អង្គការណាសា និងក្រុមហ៊ុនបូអ៊ីង នឹងធ្វើការរួមគ្នាលើគម្រោងឈ្មោះ Sustainable Flight Demonstrator ដើម្បីផលិតសាកល្បង និងហោះហើរយន្តហោះខ្នាតតូចច្រកផ្លូវតែ ១ ដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ នេះបើយោងតាមការប្រកាសពីទីភ្នាក់ងារស្រាវជ្រាវអវកាសកាលពីពេលថ្មីៗនេះ។
អ្នកគ្រប់គ្រងអង្គការណាសា លោក Bill Nelson ថ្លែងកាលពីថ្ងៃពុធថា៖ «តាំងពីដើមដំបូងមក អង្គការណាសាបានស្ថិតនៅជាមួយអ្នក នៅពេលហោះហើរ។ ណាសាហ៊ានកាន់តែឆ្ងាយ លឿន និងខ្ពស់ជាងនេះទៅទៀត»។
លោកបន្តថា ភាពជាដៃគូរបស់អង្គការណាសា ជាមួយក្រុមហ៊ុនបូអ៊ីង ក្នុងការផលិត និងសាកល្បងយន្តហោះច្រកផ្លូវតែ ១ គឺជាគោលដៅដែលនឹងជួយនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម នាពេលអនាគតសន្សំសំចៃប្រេងបានច្រើនជាងមុនរួមជាមួយនឹងអត្ថប្រយោជន៍ដល់បរិស្ថាន ឧស្សាហកម្មអាកាសចរណ៍ពាណិជ្ជកម្ម និងអ្នកដំណើរនៅទូទាំងពិភពលោក។
លោក Nelson បន្ថែមថា៖ «ប្រសិនបើយើងជោគជ័យ យើងអាចនឹងឃើញបច្ចេកវិទ្យាទាំងនេះនៅក្នុងយន្តហោះដែលសាធារណជនប្រើលើអាកាស នៅទសវត្សរ៍ឆ្នាំ ២០៣០ ខាងមុខ»។
លោកថា ការហោះហើរសាកល្បងលើកដំបូងនៃយន្តហោះពិសោធន៍នេះ គ្រោងនឹងធ្វើឡើង នៅឆ្នាំ ២០២៨។
យោងតាមអង្គការណាសា ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនពឹងផ្អែកលើយន្តហោះខ្នាតតូច ដែលរួមចំណែកជិតពាក់កណ្ដាលនៃការបំភាយឧស្ម័ន ក្នុងវិស័យអាកាសចរណ៍ នៅទូទាំងពិភពលោក។ ការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ អាចគាំទ្រដល់គោលដៅរបស់រដ្ឋបាលលោក បៃដិន ក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូន ក្នុងវិស័យអាកាសចរណ៍នៅត្រឹមឆ្នាំ ២០៥០ ដូចមានចែងក្នុងផែនការសកម្មភាពអាកាសធាតុអាកាសចរណ៍របស់សហរដ្ឋអាមេរិក។
បន្ថែមពីលើនេះក្រុមហ៊ុនបូអ៊ីង បានប៉ាន់ប្រមាណថា តម្រូវការសម្រាប់យន្តហោះច្រកផ្លូវតែ ១ ថ្មី នឹងកើនឡើងចំនួន ៤០ ០០០ នៅចន្លោះឆ្នាំ ២០៣៥-២០៥០។
លក្ខណពិសេសគឺថា ការរចនាយន្តហោះ ដែលនឹងផលិតរួមគ្នាដោយណាសា និងបូអ៊ីង នឹងអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន បានរហូតដល់ ៣០ ភាគរយ ធៀបទៅនឹងយន្តហោះដែលសន្សំសំចៃប្រេងបំផុត នាពេលបច្ចុប្បន្ននេះ។ យន្តហោះនេះនឹងផលិតឡើងដូចរូបរាងយន្តហោះ Transonic Truss-Braced Wing របស់បូអ៊ីងដែលមានស្លាបស្ដើងវែងទប់ដោយអង្កត់ភ្ជាប់ពីស្លាបទៅយន្តហោះ ហើយវាក៏នឹងបញ្ចូលបច្ចេកវិទ្យាអាកាសចរណ៍បៃតងផ្សេងៗទៀតផងដែរ។
អ្នកគ្រប់គ្រងរងរបស់អង្គការណាសា នៅនាយកដ្ឋានបេសកកម្មស្រាវជ្រាវអាកាសចរណ៍លោក Bob Pearce និយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «អង្គការណាសា កំពុងធ្វើការឆ្ពោះទៅរកគោលដៅប្រកបដោយមហិច្ឆតា ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផ្លាស់ប្តូរហ្គេម ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអាកាសចរណ៍ និងការបំភាយឧស្ម័នក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ ឆ្ពោះទៅរកគោលដៅសហគមន៍អាកាសចរណ៍នៃអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០»៕