ស្ថានទូតចិនប្រចាំកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងបញ្ឈប់ការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់ពលរដ្ឋកូរ៉េខាងត្បូងដែលចូលមកក្នុងប្រទេសចិនសម្រាប់ការចូលទស្សនា ទេសចរណ៍ អាជីវកម្មការព្យាបាលវេជ្ជសាស្ត្រ។ល។
ប្រភពដដែលនិយាយថា៖ «ចំណាត់ការនេះអាចនឹងត្រូវបានកែសម្រួលម្តងទៀតស្របតាម "ការរឹតបន្តឹងដោយរើសអើង" របស់កូរ៉េខាងត្បូងលើអ្នកដំណើរចិន»។ នេះជា វិធានការ សងសឹក លើកដំបូង ប្រឆាំងនឹង ប្រទេសកូរ៉េខាងត្បូងដែលដាក់ចេញវិធានការថ្មីៗបង្ការជំងឺកូវីដ១៩លើអ្នកដំណើរពីចិន។
ការប្រកាសនេះធ្វើឡើង១ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិនលោកQin Gang បានសម្តែងការព្រួយបារម្ភអំពីការរឹតបន្តឹងលើអ្នកដំណើរចិនពីសំណាក់កូរ៉េខាងត្បូង នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Park Jin។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានសម្រេចចិត្ត(ចេញវិធានការ) ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត ហើយបានស្នើឱ្យចិនធ្វើការរួមគ្នាដើម្បីជួយរក្សាស្ថិរភាពនៃស្ថានភាព COVID-19 នៅក្នុងប្រទេសទាំង២»។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lim Soo-sukថ្លែងក្នុងសន្និសីទកាសែតថា វិធានការលើអ្នកដំណើរមកពីប្រទេសចិនគឺផ្អែកលើភ័ស្តុតាងវិទ្យាសាស្រ្ត។
សប្តាហ៍មុន កូរ៉េខាងត្បូងបានចាប់ផ្តើមតម្រូវឱ្យអ្នកធ្វើដំណើរពីប្រទេសចិនឆ្លងកាត់ការធ្វើតេស្ត PCR នៅពេលមកដល់ បន្ទាប់ពីចិនសម្រេចបន្ថយវិធានការរឹតបន្តឹងតាមគោលនយោបាយគ្មានកូវីដ(កូវីដសូន្យ)។កូរ៉េខាងត្បូងក៏តម្រូវឱ្យអ្នកដំណើរផ្តល់លទ្ធផល PCR អវិជ្ជមាន ក្នុងរយៈពេល ៤៨ម៉ោងមុនជាន់ដីកូរ៉េឬតម្រូវឱ្យអ្នកដំណើរពីចិនធ្វើតេស្តអង់ទីហ្ស៊ែន ក្នុងរយៈពេល២៤ម៉ោងមុនជាន់ដីកូរ៉េដូចគ្នាដែរ។ កូរ៉េខាងត្បូងក៏បានផ្អាកទិដ្ឋាការខ្លីសម្រាប់ជនជាតិចិនរហូតដល់ចុងខែមករានេះ។
កាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិស កូរ៉េខាងត្បូងបានតាមដានបុរសជនជាតិចិនម្នាក់ដែលបានបាត់ខ្លួនពេលគេកំពុងរង់ចាំការធ្វើចត្តាឡីស័ក បន្ទាប់ពីលទ្ធផលតេស្ត COVID-19វិជ្ជមានពេលគេមកដល់ព្រលានយន្តហោះកូរ៉េខាងត្បូង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeolបាននិយាយថា វិធានការចត្តាឡីស័កនិងការរឹតបន្តឹងដោយវិធានការនានាតាមព្រំដែននេះធ្វើឡើងផ្ដោតលើសុវត្ថិភាពរបស់ពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះហើយមិនមានហេតុផលនយោបាយឡើយ។ លោកថា៖«គ្មានប្រទេសណាមួយលើពិភពលោកចាត់ទុកការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងតាមព្រំដែនជាបញ្ហាការទូត នយោបាយ សេដ្ឋកិច្ច ឬពាណិជ្ជកម្មទេ។នោះជាវិទ្យាសាស្ត្រ យើងយកចិត្តទុកដាក់តែលើសុវត្ថិភាពនិងសុខភាពរបស់ប្រជាជនប៉ុណ្ណោះ»។
ភាពតានតឹងចុងក្រោយបំផុតបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងធ្លាក់ចុះដោយមានការប៉ះពាល់យ៉ាងខ្លាំងចំពោះអាជីវកម្មជាមួយប្រទេសចិន៕
វីដេអូ៖