ក្រុម​ឃ្លាំមើល​សុវត្ថិភាព​អុីន​ធឺណិត​របស់​ប្រទេស​កូរ៉េខាងត្បូង បានឱ្យដឹង​កាលពីថ្ងៃពុធ​ថា ​ក្រុម​ហែក​ឃើរ​ចិន​ ១ ក្រុម​ បាន​បើក​ការវាយ​ប្រហារ​តាម​អ៊ីនធឺណិត​ប្រឆាំង​នឹង​ស្ថាប័នសិក្សា​ចំនួន​ ១២ ​របស់​កូរ៉េ​ខាងត្បូង ប៉ុន្តែមិនបាន​បង្កឱ្យមាន​ការ​ខូចខាត​ធ្ងន់ធ្ងរនទេ​។


ទីភ្នាក់ងារ​អុីនធឺណិត​ និង​សន្តិសុខ​កូរ៉េ (KISA) បាន​និយាយ​ថា ក្រុម​អ្នក​វាយ​ប្រហារ បាន​លួច​ចូល​គេហទំព័រ​របស់​ស្ថាប័ន​ចំនួន ១២ កាលពី​ថ្ងៃ​អាទិត្យ ​ក្នុង​នោះ​មាន​ នាយកដ្ឋាន​មួយចំនួន​នៃ​សាកល​វិទ្យាល័យ​ Jeju និង​សាកលវិទ្យាល័យ​អប់រំជាតិ​កូរ៉េ​។

ភាគច្រើន​ក្នុង​ចំណោម​គេហទំព័រ​ទាំង ​១២​ នោះ​ រួមទាំង​វិទ្យាស្ថាន​ស្រាវជ្រាវ​កូរ៉េ​សម្រាប់​គោលនយោបាយ​សំណង់ នៅតែ​មិន​អាច​ចូល​ប្រើ​បាន រហូត​ដល់​ម៉ោង​ ២ រសៀល​ថ្ងៃ​ពុធ​។


មន្ត្រីម្នាក់ នៅក្រសួង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា​​ព័ត៌មាន​វិទ្យា ​និងទូរ​គមនាគមន៍ (ICT) បានប្រាប់ទីភ្នាក់ងារ ព័ត៌មាន Yonhap ថា ស្ថាប័នដែល ត្រូវ បានវាយប្រហារ មានការខ្វះខាតសន្តិសុខតាមអ៊ីនធឺណិត ហើយ ការ វាយ ប្រហារនេះ ហាក់ដូច ជា មិន បង្កឱ្យ មានការរំលោភទិន្នន័យផ្ទាល់ខ្លួនធ្ងន់ធ្ងរនោះទេ។


KISA បាន​និយាយថា ក្រុមហែក​ឃើរ​ រប​ស់​ចិន​បាន​ព្រមាន​ពី​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ប្រឆាំង​នឹង​ក្រុម​ភ្នាក់ងារ​របស់កូរ៉េ​ខាង​ត្បូង ​ក្នុង​នោះមាន​ KISA​ ផងដែរ​។


ប៉ុន្តែ​គេហ​ទំព័រ​របស់​អង្គការ​ឃ្លាំ​មើល​អ៊ីនធឺណិត ​មិន​មាន​ការ​​ប៉ះពាល់​អ្វីនោះទេ​។

ក្រុមហែក​ឃើរ​ចិន​ ដែល​កំណត់​អត្តសញ្ញាណ​ខ្លួនឯង​ថា​ ជា​ក្រុម​សន្តិសុខ​តាម​អ៊ីនធឺណិត​បាន​​អះអាង​ថា ខ្លួន​បាន​សម្រប​សម្រួល​ដោយ​ជោគជ័យ​នូវ​បណ្តាញ​កុំព្យូទ័រ​របស់​ស្ថាប័នអប់រំកូរ៉េខាង​ត្បូង​ចំនួន​៧០​ នៅ​​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំថ្មី ​ពី​ថ្ងៃសៅរ៍ រហូត​ដល់​ថ្ងៃអង្គារ​។

ក្រុម​​នេះ ក៏បាន​ព្រមានថា​ ខ្លួន​នឹង​បង្ហាញ​ទិន្នន័យ​ចំនួន​ ៥៤​ ជីហ្គាបៃ​ត៍ ​ដែលត្រូវ​បាន​អះអា​ង​ថា ​​បាន​លួច​ពីរដ្ឋាភិបាល​ និង​ស្ថាប័ន​សាធារណៈ​របស់​កូរ៉េ​ខាងត្បូង​។

ក្រសួង​វិទ្យាសាស្ត្រី បាន​ស្នើ​ឱ្យ​​ប​ណ្តា​ទីភ្នាក់ងា​ររដ្ឋាភិបាល ​និង​បុគ្គល​មួយ​ចំនួន​​ប្រុង​ប្រយ័ត្ន​នឹង​ការ​គំរាមកំហែង​ពី​ក្រុម​ហែក​ឃើរ ​ដែល​កំពុង​កើន​ឡើង​នេះ។

លោករដ្ឋ​មន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ Lee Jong-ho បាន​ទៅទស្សនកិច្ច​មជ្ឈមណ្ឌល​សន្តិសុខ​អុីន​ធឺណិត ​១ ​ថ្ងៃមុន​នេះ ​ដើម្បី​ពិ​និត្យ​មើលស្ថាន​ភាព​សន្តិសុខ​ប្រឆាំង​នឹង​លទ្ធភាព​វាយប្រហារ​តាម​អ៊ីនធឺណិត​។

ក្រសួង​បាន​ឱ្យដឹងថា​ ខ្លួន​បាន​តាមដាន​សកម្មភាព​របស់​ក្រុមនេះ​យ៉ាង​ហ្មត់​ចត់​ ដើម្បី​ទប់​ស្កា​ត់​លទ្ធភាព​វាយ​ប្រហារ​បន្ថែម​ទៀត​៕ ​