តារាវិទូ ដែលប្រើតេឡេទស្សន៍អវកាស Hubble និង Spitzer របស់អង្គការណាសា បានរកឃើញភ័ស្តុតាង ដែលធ្វើឱ្យពួកគេអាចសន្និដ្ឋានបានថា ភពចំនួន ២ អាចមានផ្ទៃសមុទ្រដូចផែនដី។ ភពទាំង ២ នោះ រួមមាន Kepler-138 c និង Kepler-138 d ដែលក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Montreal ដឹកនាំដោយលោកស្រី Caroline Piaulet ជឿថា មានទឹកភាគច្រើននៅលើផ្ទៃរបស់វា។
យ៉ាងណាមិញ ការសិក្សាស្រាវជ្រាវមិនទាន់រកឃើញទឹកនៅលើភព Exoplanet ទាំង ២ ដោយផ្ទាល់នោះទេ ប៉ុន្តែតាមរយៈការប្រៀបធៀបទំហំ និងម៉ាស់របស់ភពទាំងនេះទៅនឹងគំរូផ្សេងៗក្រុមតារាវិទូដដែល បានសន្និដ្ឋានថា ប្រភាគសំខាន់នៃបរិមាណរបស់ភពរហូតដល់ពាក់កណ្តាលអាចផ្សំឡើងពីវត្ថុធាតុស្រាលជាងថ្ម ប៉ុន្តែធ្ងន់ជាងអ៊ីដ្រូហ្ស៊ែន ឬអេលីយ៉ូម ដែលសមាសធាតុបែបនេះភាគច្រើន គឺទឹក។
គួរបញ្ជាក់ថា Exoplanet គឺជាភពដែលវិលជុំវិញតារាមួយ ស្រដៀងនឹងភពនៅក្នុងប្រព័ន្ធព្រះអាទិត្យដែរ ប៉ុន្តែវាស្ថិតនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។ បើគិតពីចំណុចដែលថា ភព Kepler-138c និងភព Kepler-138d ស្ថិតនៅចម្ងាយ ២១៨ នៃឆ្នាំពន្លឺ ក្នុងក្រុមតារានិករលីរ៉ា (Lyra) ពួកគេពិតជាស្ថិតក្នុងប្រភេទភព Exoplanet។
ខណៈទឹកកកត្រូវបានគេសង្កេតឃើញមាននៅលើព្រះចន្ទជាច្រើនរបស់បណ្ដាភពក្រៅនៃប្រព័ន្ធព្រះអាទិត្យរបស់យើង រហូតមកទល់ពេលនេះ អ្នកវិទ្យាសាស្ត្រមិនជោគជ័យ ក្នុងការស្វែងរកភពណា ដែលមានសមុទ្រដូចភពផែនដីទេ។
សាស្ត្រាចារ្យផ្នែករូបវិទ្យានៅសាកលវិទ្យាល័យ Montreal លោក Björn Benneke បានពន្យល់ថា៖ «កាលពីមុនយើងធ្លាប់គិតថា ភពដែលមានទំហំធំជាងផែនដីបន្តិច ផ្សំឡើងដោយដែក និងថ្មធំៗ ដូចជាភពផែនដី។ នោះហើយជាមូលហេតុដែលយើងហៅពួកវាថា ផែនដីធំ (Super-Earths)»។
យ៉ាងណាមិញ លោក Benneke បានបន្តថា៖ «ឥឡូវនេះយើងបានបង្ហាញថា ទាំងភព Kepler-138 c និង Kepler-138 d មានភាពខុសគ្នាខ្លាំង នៅក្នុងធម្មជាតិ ហើយប្រភាគធំនៃបរិមាណទាំងមូលរបស់ភពទំនងជាផ្សំឡើងពីទឹក។
គួរកត់សម្គាល់ថាភព Kepler-138 c និង Kepler-138 d មានបរិមាណធំជាងផែនដី ៣ដង និងធ្ងន់ជាងផែនដី ២ ដង ប៉ុន្តែភពទាំង ២ មានដង់ស៊ីតេទាបជាងផែនដីខ្លាំង។ ក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលចំពោះរបកគំហើញនេះ ដោយសារតែភពភាគច្រើន ដែលមានទំហំធំជាងផែនដីបន្តិច មានលក្ខណៈជាភពសិលា។
ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌនៃភព Exoplanet ទាំង ២ ដដែល មិនអំណោយផលដល់ជីវិតនោះទេ សូម្បីតែចម្ងាយពីភពផែនដី ក៏មិនអាចឱ្យមនុស្សទៅដល់ដែរ។ លោកស្រី Piaulet ដែលដឹកនាំការស្រាវជ្រាវ បានពន្យល់ប្រាប់ថា ទាំងភព Kepler-138 c និង Kepler-138 d មិនស្ថិតនៅក្នុងលម្ហ ដែលអាចរស់នៅបាន។
លោកស្រី Piaulet បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សីតុណ្ហភាព នៅក្នុងបរិយាកាសរបស់ភព Kepler-138 និង Kepler-138d ទំនងជាខ្ពស់ជាងចំណុចរំពុះនៃទឹក ហើយយើងរំពឹងថា នឹងមានបរិយាកាសក្រាស់ពេញដោយចំហាយទឹកនៅលើភពទាំងនេះ៕
វីដេអូ៖