កូរ៉េខាងជើងបដិសេធថា មិនបានផ្តល់អាវុធដល់ប្រទេសរុស្ស៊ីទេ
កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ បានបដិសេធថា មិនបានផ្តល់អាវុធដល់ទីក្រុងម៉ូស្គូ បន្ទាប់ពីអាមេរិក បាននិយាយថា រដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានផ្គត់ផ្គង់គ្រាប់រ៉ុក្កែត និងមីស៊ីល ដល់ក្រុមយោធាឯកជនរបស់រុស្ស៊ី Wagner។
កាលពីដើមខែនេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់តាំងក្រុម Wagner ថា ជាអង្គការឧក្រិដ្ឋ កម្មឆ្លងដែន ដោយលើកឡើងពីទំនាក់ទំនងអាវុធរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សេតវិមានបានបង្ហាញរូបថត ស៊ើបការណ៍សម្ងាត់របស់អាមេរិកអំពីរថយន្តរត់លើផ្លូវដែករបស់រុស្ស៊ីដែលចូលទៅប្រទេសកូរ៉េខាងជើង ដោយបានផ្ទុកគ្រាប់រ៉ុក្កែត និងមីស៊ីល ហើយត្រឡប់ទៅប្រទេសរុស្ស៊ីវិញ។ នេះបើយោងតាមអ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានទទួលមន្ត្រីជាន់ ខ្ពស់កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់នេះ ដោយព្រមានថា អាមេរិក នឹងប្រឈមមុខនឹងលទ្ធផលដែលមិនចង់បានប្រសិនបើនៅតែបន្តផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដែលបង្កើតដោយខ្លួនឯងនោះ។
លោក Kwon Jong Gun អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាមេរិក បានថ្លែងថា៖ «ការព្យាយាមធ្វើឱ្យខូចមុខមាត់ (កូរ៉េខាងជើង) ដោយការបង្កើតរឿងមិនអាចកើតឡើងគឺជាការបង្កហេតុយ៉ាងធ្ងន់ធ្ងរ ដែលមានអាចត្រូវបានអនុញ្ញាតឱ្យកើតមាន។
លោកក៏បានហៅកាធ្វើបែបនេះថា ជាកិច្ចប្រឹងប្រែងឆ្កួតឡប់ ដើម្បីធ្វើឱ្យការផ្តល់អាវុធ របស់ខ្លួនដល់អ៊ុយក្រែនត្រឹមត្រូវ។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថា នឹងផ្តល់រថក្រោះ Abrams ចំនួន ៣១ គ្រឿង ដែលជាអាវុធដ៏មានឥទ្ធិពលបំផុត និងទំនើបបំផុតនៅក្នុងជួរកងទ័ពអាមេរិក ដើម្បីជួយទីក្រុងកៀវប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់ទីក្រុងម៉ូស្គូ។
ចំណាត់ការនេះបានទាក់ទាញការស្តីបន្ទោសកាលពីថ្ងៃសុក្រពីលោកស្រី គីម យូចុង ជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានឆ្លងខ្សែបន្ទាត់ក្រហមបន្ថែមទៀត ដោយបញ្ជូនរថក្រោះជាច្រើនគ្រឿងចូលទៅក្នុងអ៊ុយក្រែន។
រួមជាមួយនឹងប្រទេសចិន រុស្ស៊ីគឺជាមិត្តមួយក្នុងចំណោមមិត្តអន្តរជាតិនានា របស់កូរ៉េខាងជើង ហើយធ្លាប់បានជួយរបបនេះ។
ក្រៅពីប្រទេសស៊ីរី និងរុស្ស៊ី កូរ៉េខាងជើង គឺជាប្រទេសដែលបានទទួលស្គាល់ឯករាជ្យរបស់ Luhansk និង Donetsk ជាតំបន់បំបែកខ្លួនទាំង២គាំទ្រដោយរុស្ស៊ីនៅអ៊ុយក្រែនភាគខាងកើត។
ប្រទេសរុស្ស៊ី ជាសមាជិក ១ នៃសមាជិកអចិន្រ្ដៃទាំង ៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រកាន់ជំហរប្រឆាំងនឹងការបង្កើនសម្ពាធលើប្រទេសកូរ៉េខាងជើង ដែល មានអាវុធនុយក្លេអ៊ែរ ដោយបានស្នើសុំការបន្ធូរបន្ថយទណ្ឌកម្មពីអន្តរជាតិសម្រាប់ហេតុផលមនុស្សធម៌។
លោក គីម ជុងអ៊ុន បានប្រកាសថា ប្រទេសកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ មិនអាចផ្លាស់ប្តូរបាន នៅក្នុងខែកញ្ញា ហើយប្រទេសនេះ បានធ្វើតេស្តអាវុធទប់ស្កាត់ទណ្ឌកម្មស្ទើរតែរៀងរាល់ខែកាលពីឆ្នាំមុន រួមទាំងការបាញ់មីស៊ីលអន្តរទ្វីបកម្រិតខ្ពស់បំផុតរបស់ខ្លួនផង៕