ប្រធានាធិបតី​តួ​ក​គី​លោក រ៉េ​សិប តៃ​យី​ប អេ​រ​ដូ​ហ្គែ​ន បានផ្ដល់​សញ្ញា​ថា ក្រុង​អង់កា​រ៉ា​អាច​ទទួលយក​ប្រទេស​ហ្វាំ​ង​ឡង់​ឱ្យចូល​ជា​សមាជិក​អង្គការ​ណា​តូ ខណៈដែល​បិទផ្លូវ​ស៊ុយអែត​ក្រោម​ភាព​តានតឹង​ចុងក្រោយ​។​

​លោក អេ​រ​ដូ​ហ្គែ​ន បានផ្ដល់​សញ្ញា​បែបនេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​តួ​ក​គី​បាន​ផ្អាក​កិច្ចពិភាក្សា​ស្តីពី​ការចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ​របស់​ប្រទេស​ណ័​រ​ឌិ​ក​ទាំង ​២ ក្រោយ​មានការ​តវ៉ា​ក្បែរ​ស្ថានទូត​តួ​ក​គី ក្នុង​ទីក្រុង​ស្តុក​ខុល (​ស៊ុយអែត​) ដោយ​អ្នកនយោបាយ​ស្ដាំនិយម​ម្នាក់​ដុត​ច្បាប់​ចម្លង​គម្ពីរ​កូ​រ៉ា​ន​របស់​សាសនា​អ៊ិ​ស្លាម​។​

​លោក អេ​រ​ដូ​ហ្គែ​ន ថ្លែង​ក្នុង​សុន្ទរកថា ដែល​ចាក់ផ្សាយ​តាម​ទូរទស្សន៍ កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​យើង​អាច​ផ្តល់​សារ​ផ្សេង សម្រាប់​ហ្វាំ​ង​ឡង់ (​ចំពោះ​ពាក្យស្នើសុំ​ចូល​ណា​តូ​របស់​ពួកគេ​) ហើយ​ស៊ុយអែត​នឹង​ភ្ញាក់ផ្អើល​នៅពេល​ពួកគេ​ឃើញ​សារ​របស់​យើង​។ ប៉ុន្តែ​ហ្វាំ​ង​ឡង់​មិនគួរ​មាន​កំហុស ដូចគ្នា​ដែល​ស៊ុយអែត​បានធ្វើ​នោះទេ​»​។​


​គួរ​គូសបញ្ជាក់ថា ស៊ុយអែត និង​ហ្វាំ​ង​ឡង់ បាន​បោះចោល​ជំហរ​អព្យាក្រឹត​របស់ខ្លួន ហើយ​ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​ណា​តូ កាលពី​ឆ្នាំមុន បន្ទាប់ពី​រុស្ស៊ី​ចូលលុកលុយ​អ៊ុយ​ក្រែ​ន​។ យ៉ាងណាមិញ ប្រទេស​ទាំង​២ អាច​ក្លាយជា​សមាជិក​ពេញសិទ្ធិ​បាន​លុះត្រាតែ​មានការ​ព្រមព្រៀង​ពី​គ្រប់​សមាជិក ខណៈ​មានតែ​ប្រទេស​តួ​ក​គី និង​ហុង​គ្រី ប៉ុណ្ណោះ​ដែល​មិនទាន់​ធ្វើ​ដូច្នេះ​។ ខណៈ​ទំនាស់​ជាមួយ​តួ​ក​គី​រង​ភាព​តានតឹង​កាន់តែខ្លាំង សភា​ហុង​គ្រី ត្រូវបាន​គេ​រំពឹងថា នឹង​អនុម័ត​ការសម្រេចចិត្ត នៅ​ខែកុម្ភៈ​។​

​កន្លងមក តួ​ក​គី​ប្រកាន់​ជំហរ​ទទួលយក​ស៊ុយអែត​ឱ្យចូល​ណា​តូ លុះត្រាតែ​ប្រទេស​នេះ​ធ្វើ​បត្យាប័ន​មនុស្ស​រាប់សិប​នាក់ ដែល​ទីក្រុង​អង់កា​រ៉ា​ចាត់ទុកថា មាន​ទំនាក់ទំនង​ជាមួយ​គណ​បក្ស​ពលករ​ឃើ​ដ (PKK)​ ជា​ក្រុម​ដែល​តួ​ក​គី​ដាក់ចូល​ក្នុង​បញ្ជី​អង្គការ​ភេរវកម្ម ហើយ​ស្ថិតនៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ ២០១៦​។​


​ក្នុង​សុន្ទរកថា​នៃ​ថ្ងៃអាទិត្យ​ដដែល លោក អេ​រ​ដូ​ហ្គែ​ន ដែល​ត្រៀមខ្លួន សម្រាប់​ការ បោះឆ្នោត នៅ​ខែឧសភា​ខាងមុខ​បានទាមទារ​ជាថ្មី​ម្តងទៀត​ឱ្យ​ស៊ុយអែត​ប្រគល់​ជន សង្ស័យ ដែល​រង​ការចោទប្រកាន់​ចំនួន ១២០​ នាក់​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​អ្នក​ពិតជា​ចង់​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​ពិតមែន​អ្នកនឹង​ប្រគល់​ភេរវ​ករ​ទាំងនេះ​មក​ពួកយើង​។ អ្នកនឹង​បញ្ជូន​ភេរវជន​ទាំងនេះ​មក​យើង​ដើម្បី​អាច​ចូលរួម​ជាមួយ​ណា​តូ​»​។​

​ជុំវិញ​បញ្ហា​នេះ​ផងដែរ នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Ulf Kristersson បាន​ថ្លែងថា ប្រទេស​របស់លោក ចង់​ចាប់ ផ្តើម​កិច្ចសន្ទនា​ចូល​អង្គការ​ណា​តូ​ជាមួយ​តួ​ក​គី​ឡើងវិញ​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ក្រសួងការបរទេស​តួ​ក​គី​បានចេញ​សេចក្ដី​ព្រមាន​អំពី​ការធ្វើដំណើរ​សម្រាប់ បណ្តា​ប្រទេស នៅ​អឺរ៉ុប​នានា ជុំវិញ​បាតុកម្ម​ប្រឆាំង​តួ​ក​គី និង​អ្វីដែល​ខ្លួន​ពណ៌នា​ថា ជា​ «​ការប្រឆាំង​នឹង​សាសនា​អ៊ិ​ស្លាម​»​។

សេចក្ដី​ព្រមាន​នោះ ធ្វើឡើង​បន្ទាប់ពី​ក្រសួងការបរទេស​តួ​ក​គី​ដដែល​លើក ឡើង​ថា វា​គ្មាន​ន័យ​នោះទេ ក្នុងការ​ចាប់ផ្ដើម​កិច្ច សន្ទនា​ឡើងវិញ​។​

​គួរ​រំឭក​ផងដែរ​ថា ក្រោយ​បាតុកម្ម​ប្រឆាំង​តួ​ក​គី និង​ដុត​គម្ពីរ​កូ​រ៉ា​ន​នៅ​ទីក្រុង​ស្តុក​ខុល លោក អេ​រ​ដូ​ហ្គែ​ន បាន​ព្រមាន​កាលពីដើម​សប្ដាហ៍​មុន​ផងដែរ​ថា ស៊ុយអែត​មិនបាច់​រំពឹង​ឱ្យ​ក្រុង​អង់កា​រ៉ា​គាំទ្រ​ខ្លួន ដើម្បី​ក្លាយជា​សមាជិក​អង្គការ​ណា​តូ​នោះទេ​។

​គួរ​គូសបញ្ជាក់ថា ក្រុមគាំទ្រ​ឃើ​ដ បាន​គ្រវីទង់ជាតិ​របស់ PKK និង​ក្រុម​មាន​ទំនាក់ទំនង​ជាមួយគ្នា​ផ្សេងទៀត ក្នុងអំឡុងពេល​ការតវ៉ា នៅក្នុង​ប្រទេស​ស៊ុយអែត ដែល​រៀបចំឡើង ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការសន្យា​របស់​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​ក្នុងការ​ទប់ស្កាត់​សកម្មភាព PKK ក្នុងប្រទេស​ណ័​រ​ឌិ​ក​ទាំង ​២ ដើម្បី​បំពេញ​តាម​ការទាមទារ​របស់​តួ​ក​គី ជា​ថ្នូរ​មួយ ដើម្បី​ចូលរួម​ជាមួយ​ណា​តូ​។ ស៊ុយអែត​បាន​ថ្កោលទោស​នឹង​សកម្មភាព ក្នុង​បាតុកម្ម​នោះ ប៉ុន្តែ​បាន​និយាយ​ការពារ​ពី​សិទ្ធិសេរីភាព​បញ្ចេញមតិ ក្នុងប្រទេស​របស់ខ្លួន​។

​បញ្ហា​ចុងក្រោយ ក្រោម​ជំហរ​របស់​តួ​ក​គី​នេះ ធ្វើឱ្យមាន​ការជជែក​ដេញដោល​ថា តើ​ហ្វាំ​ង​ឡង់ អាច​នឹង​ចូល​ណា​តូ មុនពេល​ស៊ុយអែត ឬ​យ៉ាងណា​?

វីដេអូ៖