​ម្ចាស់​ជយលាភី​ណូបែល​ហ្វីលីពីន លោកស្រី ម៉ា​រី​យ៉ា រ៉េ​ហ្សា (Maria Ressa) ដែលជា​អ្នកកាសែត​ដ៏​ល្បី​ឈ្មោះ​ ១ ​រូប និង​ស្ថាប័ន​សារ​ព័ត៌មាន​អន​ឡាញ Rappler របស់លោក​ស្ ត្រូវបាន​រួច​ទោស​ពីបទ​គេចពន្ធ​។​

​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍នៅ​ថ្ងៃ​ពុធ បានផ្តល់​ជ័យជម្នះ​ដល់​លោកស្រី រ៉េ​ហ្សា ក្នុង​សំណុំរឿង ដែល​លោកស្រី​បាន​ពិពណ៌នា​ថា ជា​ទម្រង់​នៃ​ការយាយី​។ ប្រសិនបើ​មានទោស លោកស្រី​នឹងត្រូវ​ប្រឈម ជាប់ពន្ធនាគារ​រហូត​ដល់ ​៣៤ ​ឆ្នាំ​។​

​លោកស្រី Ressa ដែល​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​រួមជាមួយ​អ្នកកាសែត​រុស្ស៊ី លោក Dmitry Muratov ក្នុង​ឆ្នាំ​ ២០២១ គឺជា​ប្រធាន​ស្ថាប័ន​ព័ត៌មាន Rappler ដែល​ល្បី​ខាង​ការរាយការណ៍​ស៊ី​ជម្រៅ និង​ឃ្លាំមើល​យ៉ាង​​តឹងរ៉ឹង​លើ​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រី​ហ្គោ ឌុយ​តឺ​តេ​។​


​ក្រោយ​សេចក្ដីសម្រេច នៅ​ថ្ងៃ​ពុធ​នេះ លោកស្រី រ៉េ​ហ្សា បាន​ថ្លែង​យ៉ាង​រំជើបរំជួល​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ថ្ងៃនេះ ភាពត្រឹមត្រូវ ទទួលបាន​ជ័យជម្នះ​។ ការពិត​ទទួលបាន​ជ័យ​ជម្នះ​។ យុត្តិធម៌​ទទួលបាន​ជ័យជម្នះ​»​។ លោកស្រី​បន្តថា​៖ «​ដូចដែល​អ្នក​បានដឹង​ហើយ​ថា ការចោទប្រកាន់​ទាំងអស់នេះ ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ ជាការ​រំលោភ​អំណាច​ដ៏​គ្មាន​ភាព​ខ្មាសអៀន ហើយ​មានបំណង​ចង់​បញ្ឈប់​អ្នកកាសែត​ពី​ការបំពេញ​ការ​ងារ​របស់​ពួកគេ​»​។​

​លោកស្រី រ៉េ​ហ្សា និយាយទៀតថា​៖ «​ករណី​ទាំងនេះ គឺជា​កន្លែងដែល​ទីផ្សារ​មូល​ធន​នីតិរដ្ឋ និង​សេរីភាព​សារ​ព័ត៌មានត្រូវ​តទល់​មុខ​គ្នា​។ ដូច្នេះ​ការលើកលែងទោស​នេះ មិនមែន​សម្រាប់តែ Rappler ទេ វាសម្រាប់​ប្រជាជន​ហ្វី​លីពី​ន​គ្រប់រូប ដែល​ធ្លា​ប់រង​ការ ចោទប្រកាន់ដោយ​អ​យុ​ត្តិធម៌​»​។​


​គួរ​គូសបញ្ជាក់ថា ករណី​គេចពន្ធ​របស់លោក​ស្រី រ៉េ​ហ្សា និង​សារព័ត៌មាន Rappler កើតចេញពី​ការចោទប្រកាន់​របស់​គ​ណៈ​កម្ម​ការមូល​ប​ត្រ​ហ្វីលីពីនដែលថា ស្ថាប័ន​នេះ​បាន​រំលោភ​លើ​បទ​ប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ដែល​ហាមឃាត់​កម្មសិទ្ធិ​បរទេស និង​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន នៅពេល​ទទួលបាន​មូលនិធិ​ពី​ក្រុមហ៊ុន​វិនិយោគ​បរទេស Omidyar Network និង North Base Media តាមរយៈ​ឯកសារ​ហិរញ្ញវត្ថុ ដែល​គេ​ហៅថា ឯកសារ​ប្រាក់​បញ្ញើ​ហ្វីលីពីន (PDRs)​។

ក្រោយមក ករណីនេះ​បាន​ក្លាយជា​មូលដ្ឋាន ដែល​គណៈកម្មការ​មូល​ប​ត្រ​ហ្វីលីពីន បាន​បញ្ជា​ឱ្យ​បិទ Rappler ខណៈ​ស្ថាប័ន​នេះ បាន​បដិសេធ និង​ប្តឹងទៅ​ឧទ្ធរណ៍ ដោយ​និយាយថា វា​ជា​ក្រុមហ៊ុន​សារព័ត៌មាន​ទាំង​ស្រុង ហើយ​គ្រប់គ្រង​ដោយ​ប្រជាជន​ហ្វីលីពីន​។

​ក្នុង​សេចក្ដីសម្រេច នៅ​ថ្ងៃ​ពុធ​នេះ សាលាឧទ្ធរណ៍បាន​លើកឡើងថា រដ្ឋអាជ្ញា​បាន​បរាជ័យ​ក្នុងការ​បង្ហាញថា លោកស្រី រ៉េ​ហ្សា និង Rappler បានគេច​វេះ​ពី​ការបង់ពន្ធហើយ​បន្តថា​៖ «​ការលើកលែងទោស​ជន​ជាប់ចោទ គឺ​ផ្អែកលើ​ការរកឃើញ​របស់​តុលាការ ដែល​ចុងចោទ​មិនបាន​ប្រព្រឹត្ត​បទល្មើស​នោះទេ​»​។ តុលាការ​សម្រេច​ថា PDRs ដែល​ចេញ​ដោយ Rappler មិន​ជាប់ពន្ធ​បានទេ ហើយ​លុប​ចោលការ​​ចោទប្រកាន់​គេចពន្ធ ដែល​ដាក់​ដោយ​រដ្ឋអាជ្ញា​ក្រសួងយុត្តិធម៌​ក្រោម​ការដឹកនាំ​របស់លោក ឌុយ​តឺ​តេ​។​

​ទោះយ៉ាងណា​ក៏ដោយ លោកស្រី រ៉េ​ហ្សា ដែលមាន​វ័យ ៥៩ ​ឆ្នាំ នៅតែ​ប្រឈមមុខ​នឹង​ករណី​ព្រហ្មទណ្ឌ​ចំនួន ៣ ​ផ្សេងទៀត រួមទាំង​ការ​ចោទ​ប្រកាន់​ពីបទ​បរិហារកេរ្តិ៍តាម​អ៊ី​ន​ធឺ​ណិ​ត ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុង​បណ្តឹងឧទ្ធរណ៍ ដែល​លោកស្រី​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ជិត ៧ ​ឆ្នាំ ប្រសិនបើ​មានទោស​។​

​កាលពី​ខែកញ្ញា ប្រ​ធានា​ធិបតី​ហ្វីលីពីន​លោក ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស ជូ​នៀ បាន​ថ្លែងថា លោក​នឹងមិន​ជ្រៀតជ្រែក​ក្នុង​សំណុំរឿង​របស់លោក​ស្រី រ៉េ​ហ្សា នោះទេ ដោយ​លើក​ឡើង​ពី​ការបែងចែក​អំណាច រវាង​ផ្នែក​នីតិប្រតិបត្តិ និង​ផ្នែក​តុលាការ​។

​យ៉ាងណាមិញ ហ្វីលីពីន​មានឈ្មោះ​ថា ជា​ប្រទេស​ដ៏​គ្រោះថ្នាក់​មួយ​នៅ​អាស៊ីសម្រាប់អ្នកសារព័ត៌មាន​។ ប្រទេស​នេះ​ចាប់​ចំណាត់ថ្នាក់​ទី​១៤៧ ក្នុងចំណោម ១៨០ ​ប្រទេស នៅក្នុង​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ​២០២២ ខណៈ​គណៈ​ក​ម្មា​ធិ​ការការពារ​អ្នក​សារព័ត៌មាន បានដាក់​ចំណាត់ថ្នាក់​ហ្វីលីពីន​លេខ ​៧ លើ​ពិភពលោក នៅក្នុង​ស​ន្ទ​ស្សន៍​និ​ទ្ទណ្ឌ​ភាព​ឆ្នាំ ​២០២១៕