រដ្ឋាភិបាលវៀតណាមបានថ្លែងថា ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) បានលាលែងចេញពីតំណែង កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងកាន់អំណាច បានធ្វើការស្តីបន្ទោសលោកចំពោះការបំពាន និងការប្រព្រឹត្តខុស ដោយមន្ត្រីក្រោមបង្គាប់របស់លោក។ ការសម្រេចបណ្ដេញប្រធានាធិបតីចេញពីតំណែងបែបនេះ ត្រូវបានប្រព្រឹត្តទៅក្រោមក្របខ័ណ្ឌយុទ្ធនាការប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសវៀតណាម។
គួរដឹងដែរថា លោក ហ្វ៊ុក ធ្លាប់ជាអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានស្ងើចសរសើរពីសាធារណជនថា បានជួយពន្លឿនកំណែទម្រង់គាំទ្រគោលនយោបាយអាជីវកម្មក្នុងស្រុកកន្លងមក។ លោកបានឡើង កាន់តំណែងជាប្រធានាធិបតី ចាប់តាំងពីឆ្នាំ ២០២១ ហើយជាមន្ត្រីជាន់ខ្ពស់បំផុត ១ រូប ដែលត្រូវបានកំណត់គោលដៅថា មានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
វៀតណាមគ្មានមេដឹកនាំកំពូលណាម្នាក់ ដែលមានអំណាចលើសគេនោះទេ។ ជាទូទៅ ថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ពឹងផ្អែកទៅលើសសរស្តម្ភចំនួន ៤ សំខាន់ៗ ក្នុងនោះរួមមានដូចជា ប្រធានាធិបតីជាប្រមុខរដ្ឋ នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាល អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម និងប្រធានសភា។ សម្រាប់លោក ហ្វ៊ុក ដែលជាប្រមុខរដ្ឋ វ័យ ៦៨ ឆ្នាំ គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះបទល្មើសដែលប្រព្រឹត្តដោយមន្ត្រីនៅក្រោមបង្គាប់របស់ខ្លួនជាច្រើនរូប រួមមានឧបនាយករដ្ឋមន្ត្រី ២ រូប និងរដ្ឋមន្ត្រី ៣ រូបផងដែរ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងថា «លោក ហ្វ៊ុក បានដឹងយ៉ាងច្បាស់អំពីការទទួលខុសត្រូវរបស់លោក នៅចំពោះមុខគណបក្ស និងប្រជាជន ដូច្នេះលោកបានដាក់ពាក្យសុំលាលែងពីមុខតំណែង ហើយក៏ចូលនិវត្តន៍តែម្ដង»។ យ៉ាងណាក៏ដោយ ការិយាល័យរដ្ឋបាលរបស់លោក ហ្វ៊ុក មិនអាចទាក់ទងបានភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបំភ្លឺនោះទេ ហើយរហូតមកទល់ពេលនេះ យើងក៏មិនទាន់ដឹងច្បាស់ថា តើអ្នកដែលនឹងចូលកាន់តំណែងជំនួសលោក ត្រូវបានជ្រើសរើសហើយ ឬនៅទេ?
កន្លងមក មានការដឹងឮ និងនិយាយតៗគ្នាជាច្រើន នៅក្នុងប្រទេសវៀតណាមថា លោក ហ្វ៊ុក នឹងត្រូវដកចេញពីតំណែង បន្ទាប់ពីមានការបណ្តេញចេញឧបនាយករដ្ឋមន្ត្រី ២ រូប ដែលបានបម្រើការនៅក្រោមបង្គាប់របស់លោកកាលពីដើមខែមករា ខណៈដែលបក្សកុម្មុយនីស្ដវៀតណាមបានរឹតបន្តឹងទ្វេដង ទៅលើយុទ្ធនាការប្រឆាំងអំពើពុករលួយនៅក្នុងជួរបក្ស ដែលនាំមុខដោយប្រមុខដឹកនាំដ៏មានឥទ្ធិពល គឺលោក ង្វៀន ហ្វ៊ូចុង (Nguyen Phu Trong)។
គួររំឭកផងដែរថា កាលពីឆ្នាំ ២០២២ សមាជិកគណបក្សចំនួន ៥៣៩ រូប ត្រូវបានកាត់ទោស ឬដាក់ពិន័យពីបទប្រព្រឹត្តអំពើពុករលួយ និងប្រព្រឹត្តទង្វើខុសឆ្គងផ្សេងៗ ក្នុងនោះរួមមានរដ្ឋមន្ត្រីមន្ត្រីកំពូលៗ និងអ្នកការទូតជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ប៉ូលិស បានធ្វើការស៊ើបអង្កេតទៅលើករណី ពុករលួយចំនួន ៤៥៣ ករណី ដែលតួលេខនេះ បានកើនឡើងរហូតដល់ទៅ ៥០% បើធៀបនឹងឆ្នាំ ២០២១។
កាលពីដើមខែមករា លោក ចុង បានលើកឡើងថា គណបក្សមានការតាំងចិត្តកាន់តែខ្លាំងជាងមុន និងមានប្រសិទ្ធភាពប្រកបដោយវិធីសាស្ត្រជាច្រើន ក្នុងការធានា និងប្តេជ្ញាថា នឹងអនុវត្តវិធានការប្រឆាំងអំពើពុករលួយឱ្យចេញជាលទ្ធផល។
មានមតិជាច្រើន ដែលបានលើកឡើងខុសៗគ្នា អំពីវិធានការប្រឆាំងអំពើពុករលួយរបស់លោក ចុង ដោយភាគច្រើន ពួកគេបានផ្ដោតទៅលើការវិនិយោគ និងគោលនយោបាយ។ លោក Le Hong Hiep អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថាន ISEAS-Yusof Ishak ប្រទេសសិង្ហបុរី បានលើកឡើងថា ការបោសសម្អាតអំពើពុករលួយនេះ អាចត្រួសត្រាយផ្លូវសម្រាប់មេដឹកនាំ ដែលមានសមត្ថភាពឱ្យមានឱកាសចូលបម្រើជាតិកាន់តែច្រើន។ អ្នកស្រាវជ្រាវរូបនេះ បានបង្ហោះនៅលើគណនីហ្វេសប៊ុកថា «ដរាបណាការ រុះរើថ្នាក់ដឹកនាំ មិននាំឱ្យមានការផ្លាស់ប្តូរគោលនយោបាយខ្លាំងនោះទេ ការជះឥទ្ធិពលទៅលើសេដ្ឋកិច្ច ក៏នឹងមានតិចតួចផងដែរ»។
យ៉ាងណាក៏ដោយលោក Ha Hoang Hop ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានដូចគ្នាខាងលើ បានលើកឡើងថា ការដកតំណែងលោក ហ្វ៊ុក និងភាពមិនប្រាកដប្រជាជាច្រើន អាចធ្វើឱ្យអ្នកវិនិយោគមានការខកបំណង។ លោកបានបន្តថា៖ «ការណ៍នេះ អាចនាំប្រទេសវៀតណាមឈានទៅរកពេលវេលានៃអស្ថិរភាព ដែលនឹងធ្វើឱ្យវិនិយោគិនបរទេសព្រួយបារម្ភ»។
គួរកត់សម្គាល់ថា ការលាលែងពីតំណែងរបស់លោក ហ្វ៊ុក គឺតម្រូវឱ្យមានការយល់ព្រមពីសភាជាមុនសិន ដូច្នេះការរៀបចំកិច្ចប្រជុំវិសាមញ្ញដ៏កម្រមួយ ក្នុងសប្តាហ៍នេះ ប្រៀបបានដូចជាកិច្ចប្រជុំកំណត់ជោគវាសនារបស់លោកតែម្ដង។ លោក ហ្វ៊ុក ត្រូវបានគេស្គាល់នៅក្នុងប្រទេសវៀតណាមថា ជាមនុស្សរួសរាយរាក់ទាក់ និងស្រឡាញ់ក្រុមបាល់ទាត់ជម្រើសជាតិខ្លាំងណាស់។ បន្ថែមលើនេះ លោកធ្លាប់ត្រូវបានគេលើកតម្កើងថា នឹងក្លាយជាអគ្គលេខាធិការបក្ស នាពេលអនាគត ដែលជាមុខងារមួយដ៏មានកិត្យានុភាពបំផុតទៀតផង។
កាលពីលោកនៅកាន់តំណែង ជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ លោកបានរួមចំណែកជួយឱ្យកំណើនសេដ្ឋកិច្ចវៀតណាមកើនឡើងប្រចាំឆ្នាំជាមធ្យម ៦% ធ្វើឱ្យវៀតណាមក្លាយជាមហាអំណាចខាងផ្នែកផលិតកម្ម ដែលមានការរីកចម្រើនយ៉ាងខ្លាំង នៅតំបន់អាស៊ី និងជួយជំរុញសេរីភាវូបនីយកម្មឱ្យកាន់តែប្រសើរឡើងជាងមុន ដូចជាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងមហាអំណាចនៅតំបន់ប៉ាស៊ីហ្វិកជាដើម។
បើទោះបីជាលោក ហ្វ៊ុក លាលែងចេញពីតំណែងក៏ដោយ កាលពីថ្ងៃអង្គារ រដ្ឋាភិបាលក៏បានសរសើរនូវសមិទ្ធផលជាពិសេសវិធានការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ របស់លោក កាលពីឆ្នាំ ២០២០ និងឆ្នាំ ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍ រដ្ឋាភិបាល
បានលើកឡើងថា៖ «គាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដឹកនាំ តម្រង់ទិស និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយសម្រេចបាននូវលទ្ធផលធំៗជាច្រើន»៕
វីដេអូ៖