​លោក Mykhailo Podolyak ដែលជា​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បាន​និយាយថា អ៊ុយ​ក្រែ​ន​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​លោកខាងលិច ដើម្បី​សុំឱ្យ​ជួយ​បញ្ជូន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដោយបាន​លើកឡើងថា អាវុធ​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ការពារ​កុំឱ្យ​រុស្ស៊ី​បំផ្លាញ​ទីក្រុង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​


​ទង្វើ​នេះ កើតឡើង​បន្ទាប់ពី​សម្ព័ន្ធមិត្ត​លោកខាងលិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សន្យាថា នឹង​ជួយ​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​ទៅកាន់​អ៊ុយ​ក្រែ​ន ខណៈដែល​មាន​សេចក្ដីរាយការណ៍​ពី​បណ្ដាញសារព័ត៌មាន​ថា អ៊ុយ​ក្រែ​ន កំពុង​ត្រៀម​សុំឱ្យ​ប្រទេស​នានា​ជួយ​បញ្ជូន​យន្តហោះ​ចម្បាំង​មក​ផងដែរ ដើម្បី​វាយប្រហារ​កងកម្លាំង​រុស្ស៊ី​ដែល​ឥឡូវនេះ​បាន​រុល​មកកាន់​សមរភូមិ​មុខ​យ៉ាង​យឺតៗ​។​


​លោក Podolyak បាន​ប្រាប់​ទូរទស្សន៍ Freedom របស់​អ៊ុយ​ក្រែ​ន​ថា​៖ «​ដើម្បី​កាត់ បន្ថយ​អាវុធ​សំខាន់ៗ​របស់​កងទ័ព​រុស្ស៊ី​ប្រកបដោយ​ប្រសិទ្ធភាព ដូចជា​កាំភ្លើង​ធំ​ដែល​ធ្វើការ​បាញ់​យ៉ាង​សន្ធាប់ នៅ​ខ្សែត្រៀម​ជួរមុខ​នោះ យើង​ត្រូវការ​មី​ស៊ី​ល ដែល​អាច​បំផ្លាញ​ឃ្លាំង​អាវុធ​របស់​រុស្ស៊ី​បាន​» ដោយ​លោក​បាន​បន្ថែមថា មាន​ឃ្លាំង​កាំភ្លើង​ធំ​ចំនួន​ជាង ​១០០​ កន្លែង​នៅ​គ្រី​មា​។​«​ដូច្នេះ​ជំហាន​ជាដំបូង យើង​កំពុងធ្វើការ​ចរចា​។ ជំហាន​ទី​២ គឺថា ការចរចា​កំពុង​ប្រព្រឹត្ត​ទៅក្នុង​ល្បឿន​យ៉ាង​លឿន​»​។ លោក​ទីប្រឹក្សា​បានបញ្ជាក់​បន្ថែម​។​


​ចំណែក​លោក ហ្សេ​ឡេ​ន​ស្គី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​អ៊ុយ​ក្រែ​ន​ត្រូវការ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បី​ទប់ស្កាត់​រុស្ស៊ី ក្នុងការ​មានឱកាស ដាក់ពង្រាយ​មី​ស៊ី​ល ក្នុង​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ខ្សែត្រៀម​ជួរមុខ ដើម្បី​បំផ្លាញ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ។​


​ទោះជា​យ៉ាងណាក្ដី លោក ហ្សេ​ឡេ​ន​ស្គី ក៏បាន​ប្រាប់​ដែរ​ថា អ៊ុយ​ក្រែ​ន​ចង់បាន​មី​ស៊ី​ល ATACMS របស់​អាមេរិក​ដែល​អាច​បាញ់​បាន​ចម្ងាយ ២៩៧ ​គីឡូម៉ែត្រ ប៉ុន្តែ​សហរដ្ឋអាមេរិក​តែងតែបាន​បដិសេធ​ជានិច្ច​ក្នុងការ​បញ្ជូន​អាវុធ​បែបនេះ​ទៅ​អ៊ុយ​ក្រែ​ន ហេតុដូច្នេះ​ត្រូវ​នៅចាំ​មើលថា តើ​ការចរចា​លើក​នេះ​នឹង​បង្កើត​លទ្ធផល​ដែល​អ៊ុយ​ក្រែ​ន​មានសង្ឃឹម ឬ​យ៉ាងណា​?


វីដេអូ៖