​របាយការណ៍​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ Oxford ដែល​ចេញផ្សាយ កាលពី​ថ្ងៃទី​ ១៩ ខែមករា បាន​រកឃើញថា ដើមឈើ​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​លើ​ការ​ស្រូបយក​កាបូនឌីអុកស៊ីត (CO2) ២ ប៊ី​លាន​តោន​ពី​បរិយាកាស​ផែនដី​ក្នុង​ ១ ​ឆ្នាំៗ បើទោះបីជា​មានការ​វិនិយោគ​កាន់តែច្រើន​ឡើងលើ​បច្ចេកវិទ្យា​ថ្មី ក្នុង​ការ​ស្រូបយក​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក៏ដោយ​។​

​របាយការណ៍​ចុងក្រោយ​នេះ គឺជា​លទ្ធផល​ស្រាវជ្រាវ​ដំបូង​គេ ដែល​វាយតម្លៃថា តើ​ពិភព​លោក​សម្រេច​បានការ​ស្រូបយក CO2 ចេញពី​បរិយាកាស​ប៉ុន្មាន ហើយ​ត្រូវការ​ប៉ុន្មាន​ទៀត​។

​របាយការណ៍​បាន​ប៉ាន់​ប្រ​មាណ​ថា ពិភពលោក​ត្រូវ តែ​សម្រេច​បានការ​ស្រូបយក CO2 ចេញពី​បរិយាកាស​ប្រហែល ១ ៣០០ ​ដង​ច្រើន ជាង​លទ្ធភាព​នៃ​ការ​ស្រូបយក​របស់​បច្ចេកវិទ្យា​ថ្មី​បច្ចុប្បន្ន ឬ ២ ​ដង​ច្រើនជាង​ពី​ដើមឈើ និង​ដី ត្រឹម​ឆ្នាំ​ ២០៥០ ដើម្បី​កំណត់​សីតុណ្ហភាព​ឱ្យនៅ​ខាងក្រោម ២​ អង្សា​សេ បើ​ធៀប​នឹង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ដូច​មាន ចែង ក្នុង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​។​


​អ្នកវិទ្យាសាស្ត្រ​ផ្នែក​អា​កាស​ធាតុ​នៃ​សាកល​វិទ្យា​ល័យ Oxford លោក Steve Smith និយាយថា​៖ «​ការ​ស្រូបយក CO2 ចេញ កំពុង​ផ្លាស់ប្តូរ​របៀបវារៈ​យ៉ាង​ឆាប់រហ័ស​»​។

​ប៉ុន្តែ​លោក​ថា ទោះបី​ជាមាន ការកើនឡើង​នូវ​ការចាប់ អា​​រ​ម្មណ៍ និង​ការវិនិយោគ​ក៏ដោយ ក៏មាន​ចន្លោះប្រហោង​យ៉ាង​ធំ​លើ​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះដែរ​។​


​ការ​ស្រូបយក​ឧស្ម័ន CO2 ជាប់​ពាក់ព័ន្ធ​នឹង​ការចាប់យក​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​បរិយាកាស ហើយ​រក្សាទុក​មិន​ថា ក្នុង​ស្រទាប់ផែនដី​មហាសមុទ្រ ទម្រង់​ភូមិសាស្ត្រ ឬ​នៅក្នុង​ផលិតផល​ក្នុង​រយៈពេល​យូរ​។ រហូតមកដល់​បច្ចុប្បន្ន​ការ​ស្រូប​យកចេញ​នូវ​ឧស្ម័ន​កាបូ​និ​ច​ស្ទើរតែ​ទាំងអស់ ត្រូវបាន​សម្រេច​តាមរយៈ​វិធានការ ដូចជា​ការដាំ​ដើមឈើ និង​ការគ្រប់គ្រង​ដី​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ ​២០២២ ការ​​វិនិយោគ​ជា​សាកល​លើ​ការ​ស្រូប​យកចេញ​ CO2 ថ្មី ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រហែល ២០០​ លាន​ដុល្លារ​អាមេរិក ខណៈ​ទឹកប្រាក់​ចំនួន​ ៤​ ប៊ី​លាន​ដុល្លារ​ត្រូវបាន​បញ្ចូល​ទៅក្នុង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ដែល​ផ្តល់​មូលនិធិ​ជា​សា​ធារ​ណៈ ចាប់តាំងពី​ឆ្នាំ​ ២០១០​។

​ទោះបីជា​ប្រទេស​នានា មិនមាន​គម្រោង​ប្រើប្រាស់​ការ​ស្រូបយក CO2 ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អាកាសធាតុ​រយៈពេល​ខ្លី​ត្រឹម​ឆ្នាំ​ ២០៣០ ក៏ដោយ ក៏​ប្រទេស​ជាច្រើន​ចាត់ទុក​វិធានការ​នេះ​ថា វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ពួកគេ ដើម្បី​សម្រេចបាន​អព្យាក្រឹត​កាបូន នៅ​ឆ្នាំ​ ២០៥០៕

វីដេអូ៖