កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ឆ្ពោះទៅកាន់សមុទ្រ នៅឆ្នេរខាងកើតឧបទ្វីបកូរ៉េ។ អគ្គសេនាធិការចម្រុះនៃកងទ័ពកូរ៉េខាងត្បូង (JCS) បាននិយាយថា មីស៊ីលរយៈចម្ងាយមធ្យមទាំង ២ ហោះបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ នៅថ្ងៃអាទិត្យ ទី ១៨ ខែធ្នូនេះ។
អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Toshiro Ino បាននិយាយថា គ្រាប់មីស៊ីលទំនងជាធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន តែមិនមានរបាយការណ៍អំពីការខូចខាតនោះទេ។
អគ្គសេនាធិការកងទ័ពកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ត្រូវបានបាញ់នៅមុំដ៏ចោត ហើយគ្រាប់បានធ្លាក់ក្នុងសមុទ្រខាងកើត»។
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគយ៉ាងម៉ត់ចត់ ពីនិន្នាការថ្មីៗទាក់ទងនឹងការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើង។ អ្នកជំនាញបាននិយាយថា ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងកាន់តែលឿន និងទំនើបជាងមុនៗ ខណៈដែលប្រទេសនេះកំពុងស្វែងរកការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី និងបង្កើនល្បឿនកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មាន KCNA របស់រដ្ឋផ្ដាច់ការមួយនេះ បានរាយការណ៍ កាលពីថ្ងៃសុក្រថា លោកគីម ជុងអ៊ុន បានដឹកនាំក្នុងយុទ្ធនាការ បាញ់បង្ហោះផ្កាយរណប Sohae ដែលត្រូវបានប្រើដើម្បីសាកល្បងបច្ចេកវិទ្យាមីស៊ីល រួមទាំងម៉ាស៊ីនរ៉ុក្កែត និងយានបាញ់បង្ហោះអវកាស។
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលជាច្រើន ដែលមិនធ្លាប់មានក្នុងឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ទោះបីជាមានការហាមឃាត់ និងទណ្ឌកម្មពីអន្តរជាតិក៏ដោយ។
កាលពីខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួច ICBM ខណៈដែលមន្ត្រីជប៉ុននិយាយថា កាំជ្រួចនេះ អាចបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ហើយគ្រាប់មីស៊ីល ធ្លាក់នៅចម្ងាយតែ ២០០គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រទេសជប៉ុន។
កាលពីថ្ងៃសុក្រ ប្រទេសជប៉ុនបានបង្ហាញផែនការ ទំនើបកម្មយោធាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយគ្រោងចាយប្រាក់ចំនួន ៣២០ពាន់លានដុល្លារអាមេរិក៕