
ប៉ូលិសកាន់កាប់ទីតាំងឈរជើងនៅខាងក្រៅការិយាល័យអភិបាលក្រុង ជាកន្លែងដែលការប្រយុទ្ធគ្នាដោយកាំភ្លើងបានផ្ទុះឡើង បន្ទាប់ពីការផ្ទុះត្រូវបានរាយការណ៍នៅទីក្រុង Mogadishu កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣។ AFP
យោធាអាមេរិកបាននិយាយថា ការវាយប្រហារផ្លូវអាកាសរបស់អាមេរិក ដើម្បីជួយកងទ័ពរដ្ឋាភិបាលសូម៉ាលី បានបណ្តាលឱ្យជនសកម្មប្រយុទ្ធ al-Shabab ប្រហែល ៣០ នាក់ស្លាប់។
ប្រតិបត្តិការនោះ បានកើតឡើងនៅជិតទីក្រុង Galcad ប្រហែល ២៦០ គីឡូម៉ែត្រ ភាគឦសាននៃរដ្ឋធានី ម៉ូហ្គាឌីស្យូ។
កាលពី ២-៣ សប្តាហ៍កន្លងទៅនេះ កងទ័ពសូម៉ាលី និងក្រុមសកម្មប្រយុទ្ធ al-Shabab បានប្រយុទ្ធគ្នាដណ្តើមគ្រប់គ្រងទីក្រុងនេះ។
ទីបញ្ជាការកងទ័ពអាមេរិកនៅអាហ្វ្រិក បាននិយាយថា ការវាយប្រហារផ្លូវអាកាសកាលពីថ្ងៃសុក្រ បានកើតឡើង ខណៈដែលកងទ័ពកំពុងត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធជាង ១០០ នាក់ ។
មុនការវាយប្រហារនោះ បានកើនក្រុមអ៊ិស្លាមនិយម បានសម្លាប់ទាហាន ៧ នាក់ បន្ទាប់ពីវាយលុកមូលដ្ឋានយោធានៅទីក្រុង Galcad ។
ក្រសួងព័ត៌មានសូម៉ាលី បាននិយាយថា ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ ត្រូវបានសម្លាប់។
ក្រុម Al-Shabab បានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលកណ្តាលរបស់ប្រទេសសូម៉ាលី តាំងពីឆ្នាំ ២០០៦ ក្នុងគោលបំណងបណ្តេញរបបអ៊ិស្លាមជ្រុលនិយម។ ទោះបីជាពួកគេ ត្រូវបានបណ្តេញចេញពីទីក្រុងម៉ូហ្គាឌីស្យូ និងតំបន់ដទៃទៀតក្តី ក៏ពួកគេ នៅតែបន្តវាយប្រហារទៅលើគោលដៅយោធា និងជនស៊ីវិល។
កាលពីថ្ងៃចន្ទសប្តាហ៍មុន រដ្ឋាភិបាលសូម៉ាលី បាននិយាយថា កងទ័ព និងកងជីវពលក្នុងស្រុករបស់ខ្លួន បានដណ្តើមយកទីក្រុងកំពង់ផែ Harardhere ជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុម al-Shabab ចាប់តាំងពីឆ្នាំ ២០១០ មក។
នៅក្នុងរបាយការណ៍របស់ខ្លួនអំពីការប្រយុទ្ធគ្នានៅទីក្រុង Galcad ទីបញ្ជាការរបស់អាមេរិកនៅអាហ្វ្រិក បានឱ្យដឹងថា រថយន្តចំនួន៣ គ្រឿងរបស់ក្រុម al-Shabab ត្រូវបានបំផ្លាញ ហើយទីបញ្ជាការនេះ បានវាយតម្លៃថា មិនមានជនស៊ីវិលណាម្នាក់រងរបួស ឬស្លាប់នោះ ទេ។ ព័ត៌មានលម្អិត មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យឡើយ។
របាយការណ៍នោះ បានឱ្យដឹងទៀតថា៖ «កងកម្លាំងរបស់បញ្ជាការរបស់អាមេរិកនៅអាហ្វ្រិក នឹងបន្តការហ្វឹកហ្វឺន ណែនាំ និងបំពាក់កងកម្លាំងដៃគូ ដើម្បីជួយផ្តល់ឧបករណ៍ដែលពួកគេត្រូវការ ដើម្បីកម្ចាត់ក្រុម al-Shabab ដែលជាបណ្តាញក្រុមអាល់កៃដាដ៏ធំ និងខ្លាំងបំផុត នៅក្នុងពិភពលោក»៕
វីដេអូ៖