កាសែត​អង់គ្លេស ដឹ ហ្គា​រឌៀន បាន​ស្រង់​ទិន្នន័យ​ចុងក្រោយ​មួយ​ពី​ម​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ​ថាមពល និង​ខ្យល់​ស្អាត (CREA) ដែល​បង្ហាញថា ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​សហភាព​អឺរ៉ុប (EU) នៅតែ​បន្ត​ធ្លាក់​​ចុះ ទោះបីជា​ប្លុក​ដែល​ជួបនឹង​វិបត្តិ ថាមពល​មួយ​នេះ ត្រឡប់​ទៅប្រើ​ធ្យូងថ្ម​វិញ​ក៏ដោយ​។

​តាម​ការចុះផ្សាយ​ពីថ្ងៃ​ព្រហស្បតិ៍​ទី ២២ ខែធ្នូ ការ​បំ​ភាយ​ឧស្ម័ន​ក្នុង​ខែ​វិច្ឆិកា​របស់​សហភាព​អឺរ៉ុប ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៣​ទសវត្សរ៍ ដែល​ដូចគ្នា​ទៅនឹង​ការប្រើ​ប្រាស់​ហ្គាស ការបញ្ចេញ​កាបូន​ពី​វិស័យ​ថាមពល និង​ការផលិត​ថាមពល​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ដែរ​។​

​យ៉ាងណាមិញ ភាព​ត្រជាក់​នៅ​ខែធ្នូ អាច​បណ្ដាលឱ្យ​ការប្រើប្រាស់​ធ្យូងថ្ម និង​ហ្គាស​កើនឡើង​វិញ បន្ទាប់ពី​ធាតុអាកាស​នៅ​ខែវិច្ឆិកា​មិនសូវ​ជា​ត្រជាក់ ឬ​មធ្យម ខុសពី​ធម្មតា ប៉ុន្តែ​ការវិភាគ​ទិន្នន័យ​របស់ CREA បង្ហាញថា ធាតុអាកាស​មាន​ចំណែក​តែ​តិចតួច​ប៉ុណ្ណោះ លើ​ការថយចុះ​នៃ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​កាលពី​ខែ​មុន​។​


​សីតុណ្ហភាព​មធ្យម​បានរួម​ចំណែក​លើ​ការកាត់បន្ថយ ៦​ ភាគរយ​នៃ​តម្រូវការ​ហ្គាស​ក្រៅ​វិស័យ​ថាមពល​ខណៈ​តម្រូវការ​ជាក់ស្តែង​បាន​ធ្លាក់ចុះ ២៦ ​ភាគរយ​។​

ក្រុមអ្នកវិភាគ បាន​រកឃើញថា​សម្រាប់​វិស័យ​ថាមពល​ផ្ទាល់​សី​តុ​ណ្ហ​ភាព​មធ្យម​បានរួម​ចំណែក ២ ភាគរយ​នៃ​ការធ្លាក់ចុះ ១២​ ភាគរយ​នៃ​តម្រូវការ​។​


​លោក Lauri Myllyvirta អ្នកវិភាគ​នាំមុខគេ និង​ជា​អ្នកសរសេរ​របាយ​ការណ៍​របស់ CREA បាន​លើកឡើងថា ទិន្នន័យ​បានបង្ហាញ​ថា ការ​ចោទ​ប្រកាន់​ EU​ ថា មិន​ធ្វើតាម​គោលដៅ​ប្រយុទ្ធប្រឆាំង​អាកាសធាតុ​របស់ខ្លួន​នោះ មិន​ត្រឹមត្រូវ​ទេ​។

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​មានការ​យល់ឃើញ​យ៉ាង​ទូលំទូលាយ​ថា អឺរ៉ុប កំពុង​ដើរ​ថយក្រោយ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដោយសារតែ​សង្គ្រាម​អ៊ុយ​ក្រែ​ន​។ មានការ​លើក​ឡើងជា​ញឹកញាប់​ចំពោះ​ឥទ្ធិពល​នោះ​នៅ​កិច្ចប្រជុំ​កំពូល​ស្ដីពី​អាកាសធាតុ​ Cop27​ ដោយ​និយាយថា អឺរ៉ុប​នឹង​ត្រឡប់​ទៅប្រើ​ធ្យូងថ្ម​វិញ ប៉ុន្តែ​យើង​កំពុងតែ​បង្ហាញថា វា​មិនមែនជា​បញ្ហា​ទេ វា​គឺជា​ការយល់​ខុស​ចំពោះ​ការ​ប្រើប្រាស់​ធ្យូងថ្ម (​របស់​ប្លុក​)»​។

​គួរ​បញ្ជាក់ថា រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន ដូចជា​អាល្លឺម៉ង់ និង​ប៉ូឡូញ ចង់​ងាក​ទៅប្រើ​ធ្យូង​ធ្ម​ឡើងវិញ ប៉ុន្តែ​ស្ថិតនៅក្នុង​កម្រិត​មួយ ដោយសារតែ​ការធ្លាក់ចុះ​នៃ​ការប្រើ​ប្រាស់​ហ្គាស ដែលមាន​តម្លៃ​ខ្ពស់ ហើយ​ជួប​នូវ​បញ្ហា​ផ្គត់ផ្គង់​បណ្ដាលមកពី​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​។

​ក្នុង​ខែវិច្ឆិកា សហភាព​អឺរ៉ុប​ទាំង​​មូល​បាន​ប្រើប្រាស់​ធ្យូងថ្ម​តិចជាង​ខែ​វិច្ឆិកា​កាលពី​ឆ្នាំមុន ហើយ​តិចជាង​ខែ​ដូចគ្នា​ក្នុង​រយៈពេល ៣​ទសវត្សរ៍​កន្លងមក​នេះ ដែល​ធ្វើឱ្យ​ការ​បំ​ភាយ​ឧស្ម័ន​​ផ្ទះ​កញ្ចក់​ថយចុះ​ទៅតាម​នេះដែរ​។ ទាំង​អាល្លឺម៉ង់ និង​ប៉ូឡូញ បាន​ប្រើ​ប្រាស់​ធ្យូងថ្ម​តិចជាង​ឆ្នាំមុន ទោះបីជា​ហ្វាំ​ង​ឡង់ បាន​បង្កើន​ការប្រើប្រាស់​ធ្យូងថ្ម​របស់ខ្លួន​បន្តិច​ក៏ដោយ​។​

​ទន្ទឹម​ជាមួយគ្នា​នោះ ក៏មាន​ការ​ថយចុះ​យ៉ាងខ្លាំង​នៃ​ទិន្នផល​ថាមពល​ពី​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​នៅ​អាល្លឺម៉ង់ និង​បារាំង​ផងដែរ​។ សម្រាប់​អាល្លឺម៉ង់ ការថយចុះ​នេះ គឺ​ដោយ​សារ​តែ​ការកើនឡើង​នៃ​ការទាញយក​ថាមពល​ពី​ខ្យល់ និង​ពន្លឺព្រះអាទិត្យ ខណៈ​បារាំង​បាន​កាត់បន្ថយ​តម្រូវការ​ថាមពល​រប​ស់​ខ្លួន​។

​យ៉ាងណាមិញ ភាព​ត្រជាក់​នៃ​ខែធ្នូ​នេះ ដូចជា​ស្ថានភាព​ព្រិល និង​ការ​កក​នៅ​ទូទាំង​ភាគ​ខាងជើង​នៃ​ទ្វីប​​អឺរ៉ុប អាច​បង្អាក់​ដល់​ការកាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ក្នុង​រដូវ​រងា​នេះ​។

លោក Myllyvirta បាន​និយាយថា​៖ «​អ្វី​គ្រប់យ៉ាង​ស្ថិតនៅលើ​លក្ខខណ្ឌ​ធាតុអាកាស​។ ប្រសិន​បើ​យើង​ត្រជាក់​ខ្លាំង យើង​នឹង​បំ​ភាយ​ឧស្ម័ន​កាន់តែច្រើន​»​។

​ទោះ​យ៉ាងនេះ​ក្ដី លោក Myllyvirta បាន​គូសបញ្ជាក់ថា ពាក់កណ្ដាល​ដើមខែ​ធ្នូ​ត្រជាក់​ជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ប៉ុន្តែ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ នៅតែ​ស្ថិតក្នុង​កម្រិត​ទាប ដែល​នេះ​បញ្ជាក់ថា ធាតុអាកាស​មិនមែនជា​ចំណែក​ធំ​បំផុត​លើ​ការកាត់បន្ថយ​ការ​​ប្រើប្រាស់​អគ្គិសនី ឬ​ហ្គាស​នោះទេ​។

​យ៉ាងណាមិញ ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​វិស័យ​ថាមពល បានចាប់ផ្តើម​កើនឡើង​ម្តងទៀត​នៅក្នុង​ខែធ្នូ ដោយសារតែ​វិស័យនេះ នៅតែ​បន្ត​រង​ការ​ញាំញី​ពី​ដំណើរការ​មិនល្អ​នៃ​រោងចក្រ​នុយក្លេអ៊ែរ​លក្ខខណ្ឌ​ខ្យល់​មិន​អំណោយផល បើទោះបីជា​ការប្រើប្រាស់​ហ្គាស​ក្រៅ​វិស័យ​ថាមពល ដែល​ត្រូវបាន​កាត់បន្ថយ​នោះ បាន​រក្សា​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ​ធ្លាក់ចុះ​ជារួម​ក៏ដោយ​។​

​តាមរយៈ​នេះ លោក Myllyvirta បាន​បន្ថែមថា ការផ្លាស់ប្តូរ​ថាមពល​របស់​អឺរ៉ុប​នៅ​ឆ្នាំនេះ បាន​បង្ហាញថា​និន្នាការ​ងាក​ចេញពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល ស្ថិតនៅ​ឆ្ងាយ​ខ្លាំងណាស់​៕