ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា រដ្ឋ​ភិបាលក្រិក បាន​ប្រកាស​ពី​វិធានការ​ជួយ​សង្គ្រោះ ដើម្បី​ជួយ​កាត់​បន្ថយ​តម្លៃ​រស់​នៅ​របស់​ប្រជាជន​បន្ថែម​ទៀត ដោយ​រដ្ឋា​ភិបាលនឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​អាហារ​ចំនួន ១០​​​ ភាគរយ​ដល់​អ្នក ដែលមាន​ប្រាក់​ចំណូល​ទាប សម្រាប់​រយៈពេល ៦​ខែ ហើយ​វិធានការ​ឧបត្ថម្ភ​ថ្លៃ​អគ្គិសនី និង​ឧស្ម័ន​ធម្មជាតិ នៅ​បន្ត​ដដែល​។

នាយក​រដ្ឋ​មន្ត្រី​ក្រិក លោក Kyriakos Mitsotakis បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ចាប់​តាំង​ពី​ខែ​កុម្ភៈ នៅ​ឆ្នាំក្រោយ រដ្ឋា​ភិ បាលនឹង​ប្រើប្រាស់​ថវិកា​ចំនួន ១០​ភាគរយ ដើម្បី​ជួយ​ចំណាយ​លើ​ថ្លៃ​ស្បៀង​អាហារ សម្រាប់​ប្រជាជន ជាមួយ​នឹង​ថវិកា​សរុប​ចំនួន ៦៩០​លានដុល្លារ​អាមេរិក ដែល​ជា​វិធានការ ដើម្បី​ទប់ទល់នឹង​អតិផរណា។

ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រិកនេះ កើតឡើង​នៅពេល​ដែលអតិ​ផរណា កំពុងញាំញី​អ្នក​រក​បាន​ប្រាក់​ចំណូល​ទាប និងវណ្ណៈ​ថ្នាក់​កណ្តាល ដែល​កំពុង​ជួបការ​លំបាក រួម​ទាំង​ផល​ប៉ះ​ពាល់​ពី​សង្គ្រាម​អ៊ុយក្រែន ដែល​បណ្តាល​ឱ្យ​តម្លៃ​ស្បៀង​អាហារ និង​ថាមពល ហក់​ឡើង​យ៉ាងខ្ពស់។


សេចក្ដី​រាយ​ការណ៍របស់​បណ្ដាញ​សារព័តមាន បាន​បញ្ជាក់​ថា​ ប្រាក់​ឧបត្ថម្ភ​នេះ នឹង​កំណត់​ត្រឹម ២២០​អឺរ៉ូ (ប្រមាណ ២៣៣ដុល្លារ) ក្នុង​ម្នាក់ និង​មិន​ឱ្យ​លើស ១ ០០០អឺរ៉ូ (ប្រមាណ ១ ០៥៩ដុល្លារ) ក្នុង​មួយ​គ្រួសារ ដោយ​អ្នក​ដែល​អាច​បំពេញ​តាមលក្ខន្តិកនេះ​បាន ត្រូវតែ​ជាអ្នក ដែល​មាន​ប្រាក់​ចំណូល ក្នុង​មនុស្ស​ម្នាក់ ឬ​ប្តី​ប្រពន្ធ មិន​លើស​ពី ២៤ ០០០​អឺរ៉ូ (ប្រមាណ ២៥៤ ២៦៨​ដុល្លារ) ប្រសិន​បើ​មាន​កូន រដ្ឋា​ភិបាល​នឹង​ផ្តល់​ឱ្យ​ក្នុង​ម្នាក់ៗ ៥ ០០០អឺរ៉ូ (ប្រមាណ ៥ ២៩៧​ដុល្លារ) បន្ថែម​ទៀត។

ក្រសួង​ហិរញ្ញ​វត្ថុ បានឱ្យ​ដឹង​ថា វិបត្តិ​តម្លៃ​ថាមពល និងផល​ប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​សង្រ្គាម​អ៊ុយក្រែន នឹងបន្ត​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក ដែល​កំពុង​ប្រឈម​នឹង​អតិផរណា​របស់បន្ត​ទៀត ខណៈដែល​លោក Mitsotakis បាន​បញ្ជាក់​ថា រដ្ឋា​ភិបាល​នឹង​បន្ត​អនុវត្ត​វិធានការ​ទ្រឹង​តម្លៃ​អគ្គិសនី និង​ឧស្ម័ន​ចម្អិន​អាហារ​ដដែល៕