រដ្ឋ​បាល​អាមេរិក​របស់​លោក​ប្រធានា​ធិបតី ចូ បៃដិន កាលពី​ពេល​ថ្មីៗ​នេះ បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​លើ​ក្រុង​ប៉េកាំង ក្រោយ​មាន​ភស្តុតាង ដែល​បង្ហាញ​ថា ក្រុមហ៊ុន​ចិន​បាន​លក់​បរិក្ខារ​យោធា​ធុន​ស្រាល​ទៅឱ្យ​រុស្ស៊ី ដើម្បី​យកទៅ​ប្រើ នៅក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើតាម​ការចុះផ្សាយ កាលពី​ថ្ងៃ​ចន្ទ​របស់​បណ្ដាញ​ព័ត៌មាន CNN ដែល​ស្រង់​សម្ដី​ប្រភព​មន្ត្រី​អាមេរិក ២ ​រូប​ជា​អនាមិក។


CNN បាន​ស្រង់​សម្ដី​ប្រភព​ជាច្រើន ដែល​ដឹង​ព័ត៌មាន​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​អាមេរិក និង​អឺរ៉ុប ដើម្បី​បញ្ជាក់​បន្ថែម​ទៀត​ថា បរិក្ខារ​យោធា​ទាំងនោះ រួមមាន​របស់របរ​ដូច​ជា​អាវ​ក្រោះ និង​មួក​សុវត្ថិភាព​ជាដើម ប៉ុន្តែ​ចិន​មិនបាន​ផ្ដល់ជំនួយ​ធំៗ ដើម្បី​ពង្រឹង​យោធា​រុស្ស៊ី តាម​ការស្នើសុំ​របស់​ក្រុង​ម៉ូស្គូ​នោះទេ។


យ៉ាងណា​មិញ ប្រភព​មន្ត្រី​អាមេរិក​ម្នាក់ បាន​លើកឡើង​ថា ការ​ផ្គត់ផ្គង់​បរិក្ខារ​យោធា​បែបនេះ កំពុង​ធ្វើឱ្យ​មាន​ការ​ព្រួយបារម្ភ ប៉ុន្តែ​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន អាមេរិក​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​រដ្ឋា​ភិបាល​កណ្តាល​ចិន បាន​ដឹង​អំពី​បញ្ហា​នេះដែរ ឬ​យ៉ាងណា។ ទោះបី​ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​នានា គ្រប​ដណ្ដប់​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ក៏ដោយ មិនមែន​ទាំងអស់​សុទ្ធតែ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​ប្រចាំ​ថ្ងៃ​នោះទេ។


មន្ត្រី​អាមេរិក​ទី​២ បាន​អះអាង​ថា មន្ត្រី​អាមេរិក​មួយចំនួន​ជឿ​ថា រដ្ឋា​ភិបាល​ចិន​ដឹង​ពី​ការ​ផ្គត់ផ្គង់​បរិក្ខារ​ទៅ​រុស្ស៊ី ហើយ​គួរតែ​ចាត់​វិធានការ ដើម្បី​បញ្ឈប់​ពួកគេ។ ខណៈ​រដ្ឋបាល បៃដិន នៅតែ​ថ្លឹងថ្លែង​ពី​ផល​ប៉ះពាល់ និង​ភាព​សំខាន់​ជា​រួម​នៃ​ការផ្គត់ផ្គង់​នោះ វា​គឺជា​បញ្ហា​នៃ​ការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង ក្នុង​ចំណោម​មន្ត្រី​អាមេរិក។ យ៉ាងណា​មិញ CNN បាន​ចុះផ្សាយ​ថា មន្ត្រី​អាមេរិក​ទាំង ២​រូប បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទំនាក់ទំនង រវាង​រដ្ឋ​បាល បៃដិន និង​ទីក្រុង​ប៉េកាំង​លើ​បញ្ហា​នេះ។


ហើយ​គិត​ត្រឹម​ថ្ងៃ​អង្គារ ស្ថាន​ទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន មិន​បាន​ឆ្លើយតប​យ៉ាងណា​ទេ ជុំវិញ​បញ្ហា​នេះ នៅពេល CNN និង​បណ្ដាញ​ព័ត៌មាន Bloomberg ព្យាយាម​សុំ​ការ​ពន្យល់​បន្ថែម។ បើតាម Bloomberg ដែល​ស្រង់​សម្ដី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដូចគ្នា រដ្ឋបាល​បៃដិន កំពុង​ពិនិត្យ​មើល​លើ​ភ័ស្តុតាង ហើយ​ប្រសិនបើ​រកឃើញ​ថា ក្រុមហ៊ុន​ចិន​បាន​គាំទ្រ​ការឈ្លានពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​នោះ វា​នឹងមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​គោល​នយោបាយ​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​រុស្ស៊ី និង​ចិន។


គួររំឭក​ថា ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​អាមេរិក​លើ​អ៊ុយក្រែន គឺ​ការ​កាត់ផ្ដាច់​រដ្ឋា​ភិបាល​របស់លោក​ប្រធានា​ធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ឱ្យ​នៅ​ឯកោ និង​បង្ខូច​សេដ្ឋកិច្ច​រុស្ស៊ី ដើម្បី​រារាំង​ដំណើរ​ការ​សង្គ្រាម។ ការ​កើនឡើង​នៃ​ការ​គាំទ្រ​ពី​ប្រទេស​ចិន ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​២ របស់​ពិភពលោក អាច​កាត់បន្ថយ​ប្រសទ្ធិ​ភាព​នៃ​យុទ្ធសាស្ត្រ​នោះ ហើយ​ទាញ​ការ​ឆ្លើយតប​ពី​អាមេរិក។ ពេល​សង្គ្រាម​ឈ្លានពាន​ទើប​ផ្ទុះ​ឡើង​ភ្លាមៗ ជំនួយ​ការ​កំពូល​របស់​ប្រធានា​ធិបតី​លោក ចូ បៃដិន បាន​ចេញ​ការព្រមាន​ដល់​ប្រទេស​ចិន​អំពី​ផលវិបាក ដែល​អាច​កើតមាន ប្រសិនបើ​ចិន​ជ្រើសរើស​គាំទ្រ​រុស្ស៊ី ក្នុង​ជម្លោះ។

ការ​ផ្គត់ផ្គង់​រុស្ស៊ី​នូវ​បរិក្ខារ​ពី​ចិន ក៏​នឹង​តំណាង​ឱ្យ​ភាព​ស៊ី​ជម្រៅ​នៃ​ភាពជា​ដៃគូ​ចិន-រុស្ស៊ី។ មក​ទល់​ពេលនេះ ចិន​មិន​បាន​ថ្កោលទោស​សកម្ម​ភាព​រុស្ស៊ី នៅ​អ៊ុយក្រែន​នោះទេ ផ្ទុយទៅ​វិញ ចិន​បាន​ពង្រឹង​ទំនាក់​ទំនង​កាន់តែ​ខ្លាំង​ឡើង ជា​ពិសេស​ផ្នែក​សេដ្ឋកិច្ច ទន្ទឹម​នឹង​ការធ្វើ​សមយុទ្ធ​យោធា​ជាច្រើន​លើក​ផ្សេង​ទៀត។ មុន​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែល​រុស្ស៊ី​បើក​ការ​វាយ​លុក​អ៊ុយក្រែន ចិន និង​រុស្ស៊ី ​បាន​ប្រកាស​ជា​សាធារណៈ​នូវ​ចំណង​មិត្តភាព «គ្មាន​ដែន​កំណត់»។

យ៉ាងណា​មិញ ក៏​មានការ​គួរឱ្យ​កត់សម្គាល់​ផងដែរ​ថា សកម្មភាព​យោធា​របស់​រុស្ស៊ី​បង្ក​ឱ្យ​មាន​ការ​ព្រួត​គ្នា​ថ្កោលទោស ដែល​ជា​ដាក់​ទណ្ឌកម្ម​លើ​ក្រុង​ម៉ូស្គូ​ពី​សហ​គមន៍​អន្តរជាតិ ជាពិសេស​លោកខាងលិច ដែល​ធ្វើ​ឱ្យ​ចិន​ប្រុង​ប្រយ័ត្ន ដោយ​មិន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​យោធា ចំពោះ​រុស្ស៊ី​តាម​ការស្នើសុំ។ ប្រភព​ដែល​ដឹង​ព័ត៌មាន​ពី​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក អះអាងថា ចិន ដែល​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ស៊ីជម្រៅ​ជាមួយ​លោកខាងលិច ជា​ជាង​ជាមួយ​រុស្ស៊ី ចង់​ជៀស​វាង​ការខឹង​សម្បា​ពី​សហគមន៍​អន្តរ​ជាតិ។

ប្រភព​ដែល CNN និង Bloomberg បាន​ស្រង់​សម្ដី បាន​ឱ្យដឹង​ថា មន្ត្រី​អាមេរិក​ជឿជាក់​ថា នៅ​ដើម​ដំបូង​នៃ​សង្គ្រាម ប្រទេស​ចិន​មាន​បំណង​លក់​អាវុធ​ធុន​ធ្ងន់​ទៅ​ឱ្យ​រុស្ស៊ី ដើម្បី​យកទៅ​ប្រើប្រាស់ នៅ​អ៊ុយក្រែន។ យ៉ាងណា​មិញ ចិន​បាន​ថ្លឹងថ្លែង​យ៉ាងខ្លាំង​លើ​ផែនការ​ទាំងនោះ​ចាប់តាំងពី​ពេលនោះ​មក ជា​អ្វី​ដែល​រដ្ឋបាល​បៃដិន ចាត់ទុក​ថា ជា​ជ័យជម្នះ។

គួរ​គូស​បញ្ជាក់​ថា ការ​វិវឌ្ឍ​ចុង​ក្រោយនេះ ត្រូវ​បាន​រាយការណ៍​ឡើង បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក លោកស្រី Janet Yellen បាន​ជួប​ឧបនា​យករដ្ឋ​មន្ត្រី​ចិន លោក Liu He កាល​ពី​សប្តាហ៍​មុន ខណៈ​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក អង់តូនី ប្ល៊ីងកែន គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច នៅ​ទីក្រុង​ប៉េកាំង នៅ​ដើម​ខែ​កុម្ភៈ​ខាងមុខ ដើម្បី​ពិភាក្សា​បន្ត​ទាក់ទង​នឹង​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​ជាមួយ​ចិន។

កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន បន្ទាប់​ពី​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ចិន លោក ប្ល៊ីងកែន បាន​និយាយ​ថា លោក​មាន​ការ​ព្រួយបារម្ភ ចំពោះ​អំពី​ការ​ត្រូវ​រ៉ូវ​គ្នា រវាង​ចិន និង​រុស្ស៊ី។ លោក​ថ្លែង​យ៉ាង​ដូច្នេះ នៅពេល​នោះ​ថា​៖ «ឥឡូវនេះ អ្វី​ដែល​អ្នក​បាន​ឮ​ពី​ទីក្រុង​ប៉េកាំង គឺ​ការអះអាង​ពី​អព្យា​ក្រឹតភាព។ ខ្ញុំ​នឹង​ចាប់ផ្តើម​ជាមួយនឹង​ការ​លើក​ឡើង​ថា វា​ពិបាក​ណាស់​ក្នុងការ​មាន​អព្យាក្រឹត​នៅពេល​និយាយ​ពី​ការឈ្លានពាន​របស់​រុស្ស៊ី។ អ្នក​ឈ្លានពាន​ក៏​ច្បាស់ អ្នក​រងគ្រោះ​ដោយ​ការឈ្លាន ពាន​ក៏​ច្បាស់»។

ជាមួយគ្នា​នេះ កាលពី​ចុងខែ​ធ្នូ លោក ស៊ី និង​លោក ពូទីន បាន​យល់ព្រម​គ្នា​ក្នុង​កិច្ចសន្ទនា​ទូរស័ព្ទ​មួយ អំពី​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជ​កម្ម ថាមពល ហិរញ្ញវត្ថុ និង​កសិកម្ម។ យ៉ាងណាមិញ លោក ស៊ី បាន​ប្រាប់​លោក ពូ​ទីន ថា ទីក្រុង​ប៉េកាំង​នឹង​បន្ត​ដើរ​តួនាទី​ស្ថាបនា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ «វិបត្តិ» នៅ​អ៊ុយក្រែន ទោះបីជា​ផ្លូវ​ឆ្ពោះទៅកាន់​កិច្ចចរចា​សន្តិ​ភាពមិន​រលូន​ក៏ដោយ៕

វីដេអូ៖