
អនុប្រធានក្រុមហ៊ុន BeiGene លោកវេជ្ជបណ្ឌិត Du Zhengming ធ្វើបទបង្ហាញអំពីក្រុមហ៊ុនដល់អ្នកសារព័ត៌មានបរទេសនៅទីក្រុង Suzhou ខេត្ត Jiavince នាពេលកន្លងទៅ។ AFP
បណ្ដាក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់ប្រទេសចិន កំពុងប្រឈមនឹងការដែលមិនអាចរកប្រាក់ចំណេញបានដោយសារតែគោលនយោបាយកំណត់តម្លៃឱសថរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្អាក់ដល់ការប៉ុនប៉ងបង្កើតឧស្សាហកម្មឱសថ ដើម្បីរកប្រាក់ចំណេញក្នុងស្រុកតាមរយៈទីផ្សារមូលធន។
ចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនដែលទើបនឹងចាប់ផ្តើមអាជីវកម្មជីវបច្ចេកវិទ្យាវេជ្ជសាស្ត្រ រួមមានដូចជាក្រុមហ៊ុន Bei Gene ក្រុមហ៊ុន Zai Lab និងក្រុមហ៊ុន R meGen ជាដើម ចុះបញ្ជីក្នុងការដេញថ្លៃផ្សារហ៊ុនឱ្យបានឆាប់ ដើម្បីជំរុញកំណើនឧស្សាហកម្មមួយនេះ និងដើម្បីជួយក្រុមហ៊ុនក្នុងស្រុកឱ្យបង្កើតឱសថថ្មីៗប្រកបដោយនវានុវត្តន៍។
ចាប់តាំងពីឆ្នាំ ២០១៨ មក ក្រុមហ៊ុនដែលអាចផលិតថ្នាំកើនឡើងរហូតដល់ទៅ ៤០ ក្រុមហ៊ុន ដែលបានបង្កើតឡើងនៅក្នុងទីក្រុងហុងកុងក្រោមច្បាប់ចុះបញ្ជីពិសេសសម្រាប់ក្រុមហ៊ុនជីវបច្ចេកវិទ្យាមុនរកប្រាក់ចំណូល។ ប៉ុន្តែជិត ៥ ឆ្នាំចុងក្រោយនេះគ្មានក្រុមហ៊ុនណាមួយ ក្នុងចំណោមក្រុមហ៊ុនទាំងអស់អាចរកប្រាក់ចំណេញបាននោះទេ។ នេះបើយោងតាមការវិភាគរបស់ Financial Times ទៅលើទិន្នន័យសាធារណៈមួយចំនួន។
វាមិនមែនជារឿងចម្លែកអ្វីនោះទេ សម្រាប់ក្រុមហ៊ុនជីវបច្ចេកវិទ្យា ក្នុងការដែលត្រូវការរយៈពេលយូរ ដើម្បីអាចទទួលបានផលចំណេញពីការផលិតឱសថរបស់ខ្លួន ប៉ុន្តែកំណែទម្រង់គោលនយោបាយរបស់ទីក្រុងប៉េកាំងស្តីពីការកំណត់តម្លៃឱសថបានចោទជាសំណួរថា តើពួកគេអាចមានឱកាសជោគជ័យលើអាជីវកម្មជីវបច្ចេកវិទ្យាមួយនេះ ឬក៏យ៉ាងណា?
គួរបញ្ជាក់ថា តាមរយៈកម្មវិធីផ្ដល់សំណងនៅប្រទេសចិន មន្ទីរពេទ្យភាគច្រើនទិញឱសថពីក្រុមហ៊ុនផលិតឱសថក្នុងតម្លៃ ដែលបានចរចារួចជាមុនជាមួយរដ្ឋាភិបាល ហើយមន្ទីរពេទ្យទាំងនោះនឹងទទួលបានសំណងពីរដ្ឋាភិបាលទៅលើការចំណាយទិញឱសថមួយចំនួនរបស់ពួកគេ។ ដូច្នេះវាធ្វើឱ្យមានការពិបាកដល់ក្រុមហ៊ុនផលិតឱសថ ក្នុងការកំណត់តម្លៃឱសថ ដោយខ្លួនឯង។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះរដ្ឋាភិបាលបានពង្រីកចំនួនផលិតផលឱសថជា ច្រើនចូលទៅក្នុងកម្មវិធីផ្ដល់សំណង ដើម្បីអាចរួមបញ្ចូលឱសថថ្មីៗដែលទើបរកឃើញ និងដែលទើបទទួលបាននីយ បត្រតក្កកម្ម។ ការដែលមិនអាចលក់ក្នុងតម្លៃខ្ពស់សម្រាប់ឱសថដែលទើបនឹងរកឃើញថ្មី ក្រុមហ៊ុនផលិតឱសថទាំងអស់ត្រូវជួបការលំបាកក្នុងការប្រមូលកម្រៃ ដើម្បីយកទៅទប់ជាមួយចំណាយលើការស្រាវជ្រាវរកឱសថរបស់ពួកគេ។
ការចរចាតម្លៃចុងក្រោយបំផុតត្រូវបានធ្វើឡើងនៅដើមខែមករា ដោយរដ្ឋាភិបាលចិនបានដាក់បញ្ចូលប្រភេទថ្នាំថ្មីៗជាច្រើនសរុបចំនួន ១១១ មុខទៅក្នុងបញ្ជីនៃកម្មវិធីសំណងដោយកាត់បន្ថយតម្លៃលក់ចេញពីក្រុមហ៊ុនជាមធ្យម ៦០ ភាគរយប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។
លោក ចាវ ពិង (Zhao Bing) អ្នកវិភាគនៅក្រុមហ៊ុនមូលបត្រមួយឈ្មោះថា Huajing Securities បានលើកឡើងថា៖ «កំណែទម្រង់ការទូទាត់នេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៨ ហើយវាបានប៉ះពាល់ដល់ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតឱសថជាខ្លាំង»។
គួរកត់សម្គាល់ថា នៅទីក្រុងហុងកុង ក្រុមហ៊ុនជីវបច្ចេកវិទ្យាបានដួលរលំរហូតដល់ទៅ ៣០ % ក្នុងឆ្នាំ ២០២២ ហើយជាង ៣/៤ កំពុងជួញដូរនៅផ្សារហ៊ុន ក្រោមតម្លៃភាគហ៊ុនរបស់ពួកគេ។ ល្បឿននៃការ ចុះបញ្ជីចូលក្នុងផ្សារហ៊ុនថ្មី ក៏បានធ្លាក់ចុះពាក់កណ្តាលផងដែរ គឺពីចំនួន ៩ ក្រុមហ៊ុន ក្នុងឆ្នាំ ២០២១ មកនៅត្រឹម ៥ ក្រុមហ៊ុនប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២។
លោក ជូ ផាយ (Zhu Pai) អ្នកគ្រប់គ្រងនៅក្រុមហ៊ុន Efung Capital ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានលើកឡើងថា៖ «គម្រោងមួយចំនួនដែលរំពឹងថា នឹងលក់បានរាប់ពាន់លានយន់ (ប្រាក់ចិន) បែរជាអាចលក់បានត្រឹមតែរាប់រយលានយន់ទៅវិញ ហើយក្រុមហ៊ុនបានរកឃើញថា ពួកគេមិនអាចទប់ទល់នឹងការចំណាយលើការស្រាវជ្រាវដ៏ធំរបស់ពួកគេបានទេជាពិសេសការចំណាយលើការអភិវឌ្ឍ និងការគាំទ្រលើការស្រាវជ្រាវជាបន្តបន្ទាប់ទៅមុខទៀត»។ លោកបានបន្ថែមថា៖«វិស័យជីវបច្ចេកវិទ្យារបស់ប្រទេសចិន បានរងផលប៉ះពាល់យ៉ាងខ្លាំងកាលពីឆ្នាំមុន»។
ការរងសម្ពាធពីគោលនយោបាយនេះ បាននាំឱ្យមានរលកនៃការបង្រួបបង្រួមគ្នាខ្លះៗដែរ។ ជាក់ស្ដែងក្រុមហ៊ុន Harbor BioMed ដែលផ្តោតលើការផលិតថ្នាំព្យាបាលជំងឺមហារីកផ្នែកភាពស៊ាំ បានលក់រោងចក្រ នៅទីក្រុង Suzhou របស់ខ្លួនទៅឱ្យក្រុមហ៊ុន Wuxi Vaccines។ រីឯក្រុមហ៊ុនផលិតថ្នាំមហារីកមួយទៀតឈ្មោះថា Cstone Pharmaceuticals បានបញ្ឈប់ប្រតិបត្តិការរោងចក្រ នៅទីក្រុង Suzhou របស់ខ្លួន កាលពីដើមខែវិច្ឆិកា ដើម្បីកាត់បន្ថយការចំណាយកាន់តែច្រើន។
លោក Josh Smiley ប្រធានផ្នែកប្រតិបត្តិការនៅមន្ទីរពិសោធន៍ Zai Lab ដែលជាក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុននៅ Nasdaq និង HKEX និងដែលមានតម្លៃសរុបប្រមាណជាជាង ៨ប៊ីលានដុល្លារ បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា យើងទទួលបានសំណួរជាច្រើន ហើយមិត្តរួមការងារទាំងអស់របស់យើងក៏ដូចគ្នាដែរ គឺសំណួរជុំវិញប្រាក់ចំណេញរបស់ក្រុមហ៊ុន»។
លោក Smiley បានបន្តថា៖ «ការរកចំណូលសព្វថ្ងៃនេះ មានការពិបាកជាងពីមុន»។ លោកបន្ថែមថា នៅមន្ទីរពិ សោធន៍ Zai Lab នៅអាចរកប្រាក់ចំណេញបានខ្លះ ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំ។ ដោយឡែក គោលនយោបាយកូវីដសូន្យរបស់ចិន និងវិធានការរឹតបន្តឹងផ្សេងៗ បានពន្យឺតដំណើរការអនុម័តលើការស្រាវជ្រាវ និងការអភិវឌ្ឍឱសថ ដោយសារការលំបាក ក្នុងការជ្រើសរើសអ្នកជំងឺ សម្រាប់ការធ្វើតេស្ដសាកល្បងព្យាបាល។
ម្យ៉ាងវិញទៀត ចំនួនឱសថថ្មី ដែលត្រូវបានអនុញ្ញាតឱ្យមានការផលិត ដោយក្រុមហ៊ុន ក្នុងស្រុក កាលពីឆ្នាំ ២០២២ មានត្រឹមតែ ១១ មុខប៉ុណ្ណោះ គិតត្រឹមពាក់កណ្តាលខែធ្នូ ដែលតួលេខនេះទាបជាងឆ្នាំ ២០២១ ដែលមានរហូតដល់ទៅ ៣១ មុខ។ នេះបើយោងតាមការស្រាវជ្រាវដោយក្រុមហ៊ុនមូលបត្រ Shenwan Hongyuan Securities។
គួរដឹងដែរថា ក្រៅពីបណ្ដាអាជីវកម្មផលិតឱសថ ដែលទើបនឹងចាប់ផ្ដើម ប្រទេសចិនបានមានការរីកចម្រើនរួចទៅហើយលើវិស័យឧស្សាហកម្មផ្នែកឱសថរបស់ខ្លួន ដោយកាលពីឆ្នាំ ២០២១ ប្រាក់ចំណូលក្នុងវិស័យនេះបានកើនឡើងរហូតដល់ទៅ ១៩ភាគរយឯណោះ ប៉ុន្តែក្រុមហ៊ុនផលិតឱសថភាគច្រើនជាក្រុមហ៊ុនផលិតឱសថទូទៅ ហើយភាគច្រើនមានមូលដ្ឋាននៅក្រៅប្រទេស ជាជាងការ ផលិតនៅក្នុងស្រុកដោយខ្លួនឯង។
ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិនជំនាន់ក្រោយៗនេះ ទទួលបានអត្ថប្រយោជន៍ជាច្រើនពីកំណែទម្រង់ជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០១៥ ដោយរដ្ឋាភិបាលចិន បានសន្យាថា នឹងពន្លឿនការអនុម័តលើដំណើរការអភិវឌ្ឍឱសថ ខណៈ ដែលខ្លួនកំពុងបង្កើនវិធានការ និងបទប្បញ្ញត្តិឱ្យស្របតាមស្តង់ដាអន្តរជាតិ។ ប៉ុន្តែ ៣ ឆ្នាំក្រោយមក អាជ្ញាធរចិន បានដាក់ចេញនូវច្បាប់កំណត់តម្លៃថ្មី ដើម្បីកាត់បន្ថយថវិកាថែទាំសុខភាពរបស់រដ្ឋាភិបាល និងការចំណាយលើអ្នកជំងឺឯកជនដែលការណ៍នេះ ធ្វើឱ្យអ្នកវិនិយោគមានការខកចិត្តយ៉ាងខ្លាំង។
លោក Jordan Liu ជំនួយការនៅក្រុមហ៊ុន Bain បានលើកឡើងថា៖ «ខ្ញុំគិតថា ដំណើរការទីផ្សារ ហាក់បីដូចជាបានបង្ហាញឱ្យយើងថា យើងប្រហែលជាត្រូវប្រុងប្រយ័ត្នឱ្យបានច្រើនជាងនេះ ចំពោះទស្សនវិស័យពាណិជ្ជកម្ម»៕