នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Rishi Sunak កាលពី​ថ្ងៃអាទិត្យ បាន​បញ្ជា​ដក​លោក Nadhim Zahawi ដែលជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម និង​ជា​រដ្ឋមន្ត្រី ពោល​គឺជា​មន្ត្រី​មិនមាន​ពាក់ព័ន្ធ​នឹង​ជាមួយ​ក្រសួង​ណាមួយ​ឡើយ ប៉ុន្តែ​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​សេចក្តី សម្រេច​របស់​គណៈរដ្ឋមន្ត្រី ចេញពី​អាសនៈ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ក្រោយពី​លទ្ធផល​នៃ​ការស៊ើបអង្កេត បាន​បញ្ជាក់ថា លោក Zahawi បាន​បំពាន​ក្រមសីលធម៌​ក្នុងនាម​ជា​រដ្ឋមន្ត្រី ដោយ​លោក​មិនបាន​បង្ហាញថា រូបលោក​ត្រូវបាន​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ករណី​បង់ពន្ធ​នោះទេ​។​


​លោក Laurie Magnus ដែលជា​គណៈកម្មការ​ប្រឹក្សា​ឯករាជ្យ ដើម្បី​ស៊ើបអង្កេត​ករណីនេះ បានបញ្ជាក់​ដូច្នេះ​ថា លោក Zahawi ពិតជា​បាន​បំពាន​ក្រមសីលធម៌​នៃ​ការធ្វើជា​រដ្ឋមន្ត្រី​យ៉ាងធ្ងន់ធ្ងរ​។ លោក Zahawi មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ប្រាក់ចំណូល និង​ការបង់ពន្ធ​របស់លោក​ទេ​ចាប់តាំងពី​លោក​បានតែងតាំង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ក្រោម​អតីត​នាយករដ្ឋមន្ត្រី​លោក Boris Johnson ហើយ​បាន​បរាជ័យ​ក្នុងការ​ផ្តល់ព័ត៌មាន​នេះ​ទៀត​ខណៈ​កាន់តំណែង​សំខាន់​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​បើទោះបីជា​សេវា​ពន្ធគយ និង​ប្រាក់ចំណូល​របស់​ចក្រភព​អង់គ្លេស (HMRC) បាននិងកំពុង​ស៊ើបអង្កេត​ប្រវត្តិ​ពន្ធ​របស់គាត់​អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​ក្ដី​។​

​លោក Magnus ក៏​សរសេរ​របាយការណ៍​ស​ង្ខេ​ប​ឱ្យ​លោក Sunak បានដឹង​ផងដែរ​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ​ដោយ​បញ្ជាក់ថា​៖ «​លោក Zahawi សម្រេចចិត្ត​លាក់កំបាំង​បញ្ហា​នេះ​ទុក​ពោលគឺ​វា​ជា​អ្វីដែល​មិនបាន​បំពេញ​តាម​ក្រមសីលធម៌​កម្រិត​ខ្ពស់​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ម្នាក់ ហើយ​ក្នុងនាម​លោក​ជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស លោក​តែងតែ​រំពឹង​ចង់បាន​ទង្វើ​នោះ​ពី​សមាជិក​រដ្ឋាភិបាលរ​បស់​ខ្លួន​»​។​


​ខណៈដែល​លោក Zahawi បាន​សារភាពថា រឿងនេះ​គឺ​បណ្តាលមកពី​ការធ្វេសប្រហែស​របស់លោក​ក្នុងការ​មិនបាន​បញ្ចេញ​ប្រាក់ចំណូល​របស់លោក​ឱ្យបាន​ត្រឹមត្រូវ​ដល់​មន្ត្រី​រដ្ឋាភិបាល​ដោយ​លោក​ក៏បាន​ទទូច​ដែរ​ថា លោក​មិន​មានបំណង​គេច​ពី​ការបង់ពន្ធ ឬ​បង់ពន្ធ​តិចជាង​ចំនួន ដែល​គួរ​បង់​នោះទេ ហើយ​លោក​បាន​បញ្ជាក់ថា លោក​បាន​បង់ប្រាក់​ពិន័យ​ទៅ HMRC រួចរាល់​ហើយ​។​


​ខាង​គណបក្សប្រឆាំង​បាន​វាយ ប្រហារ​លោក Sunak ដោយ​លើកឡើងថា លោក​ជា​អ្នកដឹកនាំ​ប្រទេស​ដ៏​ខ្សោយ គ្មាន​ភាពច្បាស់លាស់ ពន្យារ​ពេលវេលា​ដើម្បី​ស៊ើបអង្កេត​បញ្ហា​នេះ ជាជាង​សម្រេច​ដក​លោក Zahawi ភ្លាមៗ នៅពេលដែល​ព័ត៌មាន​លម្អិត​នៃ​ករណី​ពន្ធ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈហើយ​វា​ទំនងជា​ភាពចលាចល នៅក្នុង​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស ក្រោម​ការដឹកនាំ​របស់​លោក Sunak មិនទាន់​បញ្ចប់​នៅឡើយ​ទេ បន្ទាប់ពី​ឧបនាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក Dominic Raab ក៏​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ផងដែរ ចំពោះ​ការប្រព្រឹត្ត​មិន​សមរម្យ ដោយ​បង្កាច់បង្ខូច​មន្ត្រី​រដ្ឋាភិបាល ដែលមាន​ឋានៈ​ទាប​ជាង​ដែល​នេះ​អាច​នាំឱ្យមាន​ការផ្លាស់ប្តូ​រ​មន្ត្រី​រដ្ឋាភិបាល​នេះ​ម្ដងទៀត​៕