មន្ត្រី​បាន​និយាយ​កាល ពីថ្ងៃ​ពុធ​ថា​ មនុស្ស​យ៉ាងតិច​ ៧០​ នាក់បាន​ស្លាប់ ​ដោយសារ​រលក​នៃ​សីតុណ្ហភាព​ត្រជាក់​ដែល​បក់បោក​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈដែល​អាកាសធាតុ​ត្រជាក់​ខ្លាំង​បាន​បង្ក​ជា​វិបត្តិ​មនុស្សធម៌ ក្នុងប្រទេស​ញាំញី​ដោយ​ភាព​ក្រីក្រ​នេះ​។​

​ចាប់តាំងពី​ថ្ងៃទី​ ១០ ខែមករា មក​បារត​បាន​ធ្លាក់​ទៅលើ​ទីក្រុង​កា​ប៊ុល និង​ខេត្ត​មួយចំនួនទៀត ដោយ​តំបន់​កណ្តាលនៃ​ខេត្ត​ Ghor​ បាន​កត់ត្រា​សីតុណ្ហភាព​ទាប បំផុត​គឺ​ -៣៣oC (-២៧oF)​ នៅ​ចុង​សប្តាហ៍​។​

​លោក​ Mohammad Nasim Muradi ប្រធាន​កា​រិ​យា​ល័យ​ឧតុ​និយមនៃ​ប្រទេស​អា​​ហ្វ​ហ្គា​នី​ស្ថាន បាន​ប្រាប់​សារ​ព័ត៌មាន​ AFP ​ថា​៖ «​រដូវរងា​នេះ គឺ​ត្រជាក់​បំផុត ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​»​។​


​នៅតាម​តំបន់​ជនបទ គ្រួសារ​ដែល​គ្មាន​ផ្ទះសំបែង​ត្រូវបាន​គេ​មើលឃើញថា កំពុង​ការពារ​ទប់ទល់​នឹង​ភាព​ត្រជាក់​ដោយ​អាំងភ្លើង ចំណែក​ក្នុង​រដ្ឋធានី​ដែលមាន​ព្រិល​ធ្លាក់ ម៉ាស៊ីនកម្តៅ​ដើរ​ដោយ​ធ្យូងថ្ម​ក្នុងស្រុក ត្រូវបាន​បិទ​ចោល​។​

​លោក Muradi បាន​និយាយថា​៖ «​យើង​រំពឹងថា រលក​ត្រជាក់​នឹង​បន្ត ​១ ​សប្តាហ៍ទៀត ឬ​លើសពីនេះ​។​


​ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យដឹងថា មនុស្ស​ ៧០ ​នាក់ និង​គោក្របី ៧០ ០០០​ ក្បាល​ ដែលជាទំនិញ​ដ៏​សំខាន់ នៅក្នុង​វិស័យ​អន់​នៃ​សង្គម​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បាត់​បង់ជីវិត​ក្នុង​រយៈពេល​ ៨ ​ថ្ងៃ​កន្លង​ទៅនេះ​។​

​ខេត្ត​មួយចំនួន​នៅ​ភាគ​​កណ្តាល និង​ភាគ​ខាងជើង បានឃើញ​ផ្លូវ​ត្រូវបាន​បិទ​ដោយ​ព្រិល​ធ្លាក់​ខ្លាំង​។ នេះ​បើ​យោងតាម​រូបភាព​ជាច្រើន​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។​

​នេះ​គឺជា​រដូវរងា​ទី​២ ​ចាប់តាំងពី​កងកម្លាំង​ដឹកនាំ​ដោយ​អាមេរិក​បាន​ដកខ្លួន​ចេញ ហើយ​ក្រុម​តា​លី​បង់​បាន​វាយ​ប្រហារ​ទៅក្នុង​ទីក្រុង​កា​ប៊ុល ដើម្បី​ជំនួស​របប​ដែល​គាំទ្រ​ដោយ​វ៉ាស៊ីនតោន​។​

​ចាប់តាំងពី​ពេលនោះ​មក ជំនួយ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​ទ្រព្យសម្បត្តិ​ជាតិ​សំខាន់ៗ ត្រូវបាន​បង្កក​ដោយ​អាមេរិក ដោយ​នាំឱ្យមាន​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​មួយ​នៅក្នុង​ពិភពលោក​៕