទាំងអស់មានសិទ្ធិទៅសាលារៀនដោយគ្មានការភ័យខ្លាច»។

Aybak គឺជារដ្ឋធានីខេត្តតូចមួយ ប៉ុន្តែជារដ្ឋធានីបុរាណដែលបានក្លាយជាកន្លែងឈប់រថយន្តសម្រាប់ពាណិជ្ជករ ក្នុងអំឡុងសតវត្សរ៍ទី ៤ និងទី៥ នៅពេលដែលវាក៏ជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏សំខាន់ផងដែរ។

មានការភាពស្ងប់ស្ងាត់២-៣ ប៉ុន្មានសប្តាហ៍រវាងការបំផ្ទុះធំៗដែលយកគោលដៅទោលើជនស៊ីវិលក្នុងប្រទេសអាហ្វហ្គា នីស្ថាន ទោះបីជាយុទ្ធជនតាលីបង់ជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដាច់ដោយឡែកក្តី។

នៅក្នុងខែកញ្ញាមនុស្សយ៉ាងតិច៥៤នាក់ក្នុងនោះមានកេ្មងស្រី៥១នាក់ និងស្ត្រីជំទង់ បានស្លាប់ នៅពេលអ្នកវាយប្រហារអត្តឃាតបានចុចបំផ្ទុះគ្រឿងផ្ទុះ១គ្រាប់នៅសាលមួយក្នុងទីក្រុងកាប៊ុល ដែលមានសិស្សរាប់រយនាក់អង្គុយធ្វើតេស្តដើម្បីចូលរៀនសាកលវិទ្យាល័យ។

គ្មានក្រុមណាមួយ ចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ ប៉ុន្តែក្រោយមកក្រុមតាលីបង់ បានស្តីបន្ទោសIS និងបាននិយាយថា ការវាយប្រហារនោះ បានបណ្តាលឱ្យមេដឹកនាំក្រុមជាច្រើននាក់ ស្លាប់។

នៅក្នុងខែឧសភា ឆ្នាំ២០២១ មុននឹងក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចវិញ មនុស្សយ៉ាងតិច៨៥នាក់ ភាគច្រើនក្មេងស្រី ត្រូវគេសម្លាប់ ហើយប្រហែល៣០០នាក់ផ្សេងទៀត បានរងរបួស នៅពេលគ្រាប់បែកចំនួន ៣គ្រាប់ បានផ្ទុះនៅក្បែរសាលារៀនរបស់ពួកគេនៅក្នុងសង្កាត់នោះដែរ។

គ្មានក្រុមណាមួយ ចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ ប៉ុន្តែ១ឆ្នាំមុននេះ ក្រុម IS បានអះអាងពីការវាយប្រហារអត្តឃាតទៅលើមជ្ឈមណ្ឌលអប់រំមួយកន្លែងក្នុងតំបន់នោះដែលបានបណ្តាលឱ្យមនុស្ស២៤នាក់ស្លាប់។

កាលវិលត្រឡប់មកកាន់អំណាចរបស់ក្រុមតាលីបង់ បានបញ្ចប់ការបះបោររបស់ពួកគេ ប៉ុន្តែ ISនៅបន្តកាវាយប្រហារនៅទូទាំងប្រទេសនេះ។

ចលនាតាលីបង់ ដែលត្រូវបង្កើតឡើងដោយជនជាតិភាគតិច Pashtuns បានសន្យាការពារជនជាតិភាគតិច និងទប់ស្កាត់ការគំរាមកំហែងផ្នែកសន្តិសុខ។

អង្គការលើកលែងទោសអន្តរជាតិ បានហៅការបំផ្ទុះនេះថា «រំខាន» ដោយបន្ថែមនៅលើធ្វីធើរថាវាជា «ការរំឭកមួយផ្សេងទៀតដល់ពិភពលោកថា ការរងទុក្ខរបស់ប្រជាជនអាហ្វហ្គានីស្ថាន មិនងាយចប់ទេ»៕