ទីភ្នាក់ងារ​ជំនួយ​អន្តរជាតិ​ចំនួន​ ​៤ រួមទាំង​អង្គការ Save the Children បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា ខ្លួន​កំពុង​ផ្អាក​កម្មវិធី​មនុស្សធម៌​នៅក្នុង​ប្រ​ទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី ឆ្លើយតប​ទៅនឹង​បទបញ្ជា​របស់​រដ្ឋបាល​គ្រប់គ្រង​ដោយ​ពួក​តា​លី​បង់ ក្នុងការ​បញ្ឈប់​បុគ្គ​លិ​ក​ស្រី​ពី​ការងារ​។​

​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ រដ្ឋាភិបាល​តា​លី​បង់​បាន​បញ្ជា ឱ្យ​អង្គការ​ក្នុងស្រុក និង​បរ​ទេស​ទាំងអស់​មិន​អនុញ្ញាតឱ្យ​បុគ្គលិក​ស្រី​ចូលធ្វើការ រហូតដល់​មានការ​ផ្សាយដំណឹង​ពី​ពួក​តា​លី​បង់​ម្តងទៀត​។ យោងតាម​សម្តី​របស់​រដ្ឋាភិបាល​តា​លី​បង់​បានឱ្យដឹងថា ការ​​បញ្ឈប់​ការងារ​នេះ គឺជា​រឿង​សម​ហេតុផល​មួយ​ដោយសារ​បុគ្គលិក​ស្រី​មួយចំនួន​មិនបាន​ប្រកាន់ខ្ជាប់​ជាមួយនឹង​ច្បាប់​ស្លៀក​សម្លៀកបំពាក់​អ៊ិ​ស្លាម​។​

​អង្គការ​បរទេស​ចំនួន​ ៣ រួម​មាន Save the Children ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័​រ​វែ​ស និង​អង្គការ CARE International បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា ពួកគេ​កំពុង​ផ្អាក​កម្មវិធី​របស់ខ្លួន​ខ​ណៈ​ដែល​ពួកគេ​កំពុង​រង់ចាំ​ស្ថាន​ការណ៍​ច្បាស់លាស់​អំពី​បទ​បញ្ជា​របស់​រដ្ឋបាល​តា​លី​បង់​នេះ​។ សបញ្ជាក់​ឱ្យដឹងថា ក្តីសង្ឃឹម និង​តម្រូវការ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មិនអាច​ងើបមុខ​រួច​ឡើយ បើសិន​​ជា​គ្មាន​ការខិតខំ​ប្រឹងប្រែង​រប​ស់មនុស្ស​ស្រី ប្រជាជន​ទាំងអស់​និង​ជួបប្រទះ​កង្វះខាត បើ​គិត​ចាប់តាំងពី​ខែសីហា ឆ្នាំមុន​មក​។


​អង្គការ Save the Children​ ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័​រ​វែ​ស និង​អង្គការ CARE International ក៏បាន​លើកឡើង​ពី​ឥទ្ធិពល​នៃ​ការហាម​ប្រាម​បុគ្គលិក​ស្រី​រាប់ពាន់នាក់​ក្នុងការ​បំពេញការងារ ដែល​អាច​បណ្តាលឱ្យ​ប្រទេស​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ជាងនេះទៅទៀត​។​

​ដោយឡែក​ពីនេះ គណៈ​ក​ម្មា​​ធិ​ការសង្គ្រោះ​អន្តរជាតិ (IRC) បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ខ្លួន​ក៏​កំពុង​ផ្អាក​សេវាកម្ម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​លើក​ឡើង​ពី​ហេតុផល​ស្រដៀង​គ្នា​ទៅនឹង​អង្គការ​ខាងលើ​នេះដែរ​។ IRC បាន​បន្ថែមទៀតថា ខ្លួន​មាន​បុគ្គលិក​ជាង ៨ ០០០​ នាក់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ក្នុងចំណោម​បុគ្គលិក​ទាំង​​អស់​មាន​ ៣០០០​ នាក់​ជា​ស្ត្រី​បម្រើ​ការងារ​។


​មុននេះ​បន្តិច​ទីភ្នាក់ងារ​ជំ​នួ​យ​អន្តរជាតិ AfghanAid​ ក៏បាន​និយាយថា ខ្លួន​បាន​ផ្អាក​ប្រតិបត្តិការ​ភ្លាមៗ​បន្ទាប់ពី​បាន​ពិគ្រោះ​ជាមួយ​អង្គការ​ផ្សេងទៀត ហើយ​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​ផ្សេងទៀត​នឹង​ចាត់​វិធាន​​ការ​ស្រដៀង​គ្នា​នេះដែរ​។

​ការផ្អាក​កម្មវិធី​ជំនួយ​នៅក្នុង​ប្រទេស​នេះ មិន​ត្រឹមតែ​ផ្តល់​ផលប៉ះពាល់​ទៅលើ​ការងារ​របស់​ស្ត្រី​ទេ ថែមទាំង​បង្ក​ឱ្យ ប្រជាជន​រាប់លាន​នាក់​អត់ឃ្លាន ដោយសារ​ពួកគេ​រស់នៅ​ពឹង​ផ្អែកលើ​ជំនួយ​មនុស្សធម៌​ពី​បរទេស ជាពិសេស​សម្រាប់​រដូវ​រងា​នេះ​។​

​ឆ្លើយតប​ទៅនឹង​បញ្ហា​ខាង​លើ​នេះ អ្នកនាំពាក្យ​របស់​រដ្ឋ​បា​លតា​លី​បង់ លោក Zabihullah Mujahid បាន​វាយ​​បក​ចំពោះ​ការរិះគន់​នេះ​ដោយ​អះអាងថា ស្ថាប័ន​ទាំងអស់​ដែល​ចង់​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​តែ​គោរព​តាមច្បាប់​របស់​ពួក​គេ​។

​លោក Mujahid បាន​បង្ហោះ​សារ​នៅលើ Twitter​ឆ្លើយតប​ទៅនឹង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​បេសកកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា​៖ «​យើង​មិន​អនុញ្ញាតឱ្យ​នរណាម្នាក់​និ​យាយ​ពាក្យរិះគន់ ឬ​ធ្វើការ​គំរាមកំហែង​ទាក់ទង​នឹង​ការ​សម្រេចចិត្ត​របស់​មេដឹកនាំ​របស់​យើង​ក្រោម​ស្លាក​នៃ​ជំនួយ​មនុស្សធម៌​នោះទេ​»​។​

​សហរដ្ឋអាមេរិក​ជា​ប្រទេស​តែ ​១​ គត់​ដែល​បានផ្តល់​ជំនួយ​មនុស្សធម៌​ធំជាងគេ​ដល់​ប្រ​ទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

វីដេអូ៖