សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មបន្ថែមលើប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ទី ៣១ មករា ជាការគម្រប់ខួប ២ ឆ្នាំនៃរដ្ឋប្រហារយោធា ដោយដាក់គោលដៅលើមន្ត្រីនៃក្រសួងថាមពល និងសមាជិកនៃរបបសឹកជាដើម។
តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មលើគណៈកម្មការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា សហគ្រាសរុករករ៉ែទី១ និងទី២ និងមន្ត្រីនៃក្រសួងថាមពលក្នុងចំណោមអ្នកដទៃទៀត។ អ្នកនាំពាក្យក្រសួងរតនាគារបានថ្លែងថា វាជាលើកដំបូងដែលសហរដ្ឋអាមេរិក បានកំណត់គោលដៅទៅលើមន្ត្រីសហគ្រាសប្រេង និងឧស្ម័នមីយ៉ាន់ម៉ា (MOGE) ក្រោមកញ្ចប់ទណ្ឌកម្មលើមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន។
ក្រសួងរតនាគារអាមេរិកគូសបញ្ជាក់ថា ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក បានកំណត់គោលដៅទៅលើនាយកគ្រប់គ្រង និងនាយករងគ្រប់គ្រងនៃ MOGE ដែលជាក្រុមហ៊ុនបង្កើតប្រាក់ចំណូលធំបំផុតតែមួយគត់របស់របបយោធាដែលដឹកនាំដោយលោក មីន អ៊ុងឡាំង។ គួរគូសបញ្ជាក់ថា កន្លងមក ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្ស បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើMOGE ប៉ុន្តែសហរដ្ឋអាមេរិកមិនបានធ្វើដូច្នេះទេ។
ក្រសួងរតនាគារ បានបន្តថា មន្ត្រីក្រសួងថាមពលដែលរងទណ្ឌកម្មតំណាងឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការចូលរួមលើវិស័យថាមពលអន្តរជាតិ និងក្នុងស្រុក និងគ្រប់គ្រងអង្គភាពរបស់រដ្ឋ ដែលពាក់ព័ន្ធនឹងការផលិត និងការនាំចេញប្រេង និងឧស្ម័ន។
ទណ្ឌកម្មចុងក្រោយ ក៏កំណត់គោលដៅលើមន្ត្រីចាស់ និងបច្ចុប្បន្ននៃយោធាមី យ៉ាន់ម៉ាផងដែរ ដោយចោទប្រកាន់កងទ័ពអាកាសថា បានបន្តការវាយប្រហារដោយប្រើយន្តហោះផលិតដោយរុស្ស៊ីប្រឆាំងនឹងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដែលសម្លាប់ទាំងជនស៊ីវិល។
ប្រទេសកាណាដា អូស្ត្រាលី និងចក្រភពអង់គ្លេស ក៏ចូលរួមដាក់ទណ្ឌកម្មថ្មីជាមួយអាមេរិកផងដែរ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ កាណាដាបានកំណត់គោលដៅទណ្ឌកម្មលើបុគ្គលចំនួន ៦ នាក់ ហើយហាមឃាត់ការនាំចេញ ការលក់ ការផ្គត់ផ្គង់ ឬការដឹកជញ្ជូនឥន្ធនៈអាកាសចរណ៍ ខណៈអូស្ត្រាលី បានកំណត់គោលដៅសមាជិករបបយោធា និងក្រុមហ៊ុនគ្រប់គ្រងដោយយោធា។
ដូចគ្នាដែរ ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ២ និងបុគ្គល ២ រូប ចំពោះការជួយផ្គត់ផ្គង់ឥន្ធនៈអាកាសចរណ៍ដល់កម្លាំងទ័ពអាកាសរបស់មីយ៉ាន់ម៉ាដែលធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងពលរដ្ឋខ្លួន។
ទោះជាយ៉ាងណាក៏ដោយ នាយកតស៊ូមតិប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក John Sifton បានថ្លែងថា បូករួមទាំងទណ្ឌកម្មថ្មីនៅថ្ងៃអង្គារសហរដ្ឋអាមេរិកនៅតែមិនផ្គូផ្គងនឹងទណ្ឌកម្មកាន់តែខ្លាំងដែលដាក់ដោយសហភាពអឺរ៉ុប ជាពិសេសនៅពេលនិយាយអំពីប្រាក់ចំណូលពីឧស្ម័នធម្មជាតិ និងធនាគារដែលដំណើរការការទូទាត់ប្រាក់បរទេសក្នុងឧស្សាហកម្មនិស្សារណកម្ម ដែលរួមមានការរុករករ៉ែ ឧស្ម័នធម្មជាតិជាដើម។
គួររំឭកថា ក្រុមយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២១ ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។ ចាប់តាំងពីពេលនោះមក មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចល ជាមួយនឹងការបង្ក្រាបយ៉ាងហិង្សាឃោរឃៅលើសំឡេងប្រឆាំង និងការតវ៉ា ដែលជំទាស់នឹងការគ្រប់គ្រងរបស់របបសឹក ស្របពេលដែលចលនាតស៊ូប្រដាប់អាវុធជាច្រើនបានកើតមាននៅតាមតំបន់នានានៃប្រទេស។
នាពេលនេះ របបសឹកមីយ៉ាន់ម៉ា កំពុងរៀបចំការបោះឆ្នោតតាមគម្រោងនៅខែសីហា ដោយមានគណៈកម្មការបោះឆ្នោតសហភាព ដែលក្រុមយោធាចាត់ចែងឡើង និងរងទណ្ឌកម្មថ្មីរបស់អាមេរិក ជាអ្នករៀបចំ។ ប៉ុន្តែដោយសារការតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេស អ្នកវិភាគនិយាយថា ប្រជាជននៅក្នុងតំបន់ជាច្រើនទំនងជាមិនទៅបោះឆ្នោតព្រោះត្រូវប្រឈមនឹងហានិភ័យផ្សេងៗ។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ការបោះឆ្នោតដែលគ្រប់គ្រងដោយយោធានឹង «បញ្ឆេះអំពើហិង្សាកាន់តែខ្លាំង អូសបន្លាយជម្លោះ និងធ្វើឱ្យការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពកាន់តែពិបាក»៕
វីដេអូ៖