ការិយាល័យប្រធានាធិបតីបានឱ្យដឹងថា លោកប្រធានាធិបតី Yoon Suk Yeol និងស្ត្រីទី១ លោកស្រី Kim Keon Hee កាលពីថ្ងៃអង្គារ បានជួបជាមួយកុមារកម្ពុជាម្នាក់ ដែលបានទទួលការវះកាត់បេះដូងនៅទីក្រុងសេអ៊ូល។
ស្ត្រីទី១ បានជួបក្មេងប្រុសអាយុ ១៤ ឆ្នាំ ឈ្មោះ អោក រដ្ឋា ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈដែលលោកស្រីអមដំណើរលោកប្រធានាធិបតី Yoon ពេលបំពេញទស្សនកិច្ចផ្លូវការមួយ គឺចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។
ក្មេងប្រុសរូបនេះ មានជំងឺបេះដូងតាំងពីកំណើត។ គេបានទទួលការវះកាត់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan Medical Center ក្នុងទីក្រុងសេអ៊ូល ក្នុងខែធ្នូ។
លោក Yoon និងលោកស្រី Kim បានជូនពរដល់ក្មេងប្រុសរូបនេះឱ្យឆាប់ជាសះស្បើយពីក្នុងអំឡុងជំនួបនៅការិយាល័យប្រធានាធិបតីក្នុងសង្កាត់ Yongsan នៃទីក្រុងសេអ៊ូល។
ការិយាល័យប្រធានាធិបតី បាននិយាយថា លោក Yoon បានជូនរដ្ឋានូវបាល់ទាត់១ជាកាដូ ដោយបានរំឭកថា រដ្ឋាមិនធ្លាប់លេងកីឡាទេ។ជាថ្នូរនឹងកាដូនោះដែរ រដ្ឋាបានបង្ហាញបណ្ណថ្លែងអំណរគុណដែលមានការតុបតែងដោយផ្កា។
មន្ត្រីជាច្រើនរូបមកពីមន្ទីរពេទ្យ និងក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលបានគាំទ្រការធ្វើដំណើររបស់ រដ្ឋាទៅកាន់ទីក្រុងសេ អ៊ូល ក៏ត្រូវបានអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍នេះផងដែរ។
រដ្ឋាបានទទួលការវះកាត់បេះដូងលើកទី១ ដោយជោគជ័យនៅមន្ទីរពេទ្យ Hebron Medical Center កាលពីឆ្នាំ ២០១៨ ហើយដោយសារតែស្ថានភាពខ្វះខាត ព្រោះសាច់ញាតិ មិនបានបន្តនាំមកព្យាបាលតាមការកំណត់ ក៏ធ្វើឱ្យស្ថានភាពជំងឺរបស់កុមាររូបនេះធ្ងន់ធ្ងរ និងត្រូវការវះកាត់លើកទី ២ ជាបន្ទាន់។
ក្នុងពេលជួបជាមួយកុមារកម្ពុជារូបនេះដល់ផ្ទះដោយផ្ទាល់ដោយសារស្ថានភាពកុមារមិនអំណោយផល លោកស្រី Kim Keon Hee បានថ្លែងលើកទឹកចិត្ត និងបានធានាអះអាងស្វែងរកក្រុមគ្រូពេទ្យ ដើម្បីបញ្ជូនកុមាររូបនេះទៅបន្តព្យាបាលជំងឺនៅកូរ៉េ។
ដកស្រង់សម្តីផ្ទាល់ដោយសារព័ត៌មានកូរ៉េឈ្មោះ Yonhap News លោកស្រី Kim បានបញ្ជាក់ថា៖ «អ្នកប្រាកដជាអាចយកឈ្នះវាបានមែនទេ? ឆាប់ជាសះស្បើយ ហើយចាំជួបគ្នានៅកូរ៉េខាងត្បូង។ ប្រាកដជាមានសង្ឃឹម។ សូមកុំបោះបង់ទោះក្នុងកាលៈទេសៈណាមួយក៏ដោយត្រូវតែបន្តទៅមុខជានិច្ច»។
មន្ទីរពេទ្យ Hebron Medical Center ស្ថិតក្នុងរាជធានីភ្នំពេញ ហើយជាមន្ទីរពេទ្យដែលបង្កើតដោយវេជ្ជបណ្ឌិតកូរ៉េខាងត្បូងឈ្មោះ Kim Woojung កាលពីឆ្នាំ ២០០៧។ មន្ទីរពេទ្យនេះបានផ្តល់ការព្យាបាល និងប្រឹក្សាដល់អ្នកជំងឺជាច្រើន ម៉ឺននាក់ ក្នុង ១ ឆ្នាំៗ ដោយការព្យាបាល និងការផ្តល់ថ្នាំមួយចំនួនរយៈពេល ៧ ថ្ងៃ គឺមិនគិតប្រាក់នោះទេ៕
វីដេអូ៖