ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងតិច ២០០០ នាក់ត្រូវគេជឿថា បានរត់ចេញពីជំរំក្នុងប្រទេសបង់ក្លាដែសតាមទូកដែលមានមនុស្សជិះយ៉ាងច្រើនកកកុញ ក្នុងប៉ុន្មាន ខែថ្មីៗនេះ ដើម្បីស្វែងរកទីជម្រកនៅកន្លែងផ្សេងទៀតក្នុងអាស៊ីអាគ្នេយ៍ដោយរាប់រយនាក់ ត្រូវគេគិតថាបានស្លាប់ក្នុងសមុទ្រ។
ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាពីដំបូងឡើយបានភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញ នៅប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់ព្រះពុទ្ធសាសនាក្នុងឆ្នាំ ២០១៧ ដោយមានប្រហែល ១ លាននាក់ឥឡូវនេះ ត្រូវបានគេប៉ាន់ស្មានថា កំពុងរស់នៅក្នុងជំរំជនភៀសខ្លួននៅបង់ក្លាដែសជិតខាង។
អ្នកជួញដូរមនុស្ស ត្រូវបានគេជឿថា បានរៀបចំទូកយ៉ាងតិច ៦ គ្រឿង ក្នុងប៉ុន្មានខែថ្មីៗនេះពីប្រទេសមីយ៉ាន់ម៉ាឬបង់ក្លាដែស ដោយមនុស្ស ទាំង ១៨០ នាក់នៅលើទូក ១ ក្នុងចំណោមពួកគេ ត្រូវបានគេជឿថាបានស្លាប់ខណៈពេលដែលចំណាយពេលជាច្រើនសប្តាហ៍ នៅសមុទ្រដើម្បីព្យាយាមទៅដល់ប្រទេសទី ៣ ដែលមានសុវត្ថិភាព។
នេះជាអ្វីដែលយើងដឹងអំពីស្ថានភាពរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ហេតុអ្វីបានជាពួកគេចាប់ផ្តើមដំណើរដ៏គ្រោះថ្នាក់បែបនេះនិងរបៀបដែលរដ្ឋាភិបាលកំពុងឆ្លើយតប។
ទូកចំនួន ៤ គ្រឿងដែលបានមក ដល់ប្រទេសឥណ្ឌូនេស៊ី ១ គ្រឿងទៀតត្រូវបានគេរកឃើញនៅជិតឆ្នេរសមុទ្រថៃកាលពីថ្ងៃទី ៨ ខែធ្នូដែលដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១៥០ នាក់។ ១ គ្រឿងទៀតដែលដឹករ៉ូហ៊ីងយ៉ា ១០៤ នាក់ត្រូវបានរាយការណ៍ថាបានជួយសង្គ្រោះដោយកងទ័ពជើងទឹកស្រីលង្កា ក្នុងខែធ្នូ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប៉ាន់ប្រមាណថា ជនជាតិរ៉ូហ៊ីងយ៉ាជិត ២០០ នាក់បានស្លាប់ ឬបន្តបាត់ខ្លួន បន្ទាប់ពីប៉ុនប៉ងឆ្លងកាត់សមុទ្រប្រកបដោយគ្រោះថ្នាក់ ក្នុងឆ្នាំ ២០២២។
UNHCR បាននិយាយថា ចំនួននេះ អាចកើនឡើងជិតដល់ ៤០០ នាក់ បន្ទាប់ពីសាច់ញាតិរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ១៨០ នាក់ ដែលនៅលើទូក ១ ទៀតដែលរសាត់អណ្តែតនៅសមុទ្រអស់រយៈពេលជាច្រើនសប្តាហ៍បានបាត់ទំនាក់ទំនង។
ទីភ្នាក់ងារនេះ មិនអាចបញ្ជាក់ពីការស្លាប់របស់ពួកគេបានទេ ប៉ុន្តែអ្នកនាំពាក្យ Babar Baloch បាននិយាយ ថា ប្រសិនបើជាការពិត វានឹងធ្វើឱ្យឆ្នាំនេះក្លាយជាមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីឆ្នាំ ២០១៣ និង ២០១៤ នៅពេលដែលមនុស្សជាង ៩០០ នាក់ និង ៧០០ នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ ឬបាត់ខ្លួន លោក បាននិយាយថា នៅឆ្នាំ ២០២០ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ២០០ នាក់ បានស្លាប់នៅសមុទ្រ ខណៈដែល ៣០ នាក់ត្រូវបានគេជឿថា បានស្លាប់នៅឆ្នាំ ២០២១ ដោយសារជំងឺរាតត្បាតកូវីដ ១៩។
ក្នុងករណីខ្លះ ប្រទេសមួយចំនួន បដិសេធមិនអនុញ្ញាតឱ្យទូកចូលចត ដោយនាំឱ្យកើតអ្វីដែល UN ហៅថាល្បែងប៉េងប៉ុងរបស់មនុស្ស ដែលទុកមនុស្សជាច្រើនរសាត់អណ្តែតនៅសមុទ្រ អស់រយៈពេលយ៉ាងយូរ។
នេះបាននាំឱ្យមានសេចក្តីរាយការណ៍អំពីការអត់អាហារ និងអ្នកខ្លះ បានលោតចេញពីទូក។ ទូកទាំងនោះ នៅក្នុងករណីខ្លះ មិនត្រូវបានរៀបចំសម្រាប់ការបណ្តែតនៅសមុទ្រ រយៈពេលជាច្រើនសប្តាហ៍។
លោក Chris Lewa នាយកអង្គការសិទ្ធិរ៉ូហ៊ីងយ៉ា Arakan Project បានប្រាប់សារព័ត៌មាន AFP ថា ជារឿយៗ ជនជាតិរ៉ូហ៊ីងយ៉ា ក៏ប្រើប្រាស់ទូកតូចៗ និងទូកមិនមានស្តង់ដា ជំនួសឱ្យទូកនេសាទ ដែលអាចទប់ទល់នឹងខ្យល់ព្យុះ បានកាន់តែល្អ។
រ៉ូហ៊ីងយ៉ាជាង ២ ០០០ នាក់ ត្រូវបានគេជឿថា បានព្យាយាមធ្វើដំណើរមកទល់ពេលនេះក្នុងឆ្នាំនេះ ក្នុងកម្រិតស្រដៀងគ្នាទៅនឹងឆ្នាំ ២០២០។ នេះបើយោងតាម UN។
ការធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ ជារឿយៗរៀបចំដោយអ្នកជួញដូរមនុស្ស ដែលបានសន្យារកជម្រក ឱ្យជនភៀសខ្លួន នៅក្រៅប្រទេស និងមិនមានទូកគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរយ៉ាងលំបាកនោះទេ។
Rizwan Haque ជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងជំរំ Kutupalong ក្នុងទីក្រុងបាហ្សារនៃប្រទេសបង់ក្លាដែស បាននិយាយថា ប្អូនស្រីអាយុ ២០ ឆ្នាំរបស់គាត់ បានបង់ប្រាក់ឱ្យអ្នកជួញដូរម្នាក់ចំនួន ១០០ ០០០ តាកា taka ($៩៥០) ដើម្បីចេញទៅប្រទេសម៉ាឡេស៊ី។
Haque អាយុ ២៦ ឆ្នាំ បានប្រាប់សារព័ត៌មាន AFP ថា៖ «នាងត្រូវបានរងការគំរាមកំហែងនៃការរំលោភបំពានលើរាងកាយនៅក្នុងជំរំ ដូច្នេះនាងឆ្លៀតឱកាស ដើម្បីកែឱ្យជីវិតរបស់នាងល្អប្រសើរឡើង»។
ភាគច្រើននៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងធ្វើដំណើរទាំងនេះពីជំរំតូចៗក្នុងប្រទេសបង់ក្លាដែស ទៅកាន់កន្លែងដែលមនុស្សប្រហែល ៧៥០ ០០០ នាក់ បានភៀសខ្លួនក្នុងឆ្នាំ ២០១៧ បន្ទាប់ពីការបង្ក្រាបយ៉ាងព្រៃផ្សៃទៅលើក្រុមជនជាតិភាគតិចមូស្លីម ដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ពី បទប្រល័យពូជសាសន៍។
ជនភៀសខ្លួនបានរៀបរាប់ឡើងវិញនូវដំណើររឿងនៃការរំលោភ ឃាតកម្ម និងការដុតបំផ្លាញដោយកងកម្លាំងសន្តិសុខ ខណៈដែលពួកគេត្រូវបានបណ្តេញចេញពីផ្ទះសំបែងរបស់ពួកគេ។
នៅបង់ក្លាដែស អ្នកជំនាញ បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ា កំពុងប្រឈមមុខនឹងការរឹតបន្តឹង ឱកាសការងារតិចតួច និងការគំរាមកំហែងនៃអំពើហិង្សា និងការរំលោភបំពាននៅក្នុងជំរំ៕