សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជាច្រើន​កាលពី​ថ្ងៃ​សុក្រ បាន​ជំរុញ​ឱ្យ​ក្រុម តា​លី​បង់ បញ្ចប់​ការគាបសង្កត់​លើ​ស្ត្រី​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈដែល​ក្រុម​អ៊ិ​ស្លាម​និយម​រឹងរូស បន្ត​ការ​រឹតបន្តឹង​។​

​ក្រុម​តា​លី​បង់ បាន​វិលត្រឡប់ មកកាន់​អំណាច​វិញ​នៅ​ខែសីហា ឆ្នាំ​ ​២០២១ ដោយ​សន្យាថា​នឹង​កែទម្រង់​ការ​គ្រប់​ឆ្នាំ​ ១៩៩៦-២០០១ ​ដែលមាន​ភាពល្បីល្បាញ​ដោយ​ការរំលោភ​សិទ្ធិមនុស្ស​ឱ្យ​ធូរស្រាល​ជាង​មុន​។​

​ប៉ុន្តែ​ពួកគេ​បាន​គាបសង្កត់​ស្ត្រី​ចេញពី​ស្ទើរតែ​គ្រប់ផ្នែក​នៃ​ជីវិត​សាធារណៈ​ដោយ​កាលពី​ថ្មីៗ​នេះ បាន​ហាមប្រាម​ពួកគេ​ពី​ការអប់រំ​កម្រិត​មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា ការងារ​ក្នុង​វិស័យ​សាធារណការ​ទៅលេង​សួនឧទ្យាន​និង​ងូតទឹក​។​


​ឯកអគ្គរដ្ឋទូត​ជប៉ុន Ishikane Kimihiro បាន​ថ្លែង​ក្នុងនាម​សមាជិក​ចំនួន ​១១​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ថា​៖ «​យើង​ជំរុញ​ឱ្យ​ក្រុម​តា​លី​បង់​លុបចោល​រាល់​វិធានការ​គាបសង្កត់​លើ​ស្ត្រី និង​ក្មេងស្រី ជាបន្ទាន់​»​។​

​សមាជិក​ទាំងនោះ​មានដូចជា ប្រទេស​អាល់​បា​នី ប្រេ​ស៊ី​ល​អេក្វាទ័រ បារាំង ហ្គា​បុ​ង ជប៉ុន ម៉ា​ល់ត៍ ស្វ៊ី​ស អេ​មី​រ៉ា​ត​អារ៉ាប់​រួម អង់គ្លេស និង​អាមេរិក​។​


​ប្រទេស​ទាំងនេះ បាន​អំពាវនាវ​ឱ្យ​ក្រុម​តា​លី​បង់ គោរព​សិទ្ធិ​ស្ត្រី និង​ក្មេងស្រី និង​ការចូលរួម​យ៉ាង​ពេញលេញ​ស្មើភាព និង​មានន័យ និង​ការចូលរួម​របស់​ពួកគេ​នៅ​ទូទាំង​គ្រប់​ទិដ្ឋភាព​នៃ​សង្គម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ពី​នយោបាយ និង​សេដ្ឋកិច្ច​រហូតដល់​ការអប់រំ​និង​ទីសាធារណៈ​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​លើក ឡើង​យ៉ាងច្បាស់​អំពី​ការ​មិន​អនុញ្ញាត ឱ្យ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​រៀន​សាលា​អនុវិទ្យាល័យ និង​សាកលវិទ្យាល័យ និង​ការ​​ហាមឃាត់​លើ​អង្គការ​ក្រៅ​រដ្ឋា​​ភិ​បាល​ដែល​ជួល​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ឱ្យ​បម្រើ​ការងារ​។​

​សេចក្តីថ្លែងការណ៍​ដដែល​បានឱ្យដឹង​ទៀតថា​៖ «​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា នឹងមិន​អាចឈាន​ទៅដល់​អ្នក​ដែល​ត្រូវ​ខ្វះ​ខាត​បំផុត​ជាពិសេស​ស្ត្រី និង​ក្មេងស្រី ដើម្បី​ផ្តល់​សម្ភារ និង​សេវា​សង្គ្រោះ​ជីវិត​បានទេ​»​។​

​ក្រុម​ជំនួយ​អន្តរជាតិ​ជាច្រើន បាន​ផ្អាក​ការងារ​របស់​ពួកគេ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយសារតែ​បម្រាម ដែល​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋាភិបាល​តា​លី​បង់​កាលពី​ថ្ងៃទី​ ២៤ ខែ ធ្នូ​។ ប៉ុន្តែ ​UN បាន និយាយថា ទីភ្នាក់ងារ​របស់ខ្លួន​នឹង​បន្តធ្វើការ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។​

​សេចក្តីថ្លែងការណ៍​កាល​ពីថ្ងៃ​សុក្រ ដែល​បាន​ធ្វើឡើង​ក្នុងអំឡុងពេល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បិទទ្វារ​បាន​បន្តថា​៖ «​ស្ថានភាព​របស់​ស្ត្រី​និង​ក្មេងស្រី​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវតែមាន​នៅក្នុង​របៀប​វារៈ​របស់​ក្រុមប្រឹក្សាសន្តិសុខ​»​។​

​ឯកអគ្គរដ្ឋទូត​អង់គ្លេស Barbara Woodward បាន​សរសេរ​នៅលើ​ធ្វី​ធើ​រថា​៖ «​យើង​នឹង​ពិ​ភា​​ក្សា​គ្នា​នៅថ្ងៃនេះ អំពី​ការឆ្លើយតប​ជា​អន្តរជាតិ​រួមមួយ​ចំពោះ​សកម្ម​ភាព​របស់​ក្រុម​តា​លី​បង់​»​។ «​យើង​មានបំណង​បញ្ឈប់​ការធ្លាក់​ចូលទៅក្នុង​មហន្តរាយ​មនុស្សធម៌ និង​លុបចោល​ការហាម​ប្រាម​លើ​ស្ត្រី និង​ក្មេងស្រី​»៕