ប្រជាជន​បារាំង​ជាង​ ១​​ លាន​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានធ្វើ​បាតុកម្ម​នៅ​ទូទាំងប្រទេស ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​បារាំង ដែល​បានធ្វើ​កំណែទម្រង់​លើ​អាយុ​ចូលនិវត្តន៍ ដោយ​ដំឡើង​អាយុ​ចូលនិវត្តន៍​ពី ៦២ ដល់ ៦៤ ឆ្នាំវិញ​។​


​ការតវ៉ា​នេះ​មានការ​ចូលរួម​ពី​ប្រជាជន​ជាង ១ លាន​នាក់​ដែល​មកពី​សហជីព និង​បុគ្គលិក​ក្នុង​វិស័យ​ការងារ​សំខាន់ៗ​ជាច្រើន បាននាំគ្នា​ចូលរួម​តវ៉ា​តាម​ដងផ្លូវ​ដែល​បង្កឱ្យមាន​ការប៉ះពាល់​ដល់​សេវ​កម្ម រថភ្លើង យន្តហោះ សាលារៀន និង​អាជីវកម្ម​ក្នុងប្រទេស​។ ក្នុង​នោះគេ​ប្រទះឃើញ​មាន​ក្រុម​តូចៗ​ខ្លះ បាន​គប់​ដុំថ្ម​និង​ដុំ​ភ្លើង​ចូល​ស្ថានីយ​ប៉ូលិស និង​កន្លែង​ទេសចរណ៍​ដ៏​ល្បីល្បាញ Eiffel Tower ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​។

​កំណែទម្រង់​ថ្មី​របស់​រដ្ឋាភិបាល​បារាំង លោក​ប្រធានាធិបតី ម៉ា​ក្រុង គឺ​ការដំឡើង​អាយុ​ចូលនិវត្តន៍​ដែល​នឹង​ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ឆ្នាំ ២០៣០ ទៅ ដោយ​តម្រូវឱ្យធ្វើ​ការបន្ថែម​២​ឆ្នាំ​ទៀត​មុននឹង​ចូលនិវត្តន៍​។


​យោងតាម​ក្រសួង​អប់រំ​ប្រទេស​បារាំង​បានឱ្យដឹងថា ៤០ % នៃ​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា និង​វិទ្យាល័យ​បាន​ចូលរួម​ធ្វើ​កូដកម្ម​។ ខ្សែ​រថភ្លើង​ទូទាំងប្រទេស​បារាំង និង​ខ្សែ​រថភ្លើង​ក្រោម​ដី​នៅ​ទីក្រុង​ប៉ារីស ត្រូវបាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ និង​តម្រូវឱ្យ​បិទ​ទាំងស្រុង​នៅតាម​ស្ថានីយ​នីមួយៗ​។ ទន្ទឹមនឹង​នេះដែរ ស្ថានីយ​ហោះហើរ Eurostar បាន​លុបចោល​រាល់​សេវាកម្ម​ធ្វើដំណើរ​ជាច្រើន​ពី​ទីក្រុង​ប៉ារីស​ទៅកាន់​ទីក្រុង​ឡុ​ដ៍ ដោយសារ​យន្តហោះ​មួយចំនួន​ត្រូវបាន​វាយកម្ទេច​ពី​សំណាក់​អ្នក​បាតុកម្ម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាកាសយានដ្ឋាន Charles de Gaulle បាន​រាយការណ៍​មក​ថា ជើងហោះហើរ​មួយចំនួន​នឹងត្រូវ​ពន្យារពេល​ដោយសារ​តែមាន​កូដកម្ម​ទៅលើ​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស និង​កម្មករ​ភាគច្រើន​នៅ​រោងចក្រ​ប្រេង Totalenergies លាឈប់​ពី​កន្លែង​ការងារ​ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការដឹកជញ្ជូន​ប្រេង​។


​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍​ដែល​បាន​ស្នើឡើង​ក្រោម​លោក ម៉ា​ក្រុង​នេះ កើតឡើង​នៅពេលដែល​ប្រជាជន​កំពុង​ជួបប្រទះ​នូវ​កំណើន​ថ្លៃ​ម្ហូបអាហារ ថាមពល ប្រាក់ខែ និង​លក្ខខណ្ឌ​នៃ​ការងារ​។


​ក្នុងជំនួប​រវាង​សារព័ត៌មាន​អេ​ស្ប៉ា​ញ និង​លោក​ម៉ា​ក្រុង បានឱ្យដឹងថា ការចាប់ផ្តើម​ច្បាប់​ថ្មី​នេះ​ក្នុង​គោលបំណង​បង្កើត​សិទ្ធិ​ស្មើគ្នា​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​ដោយ ៤០% នៃ​កម្មករ​បារាំង​នឹង​អាច​ទទួលបាន​ប្រាក់បៀវត្សរ៍ មុន​អាយុ ៦៤​ឆ្នាំ សម្រាប់​អ្នក​ដែល​ចាប់ផ្តើម​ចូលធ្វើការ​មុន​។

​គួរ​រំឭក​ផងដែរ​ថា ការកែប្រែ​ប្រាក់​សោធន​និវត្តន៍​គឺជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​កើតមាន​ជា​យូរណាស់​មកហើយ​នៅក្នុង​ប្រទេស​បារាំង ជាមួយនឹង​ការតវ៉ា​តាម​ដងផ្លូវ​ដែល​បាន​បញ្ឈប់​កិច្ចខិតខំ​ប្រឹងប្រែង​កំណែទម្រង់​ក្នុង​ឆ្នាំ ១៩៩៥ ហើយ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ប្រឈមមុខ​នឹង​ការតស៊ូ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការផ្លាស់ប្តូរ​ដែល​ទីបំផុត​បានអនុម័ត​ក្នុង​ឆ្នាំ ២០០៤ ២០០៨​និង ២០១០​។​

​លោក ម៉ា​ក្រុង ក៏​ធ្លាប់មាន​គម្រោង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​សោធន​និវត្តន៍​របស់​ប្រទេស​បារាំង​កាលពី​ឆ្នាំ ២០១៩ ផងដែរ ប៉ុន្តែ​ត្រូវបាន​លុបចោល​ដោយសារ​ជំងឺ​មេរោគ​រាតត្បាត​កូ​វីដ​១៩ បានកើត​ឡើង​។

​គួរបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា នៅ​ទ្វីបអឺរ៉ុប និង​ក្នុងប្រទេស​អភិវឌ្ឍន៍​ជាច្រើន​ផ្សេងទៀត អាយុ​ដែល​ប្រាក់​សោធន​និវត្តន៍​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​គឺ ៦៥​ឆ្នាំ និង​កំពុង​ផ្លាស់ប្តូរ​កាន់តែខ្លាំង​ឡើងទៅ​កាន់​អាយុ ៦៧ ឆ្នាំ​។ ជាមួយគ្នានេះដែរ សហជីព​បារាំង គ្រោង​នឹង​ជួបគ្នា​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​សម្រេច​ថា​តើ​គួរ​បន្តសកម្មភាព​កូដកម្ម​ឬ​អត់​៕​