លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បាន​បង្កើន​ការងារ​ការទូត ជុំវិញ​ការ​លុកលុយ​របស់​រុស្ស៊ី​មកលើ​ប្រទេស​របស់លោក ដោយបាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាមេរិក តួ​ក​គី និង​បារាំង ស្របពេល​ការប្រយុទ្ធ​អូសបន្លាយ​នៅ​ខ្សែត្រៀម​ជួរមុខ​នៃ​សង្គ្រាម​រយៈពេល ៩​ ខែ នៅ​ភាគ​ខាងកើត​។​

​ខណៈ​លោក ហ្សេ​ឡេ​ន​ស្គី បាន ធ្វើការ​ពិភាក្សា​ជា​ញឹកញាប់​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រ​ធានា​​ធិបតី​តួ​ក​គី​លោក រ៉េ​សិប តៃ​យី​ប អេ​រ​ដូ​ហ្គែ​ន ចាប់តាំងពី​កងកម្លាំង​រុស្ស៊ី បាន​លុកលុយ​នៅ​ចុងខែ​កុម្ភៈ វា​ជា​រឿង​ធម្មតា​សម្រាប់​លោក​ធ្វើការ​ពិភាក្សា​បែបនេះ​រយៈពេល​ជាង ១​ ថ្ងៃ​។​

​លោក ហ្សេ​ឡេ​ន​ស្គី បាន​និយាយ​ក្នុង​សន្ទរកថា​តាម​វីដេអូ​យ៉ាង​វែង​របស់លោក​ថា​៖ «​យើង​ធ្វើការ​ជាប្រចាំ​ជាមួយ​ដៃគូ​»​។ ដោយ​លោក​បន្ថែមថា លោក​រំពឹងថា​លទ្ធផល​សំខាន់ៗ​ខ្លះ ក្នុង​សប្តាហ៍​ខាងមុខនេះ​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​បន្តបន្ទាប់​ដែល​នឹង​ផ្តោតទៅលើ​ស្ថានភាព នៅ​អ៊ុយ​ក្រែ​ន​។​


​លោក​អធិការបតី​អាល្លឺម៉ង់ អូ​ឡា​ហ្វ សូល គ្រោង​កោះប្រជុំ​តាម​អន​ឡាញ​ជាមួយ​មេដឹកនាំ G7 និង​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ចន្ទ ដើម្បី​ព្យាយាម និង​ឯកភាពគ្នា​បន្ថែមទៀត​អំពី​ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី និង​ជំនួយ​បន្ថែម ឬ​ការដឹកជញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន​។​

​ការវាយប្រហារ​មី​ស៊ី​ល និ​ង្រ​ដូន​ជា​បន្តបន្ទាប់​របស់​រុស្ស៊ី បាន​បំផ្លាញ​ភាគច្រើន​នៃ​រចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​នេះ ដោយបាន​បណ្តាលឱ្យ​ជន​ស៊ីវិល​រាប់លាន​នាក់​គ្មាន​អគ្គិសនី និង​កម្តៅ នៅពេល​សីតុណ្ហភាព​ចុះ​នៅត្រឹម​សូន្យ ឬ​ក្រោម​សូន្យ​។​


​លោក ហ្សេ​ឡេ​ន​ស្គី បាន​ថ្លែង​អរគុណ​លោក បៃ​ដិ​ន ចំពោះ​ជំនួយ​ហិរញ្ញវត្ថុ និង​ការពារ​មិន​ធ្លាប់មាន​ពីមុន ដែល​សហរដ្ឋអាមេរិក បាន​ផ្តល់ឱ្យ និង​និយាយ​អំពី​តម្រូវការ​របស់​អ៊ុយ​ក្រែ​ន​នូវ​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ​ចម្បាំង ដើម្បី​ការពារ​ប្រជាជន​របស់ខ្លួន​។

លោក​បាន​បន្តថា​៖ «​យើង​ក៏​អបអរសាទរ​ចំពោះ​ជំនួយ​ដែល​អាមេរិក កំពុងផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន ដើម្បី​ស្តារ​ប្រព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន​»​។

​លោក​ថ្លែង​ទៀតថា អ៊ុយ​ក្រែ​ន​នឹងចូលរួម​ជំនួប G7 ហើយ​ថា អនុវត្តតាម​ការអំពាវនាវ ដែល​ទីក្រុង​កៀវ បានរៀបចំ​ទីតាំង​ឈរជើង​របស់​យើង​ជាមួយ​អាមេរិក​។​

​ក្រោយមក ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ សេត​វិមាន បានឱ្យដឹងថា លោក ​បៃ​ដិ​ន បាន​បញ្ជាក់ថា អាមេរិក​កំពុង​ប្រឹងប្រែង ដើម្បី​ជំរុញ​ការការពារ​ដែនអាកាស​របស់​អ៊ុយ​ក្រែ​ន​ជា​អាទិភាព​។

​វិបត្តិ​ថាមពល​ក៏បាន​បង្កើត​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ចពិភាក្សា​ដំបូង​របស់លោក ហ្សេ​ឡេ​ន​ស្គី ជាមួយ​លោក ម៉ា​ក្រុង និង​លោក អេ​រ​ដូ​ហ្គែ​ន​។ លោក ហ្សេ​ឡេ​ន​ស្គី បាន​ពិពណ៌នា​ការសន្ទនា​ជាង ១​ ម៉ោង​ជាមួយ​លោក ម៉ា​ក្រុង​ថា «​ពិតជា​មានន័យ​ណាស់​» និង​បាន​បញ្ចូល ​«​ការការពារ​ថាមពល​សេដ្ឋកិច្ច និង​ការទូត​»​។​

​ស្របពេល​ជាមួយគ្នា​នោះ លោក​ក៏បាន​អរគុណ​តួ​ក​គី ចំពោះ​ការផ្តល់​ជម្រក​ដល់​ក្មេងៗ​អ៊ុយ​ក្រែ​ន និង​ដាក់ពង្រាយ​ម៉ាស៊ីនភ្លើង​ជាច្រើន​គ្រឿង ទៅកាន់​ទីក្រុង​នានា នៅ​ទូទាំងប្រទេស​នេះ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​រូបនេះ ក៏បាន​និយាយថា លោក និង​លោក អេ​រ​ដូ​ហ្គែ​ន បាន​ពិភាក្សា​អំពី​លទ្ធភាព​បន្ត​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ ដែល​បើក​កំពង់ផែ​នានា​របស់​អ៊ុយ​ក្រែ​ន សម្រាប់​ការនាំចេញ នៅក្នុង​ខែកក្កដា ក្រោយពី​ការបិទ​របស់​រុស្ស៊ី​អស់​រយៈពេល ៦​ ខែ​។​

​តួ​ក​គី ដែល​ដើរតួនាទី​ជា​អ្នក​សម្របសម្រួល​ក្នុង​ការចរចា​សន្តិភាព នៅក្នុង​សង្គ្រាម​ប៉ុន្មាន​ខែ​ដំបូង បានធ្វើការ​ជាមួយ​អង្គការ​​សហប្រជាជាតិ​ទៅលើ​កិច្ច​ព្រម​ព្រៀង​នោះ​។ ការិយាល័យ​របស់លោក អេ​រ​ដូ​ហ្គែ​ន បាន​និយាយថា មេដឹកនាំ​តួ​ក​គី​រូបនេះ ក៏បាន​និយាយ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កាល​​ពីថ្ងៃ​អាទិត្យ និង​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ជម្លោះ​នេះ​ឱ្យបាន​ឆាប់​។​

​កាលពី​សប្តាហ៍​មុន លោក ពូ​ទីន បាន​ព្រមាន​អំពី​សង្គ្រាម​អូសបន្លាយ ដោយបាន​និយាយ​ទៅដល់​ការបាត់​ជំនឿ​ទុកចិត្ត​ស្ទើរតែ​ទាំងស្រុង​របស់​ទីក្រុង​ម៉ូស្គូ​ទៅលើ​បណ្តា​ប្រទេស​លោក​ខាង​​លិច ដែល​លោក​បាន​និយាយថា នឹង​បង្កើត​ដំណោះស្រាយ​ជា​ចុងក្រោយ​ជុំវិញ​ជម្លោះ​អ៊ុយ​ក្រែ​ន ដែល​ពិបាក​ឈានដល់​។​

​លោក ម៉ា​ក្រុង បាន​គាំទ្រ​ដល់​ការទូត ក្នុង​ជម្លោះ​នេះ ប៉ុន្តែ​ធ្វើឱ្យ​ទីក្រុង​កៀវ​ព្រួយបារម្ភ សម្ព័ន្ធមិត្ត​ខ្លះ និង​បណ្តា​ប្រទេស​បាល់​ទិ​ក​ជាមួយ​អ្វី ដែល​មើលឃើញថា ជា​សារ​រួម គឺថា វា​ស្រេច​ទៅលើ​ទីក្រុង​កៀវ​សម្រេច​ថា តើ​ពេលណា​ធ្វើការ​ចរចា​ជាមួយ​ទីក្រុង​ម៉ូស្គូ ហើយ​ការធានា​សន្តិសុខ គឺ​ចាំបាច់​ណាស់​សម្រាប់​ប្រទេស​រុស្ស៊ី​។​

​រដ្ឋមន្ត្រីការបរទេស​សហភាព​​អឺរ៉ុប (EU) នឹង​ពិភាក្សា​អំពី​កញ្ចប់​ទណ្ឌកម្ម​ទី​ ៩ ដែល​អាច​បន្ថែម​បុគ្គល​ជិត ២០០​ នាក់ និង​អង្គភាព​ជាច្រើន ទៅក្នុង​បញ្ជី​ទណ្ឌកម្ម​របស់ EU រួមជាមួយ​ប្រាក់ ២ ​ប៊ី​លាន​អឺរ៉ូ (២,១១​ ប៊ី​​លាន​ដុល្លារ​) សម្រាប់​ការបញ្ជូន​អាវុធ​ទៅឱ្យ​អ៊ុយ​ក្រែ​ន​៕

វីដេអូ៖