ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) កាលពី​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឱ្យ​ក្រុម​តា​លី​បង់​ផ្លាស់ប្តូរ​គោលនយោបាយ ដែល​យក​គោលដៅ​លើ​ស្ត្រី និង​កុមារី នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​សម្តែង​ការព្រួយបារម្ភ​អំពី​ការ​​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កាន់តែខ្លាំង​ឡើង​។​

​ក្នុងការ​វាយប្រហារ​ថ្មី​បំផុត​ទៅលើ​សិទ្ធិ​ស្ត្រី នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី​ក្រុម​តា​លី​បង់ បាន​ដណ្តើម​អំណាច​មកវិញ​កាលពី​ឆ្នាំ​​មុន​នោះ កាលពី​ថ្ងៃ​សៅរ៍ មេដឹកនាំ​អ៊ីស្លាម​និយម​រឹងរូស បាន​ហាម​ឃាត់​ស្ត្រី​មិនឱ្យ​ធ្វើការ​នៅក្នុង​អង្គការក្រៅរដ្ឋាភិបាល ដោយ​បង្កឱ្យមាន​ការតវ៉ា​ពី​អន្តរជាតិ​។ ក្រុម​តា​លី​បង់ បាន​ព្យួរ​ការសិក្សា នៅ​សាកលវិទ្យាល័យ សម្រាប់​ស្ត្រី និង​សាលារៀន​អនុវិទ្យាល័យ​សម្រាប់​ក្មេងស្រី​រួចហើយ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ UNSC ដែលមាន​សមាជិក​ចំនួន ៥ បាន​លើកឡើងថា ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​ការ​រឹតបន្តឹង​កាន់តែខ្លាំង​ឡើងលើ​ការ​អប់រំ​របស់​ស្ត្រី ដោយ​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពេញលេញ ស្មើភាព និង​មាន​អត្ថន័យ​របស់​ស្ត្រី និង​ក្មេងស្រី នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​


UNSC ជំរុញ​ឱ្យ​ក្រុម​តា​លី​បង់​បើក​សាលារៀន​ឡើងវិញ ហើយ​ផ្លាស់ប្តូរ​ឱ្យ​ឆាប់រហ័ស​នូវ​គោល​​នយោបាយ និង​ការអនុវត្ត​ទាំងនេះ ដែលជា​ការធ្វើឱ្យ​ប៉ះពាល់​ដល់​ការគោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​កាន់តែខ្លាំង​ឡើង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន UNSC ក៏បាន​ថ្កោលទោស​ចំពោះ​ការហាម​ប្រាម​ស្ត្រី ដែល​ធ្វើ​ការឱ្យ​អង្គការក្រៅរដ្ឋាភិបាល ដោយ​បន្ថែម​ទៅលើ​ការព្រមាន​អំពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រតិបត្តិការ​ជំនួយ ក្នុង​ប្រទេសមួយ ដែល​មនុស្ស​រាប់លាន​នាក់​ពឹង​ផ្អែកលើ​ពួកគេ (​ជំនួយ​)​។​


UNSC បាន​លើកឡើងថា​៖ «​ការ​រឹតបន្តឹង​ទាំងនេះ ផ្ទុយ​ពី​ការប្តេជ្ញាចិត្ត ដែល​ធ្វើឡើង​ដោយ​ក្រុម​តា​លី​បង់ ចំពោះ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ការរំពឹងទុក​របស់​ស​ហគ​មន៍​អន្តរជាតិ​»​។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ (UN) លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រេស បាន​បន្ទរ​តាម​សារ​របស់ UNSC ជាថ្មី ដោយ​ហៅ​ការ​រឹតបន្តឹង​ថ្មី​លើ​ស្ត្រី និង​កុមារី​ថា ជាការ​រំលោភ​សិទ្ធិមនុស្ស ដែល​ «​ត្រូវតែ​លុបចោល​»​។​

​សហគមន៍​អន្តរជាតិ បានធ្វើឱ្យ​ការគោរព​សិទ្ធិ​ស្ត្រី​ក្លាយជា​ចំណុច​ជំរុញ​មួយ ក្នុង​ការចរចា​ជាមួយ​រដ្ឋាភិបាល​តា​លី​បង់ សម្រាប់​ការ​ទទួលស្គាល់​របស់ខ្លួន និង​ការស្ដារ​ជំនួយ​ឡើងវិញ​។ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ប្រធាន​សិទ្ធិមនុស្ស​របស់ UN បាន​ព្រមាន​ពី​ផលវិបាក​ដ៏​គួរឱ្យខ្លាច ដែល​នឹងមាន​គោល​នយោបាយ​បែបនេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក Volker Turk ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់ UN បាន​និយាយថា គ្មាន​ប្រទេស​ណា​អាច​អភិវឌ្ឍ​ទៅបាន ដោយ​ចំនួន​ប្រជាជន​ពាក់កណ្តាល​របស់ខ្លួន ត្រូវបាន​បដិសេធ​នោះទេ​។​«​ការ​រឹតបន្តឹង​ពិបាក​យល់​ទាំង​នេះ ដែល​ដាក់​លើ​ស្ត្រី និង​ក្មេង​ស្រី នឹងមិន​ត្រឹមតែ​បង្កើន​ទុក្ខ​វេទនា​ដល់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងអស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ហានិភ័យ​ហួស​ពី​ព្រំដែន​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅទៀត​»​។ នេះ​ជា​សម្ដី​របស់លោក Turk ដែល​បន្ថែមថា គោល​-​នយោបាយ​នេះ បាន​បង្ក​អស្ថិរភាព​ដល់​សង្គម​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​លោក Turk បាន​ព្រមាន​ថា ការហាម​ប្រាម​ស្ត្រី ក្នុងការ​ធ្វើការ ជាមួយ​អង្គការក្រៅរដ្ឋាភិបាល នឹង​ដកហូត​ប្រាក់ចំណូល​សំខាន់​របស់​ក្រុមគ្រួសារ ក៏ដូចជា​ធ្វើឱ្យប៉ះពាល់​សមត្ថភាពរ​បស់​អង្គការ ក្នុង​ការផ្តល់សេវា​សំខាន់ៗ ដោយ​ហៅ​បម្រាម​នេះ​ថា វា​គឺ​កាន់តែ​តានតឹង​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​រដូវរងា នៅពេលដែល​តម្រូវការ​មនុស្សធម៌ គឺ​ស្ថិតនៅ​កម្រិត​ខ្ពស់បំផុត​របស់​ពួកគេ​។ ក្រុម​ជំនួយ​បរទេស​ជាច្រើន ប្រកាស កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​កំពុង​ផ្អាក​ប្រតិ​​ប​ត្តិ​ការ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

​ស្ត្រី​ក៏ត្រូវ​បាន​រុញ​ចេញពី​ការងារ​រដ្ឋាភិបាល​ជាច្រើន ដែល​ត្រូវបាន​រារាំង​ពី​ការធ្វើដំណើរ​ដោយ​គ្មាន​សាច់ញាតិ​បុរស និង​ត្រូវបាន​បញ្ជា​ឱ្យ​បិទបាំង​រាងកាយ​ពី​ក្បាល​ដល់​ជើង នៅ​ខាងក្រៅ​ផ្ទះ ពោលគឺ​ស្លៀកពាក់​ប៊ើ​រកា (Burqa) និង​មិន​អនុញ្ញាត​ឱ្យចូល​ទៅលេង​សួនឧទ្យាន​នោះទេ​។

​លោក​ Turk និយាយថា​៖ «​ស្ត្រី និង​ក្មេងស្រី មិនអាច​ត្រូវបាន​គេ​បដិសេធ​សិទ្ធិ​មូលដ្ឋាន​ទេ​។ កិច្ច​ប្រឹងប្រែង​ពិតប្រាកដ​របស់​អាជ្ញាធ​រ គឺ​ធ្វើឱ្យ​ពួកគេ​នៅ​ស្ងៀម ប៉ុន្តែ​វា​នឹងមិន​ជោគជ័យ​នោះទេ​»៕

វីដេអូ៖