មន្ត្រីជាន់ខ្ពស់​ម្នាក់ដែល​សុំមិន​បញ្ចេញឈ្មោះ​ បាន​និយាយ​កាល​ពីថ្ងៃ​ពុធ​ថា ​ប៉ូលិស​ប៉ាគីស្ថាន ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ២៣ នាក់ ពាក់ព័ន្ធ​នឹងការ​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ិស្លាម​មួយ នៅក្នុង​ទីស្នាក់ការ​ប៉ូលិស ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស ​១០១ នាក់​ស្លាប់​។

មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ខេត្ត ​បាន​ប្រាប់​សារព័ត៌មាន​ AFP ក្នុង​លក្ខខណ្ឌ​អនាមិកថា​ អាជ្ញាធ​រ​ក៏​កំពុង​ស៊ើបអង្កេត​លើ​លទ្ធភាព​ដែល​មនុស្ស​ នៅខាង​ក្នុង​បរិវេណវិហារ​នោះ​ ​បាន​ជួយ​សម្រ​បសម្រួល​ការ​វាយប្រហារ​។

អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ បាន​ចូល​ទៅ​ក្នុង​បរិវេណ​​ដ៏ល្បី​មួយ​​​នៅ​ភាគ​ពាយព្យ​ក្រុងប៉េសាវ៉ារ ហើយ​បាន​បំផ្ទុះគ្រឿងផ្ទុះ​ក្នុង​ចំណោម​ក្រុម​អ្នក​គោរពបូជា​ក្នុង​វិហារអ៊ិស្លាម​របស់​បរិវេណ​នោះ កាល​ពី​ថ្ងៃ​ចន្ទ ដែល​បណ្តាល​ឱ្យ​ជញ្ជាំង​ដួល​រលំ និង​មន្ត្រី​ជា​ច្រើន​ស្លាប់​។


មន្ត្រី​ជាន់ខ្ពស់​រូប​នោះ​ បាន​និយាយ​ទៀតថា៖«យើង​បាន​ឃាត់ខ្លួន​មនុស្ស​ពីជួរ​ប៉ូលិស (ទីស្នាក់​ការ​កណ្តាល) ដើម្បីស្វែង​រក​ការ​ពិត​ពី​របៀប​ដែល​គ្រឿង​​ផ្ទុះ​​ចូល​ទៅ​ដល់​បរិវេណ​ផ្ទុះ​ និង​ដើម្បី​ឱ្យដឹង​ថា​តើ​​មន្ត្រី​ប៉ូលិស​ណា​ខ្លួះ​ដែល​ជាប់​ទាក់ទិន​ក្នុង​ការ​វាយ​ប្រហារ​នោះ?​

«អ្នក​វាយ​ប្រហារ​ និង​អ្នក​សម្រប​សម្រួល​ អាច​មាន​ទំនាក់ទំនង​គ្នានៅ​ខាងក្រៅ​ប្រទេស​ប៉ាគីស្ថាន​»។ ​


លោក​បាន​និយាយ​ថា ​អ្នក​ខ្លះ​ក្នុង​ចំណោម​មនុស្ស​២៣នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​ទីក្រុង​នេះ​ និង​អតីត​តំបន់​កុល​សម្ព័ន្ធ​នៅ​ក្បែរនោះ​ដែល​មាន​ព្រំ​ដែន​ជាប់​អាហ្វហ្គានីស្ថាន​។ ​​

អាជ្ញាធរ​កំពុង​ស៊ើប​អង្កេតថា​តើ​ការ​បំពាន​សន្តិសុខ​ដ៏ធំនេះ​អាច​កើត​ឡើង​នៅក្នុង​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ជា​ច្រើន​ដែលត្រូវ​បាន​ការ​ពារយ៉ា​ងតឹ​ង​​រុឹងនៃ​ទី​ក្រុង​​នេះ​ដែលមាន​​​ការិយាល័យ​​ស៊ើប​ការណ៍​​ និង​ប្រឆាំងភេ​រវកម្ម ​​​និង​ក្បែរ​លេខា​ធិការដ្ឋាន​ក្នុង​តំបន់​។

ក្រុម​សកម្ម​ប្រយុទ្ធ​កម្រិត​ទាប ដែល​ជា​រឿយៗ​កំណត់​គោល​ដៅ​ទៅលើ​ប៉ុស្តិ៍ត្រួត​ពិនិត្យ​សន្តិសុខ បាន​កើនឡើង​ជា​បន្តបន្ទាប់​នៅក្នុង​តំប​ន់ក្បែរ​ទីក្រុងប៉េសាវ៉ារ ជាប់ព្រំដែន​អាហ្វហ្គានីស្ថាន ចាប់តាំង​ពី​ក្រុម​តាលីបង់​ បាន​ដណ្តើម​កាន់កាប់​ទីក្រុង​កាប៊ុល ក្នុងខែ​សីហា ឆ្នាំ២០២១​។

ការ​វាយ​ប្រហារនោះ​ ត្រូវបាន​អះអាង​ភាគច្រើន​ដោយ​ក្រុម​តាលីបង់​ប៉ាគីស្ថាន ក៏ដូចជា ក្រុមIS​នៅ​ក្នុង​តំបន់​ ប៉ុន្តែ​ការវាយ​ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ កម្រ​កើត​ឡើង​ណាស់។

លោក Moazzam Jah Ansari ប្រធាន​កម្លាំង​ប៉ូលិស​ខេត្ត Khyber Pakhtunkhwa ​កាលពី​ថ្ងៃ​អង្គារ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ បាន​ចូលទៅ​ក្នុង​វិហារអ៊ិ​ស្លាម ក្នុង​នាម​ជា​ភ្ញៀវ ដោយ​ប្រើប្រាស់​សារធាតុ​ផ្ទុះ​ពី ១០-១២ គីឡូ​ក្រាម (ប្រហែល ២២-២៦ ផោន) មុននេះ​នាំយក​ទៅ​ទី​តាំង​នោះ​ជា​ចំ​ណែកៗ។​

​លោក​បានបន្ថែម​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ១​ក្រុម​ ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ក្រុម​តាលីបង់​ប៉ាគីស្ថាន​ អាច​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ​។

នេះ​គឺជា​ការ​វាយ​ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ច្រើន​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ ​និង​វិលត្រឡប់​ទៅ​រក​ជាង​កន្លះ​ទសវត្សរ៍​កន្លង​ទៅ​ដែល​ទីក្រុង​ប៉េសាវ៉ារ ​ស្ថិតនៅ​​ចំ​ចំណុច​កណ្តាល​នៃ​អំពើ​ហិង្សា​មិន​អាច​គ្រប់គ្រង​បាន។

ប៉ូលិស​ បាន​និ​យាយថា ​ការ​បំផ្ទុះ​វិហារនេះ​ គឺជា​ការ​វាយប្រហារ​សងសឹក​នឹង​កង​កម្លាំង​ប៉ូលិស​ដែល​​ស្ថិតនៅ​ខ្សែត្រៀម​ជួរ​មុខ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ ចាប់​តាំង​ពី​ក្រុមតាលីបង់​អាហ្វហ្គា​នីស្ថាន វិល​ត្រឡប់​មក​​គ្រប់គ្រង​អំណាច​វិញ​​៕